ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​គ្រោង​រៀបចំ​សណ្តាប់ធ្នាប់​ឡើង​វិញ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​កំពង់ស្ពឺ​និង​ផ្សារ​មាត់​ស្ទឹង ​

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​គ្រោង​នឹង​ធ្វើការ​រៀបចំ​ឡើង​វិញ​នូវ​សណ្តាប់ធ្នាប់​សាធារណៈ សោភ័​ណ​ភាព​បរិស្ថាន អនាម័យ​ជុំវិញ​បរិវេណ​ផ្សារ​កំពង់ស្ពឺ និង​ផ្សារ​មាត់​ស្ទឹង​ស្ថិត​នៅ​ភូមិ​ពាណិជ្ជ​កម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ខណៈ​ដែល​សព្វ​ថ្ងៃនេះ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ដោយសារ​តែ​អ្នក​វិនិយោគ​ផ្សារ​យក​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ធ្វើ​ជា​កន្លែង​លក់ដូរ…

ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​គ្រោង​នឹង​ធ្វើការ​រៀបចំ​ឡើង​វិញ​នូវ​សណ្តាប់ធ្នាប់​សាធារណៈ សោភ័​ណ​ភាព​បរិស្ថាន អនាម័យ​ជុំវិញ​បរិវេណ​ផ្សារ​កំពង់ស្ពឺ និង​ផ្សារ​មាត់​ស្ទឹង​ស្ថិត​នៅ​ភូមិ​ពាណិជ្ជ​កម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ខណៈ​ដែល​សព្វ​ថ្ងៃនេះ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ដោយសារ​តែ​អ្នក​វិនិយោគ​ផ្សារ​យក​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ធ្វើ​ជា​កន្លែង​លក់ដូរ និង​ផ្ញើ​កង់​ម៉ូតូ ។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ច្បារមន នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​។

រដ្ឋបាល​ក្រុង​ច្បារមន បានឱ្យ​ដឹង​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព អនាម័យ​បរិស្ថាន និង​សណ្តាប់​ធ្នាប់​សាធារណៈ ក្នុង​ទីប្រជុំជន​ខេត្តកំពង់ស្ពឺ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង រដ្ឋបាល​ខេត្តកំពង់ស្ពឺ ចាំបាច់​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ស្ថាបនា​កែ​លម្អ នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​ទីតាំង​មួយ​ចំនួន សម្រាប់​ទុកជា​ប្រយោជន៍​រួម​សាធារណៈ​។ ដើម្បី​ឱ្យ​ការ​រៀបចំ​នេះ​មាន​ប្រសិទ្ធិ​ភាព រដ្ឋបាល​ក្រុង​បាន​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ដែល​បាន​និង​កំពុង​ប្រកប​អាជីវកម្ម លក់ដូរ នៅ​ផ្សារ​មាត់​ស្ទឹង និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការ​លក់ដូរ​ទៀត​ឡើយ ដោយ​ទីតាំង​ផ្សារ​មាត់​ស្ទឹង​ត្រូវ​បាន​បញ្ចប់​សុពលភាព​ភាស៊ី​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ហើយ​ទីតាំង​នេះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល​នឹង​ត្រូវ​កែ​លម្អ​ឡើង​វិញ និង​រៀបចំ​ស្ថាបនា​ជា​សួនច្បារ ដាំ​ដើម​ត្នោត​សងខាង​ស្ទឹង​ដែល​ជា​និមិត្តរូប​ខេត្ត ព្រមទាំង​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មាត់​ស្ទឹង​។

ទន្ទឹម​នេះ អាជីវករ​ដែល​កំពុង​លក់ដូរ​មិន​មាន​សណ្តាប់ធ្នាប់ លក់ដូរ​លើ​ដី​ចំណី​ផ្លូវ និង​តាម​សំយាបផ្ទះ នៅ​ជុំវិញ​បរិវេណ​ផ្សារ​កំពង់ស្ពឺ និង​សួន​ដើម​លាភ និង​ជា​ពិសេស​អ្នក​យក​ចំណី​ផ្លូវ​សាធារណៈ​ផ្ញើ​កង់​ម៉ូតូ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សោភ័ណ​ភាព អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការ​លក់ដូរ​ទៀត​ដែរ​។ ដើម្បី​សម្រួល​ដល់​អាជីវករ រដ្ឋបាល​ក្រុង​ច្បារមន​បាន​សហការ​រៀបចំ​នូវ​ទីតាំង​លក់ដូរ​មួយ​កន្លែង​ដោយ​មិន​គិត​ថវិកា​សម្រាប់​ពី​អាជីវករ​ដែល​មិន​មាន​លទ្ធភាព មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ទន្ទឹម​នេះ​អាជ្ញាធរ​ក៏​បាន​ដាក់​ចេញ​ឱសានវាទ​ដល់​ជា​អាជីវករ​ត្រឹមតែ​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់​ការ​រើ​ទៅ​ទីតាំង​ថ្មី ក្នុង​ករណី​មិន​គោរព​តាម​ការ​ណែនាំ រដ្ឋបាល​ក្រុង​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ឡើយ​។

ជុំវិញ​ការ​រៀបចំ​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្ត បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​បាន​ឡើងជា​សំនួរ​ផង​ដែរ​ថា តើ​អាច​ទៅ​រួច​ដែរ​ទេ ព្រោះ​កន្លង​មក​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ក្នុង​អាណត្តិ​អភិបាលខេត្ត​មុន​ក៏​បាន​ធ្វើការ​រៀបចំ និង​រុញ​ឱ្យទៅ​លក់​នៅ​ទីតាំង​ថ្មី​ដែរ តែ​ការ​រើ​ទៅ​ទីតាំង​ថ្មី​មិន​បាន​ប៉ុន្មាន​ថ្ងៃ អាជីវករ​ទាំងអស់​ក៏​វិល​មក​លក់​កន្លែង​ដើម​វិញ និង​ច្រើន​ជាង​មុន​រហូត​ដល់​ផ្លាស់​ប្តូរ​អភិបាលខេត្ត​ថ្មី​ទើប​មាន​ចំណាត់ការ​ម្តងទៀត​។ ​ទោះ​យ៉ាងនេះ​ក៏​ដោយ ពលរដ្ឋ​រំពឹង​ថា ការ​រៀបចំ​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធិ​ភាព និង​តម្លាភាព មិន​ដូច​លើក​មុន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ