ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកភូមិន្ទកាណាដា-អូតាវ៉ា (HMCS Ottawa) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១-៤ ខែកុម្ភៈ គឺក្នុងដំណើរទស្សនកិច្ចល្បាត។
យោងតាមស្ថានទូតកាណាដានៅរាជធានីភ្នំពេញបានឱ្យដឹងថា កងទ័ពជើងទឹកភូមិន្ទកាណាដា (RCN) នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយភាគីជាមិត្តក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរឹតបន្តឹងចំណងមិត្តភាព ដែលរួមមានការល្បាតបង្ហាញ ការលេងកីឡា និងកម្មវិធីចម្រុះក្នុងសហគមន៍។
ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា នៅដើមឆ្នាំ ឆ្នាំ២០២៥ ប្រទេសកាណាដា មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសអំពីដំណើរទស្សនកិច្ច របស់នាវាកងទ័ពជើងទឹកភូមិន្ទកាណាដា អូតាវ៉ា (HMCS Ottawa) ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីលោកវរៈនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម រួមជាមួយនាយនាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ក៏ដូចជាកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរខេត្តផងដែរ។
លោកវរៈនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានជូនពរឱ្យដំណើរទស្សនកិច្ច របស់នាវាកងទ័ពជើងទឹកកាណាដា លើទឹកដីខេត្តព្រះសីហនុរយៈពេល ៤ ថ្ងៃទទួលបានជោគជ័យ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកងទ័ពប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងរក្សាសន្តិសុខលើផ្ទៃសមុទ្រ ទទួលបានលទ្ធផលជាផ្កាផ្លែ។
លោក Adriano Lozer មេបញ្ជាការនាវា HMCS OTTAWA បានមានប្រសាសន៍ថា៖ ក្នុងនាមជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់ HMCS Ottawa នឹងជួយពង្រឹងទំនាក់ទំនងកម្ពុជា-កាណាដា ព្រមទាំងពង្រឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការគោរពច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រជា
ជាតិនៃតំបន់ប៉ាស៊ីហ្វិក ការពង្រឹងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូក្នុងតំបន់ គឺជាអាទិភាពមួយ ហើយកាណាដាមានបំណងជាចម្បង ក្នុងការសហការជាមួយប្រទេសកម្ពុជានាពេលអនាគត។
លោកបន្ថែមថា ប្រទេសកាណាដា មានប្រវត្តិយ៉ាងសំខាន់ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់កម្ពុជា។ ទាហានកាណាដា ចំនួនជាង ១.០០០នាក់ ធ្លាប់បានមកបំពេញបេសកកម្ម នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៤មក។ ទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងគួរឱ្យកត់សម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសកាណាដា គឺជាម្ចាស់ជំនួយធំជាងគេទី១០ របស់កម្ពុជា សម្រាប់ជំនួយអភិវឌ្ឍន៍ ដែលមានទឹកប្រាក់ ២៣,១ លានដុល្លារកាណាដាក្នុងឆ្នាំ ២០២២-២០២៣។
ប្រទេសកាណាដា បានផ្ដល់ជំនួយហិរញ្ញវត្ថុ សម្រាប់រៀបចំសន្និបាតស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស (ហៅម្យ៉ាងទៀតថា អនុសញ្ញាអូតាវ៉ា) នៅខេត្តសៀមរាប នាខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកាណាដាបានប្រកាសផ្តល់ជំនួយបន្ថែម ចំនួន ២.១ លានដុល្លាទៀត បន្ថែមពីលើថវិកាជំនួយជាង៥០លានដុល្លារ ដែលមានស្រាប់របស់កាណាដា សម្រាប់កម្ពុជាក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Ping Kitnikone នឹងអញ្ជើញជាធិបតី ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅលើនាវា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដំណើរទស្សនៈកិច្ចនេះ គឺជាការបង្ហាញអំពីសារៈសំខាន់ នៃទំនាក់ទំនងកម្ពុជា-កាណាដា និងគូសបញ្ជាក់នូវការចូលរួមកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា។
ដំណើរទស្សនកិច្ចតាមនាវា នេះគឺជាឱកាសមួយដ៏មានមានតម្លៃ ដើម្បីបង្ហាញពីភាពជាដៃគូដ៏សំខាន់ ដែលកាណាដាកំពុងបន្តក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើគ្រប់វិស័យ៕
ចែករំលែកព័តមាននេះ