រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចផ្អាកប្រតិបត្តិការការងារជាបណ្តោះអាសន្នរបស់ខ្លួន នៅក្នុងខេត្តចំនួន៨នៅក្នុងប្រទេសកម្ពុជា ក្រោយពីសហ រដ្ឋអាមេរិកផ្តាច់ជំនួយ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៣១ មករា យ៉ាងដូច្នេះថា«ខ្ញុំក្នុងនាមអង្គភាពស៊ីម៉ាក់ មានសេចក្តីសោកស្តាយ សូមជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំង
លើនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។
ឯកឧត្តមបានលើកឡើងពីមូលហេតុថា ការផ្អាកប្រតិបត្តិការនេះ មូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះ ក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមក៏បញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ និងដៃគូអភិវឌ្ឍន៍បានមមារញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។
សូមរំលឹកថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦.៣៥៥.៧២០ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។
បើគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់ទិសខេត្តខាងលើ បានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា រុករកឃើញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ ចំនួន៦៩គ្រាប់។
ក្នុងពេលវេលានេះ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់របស់អង្គភាពស៊ីម៉ាក់ និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផ្សេងទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណើចាំ
បាច់៕
ចែករំលែកព័តមាននេះ