ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្រុងបាត់ដំបង ជាពិសេស កម្លាំងពន្លត់អគ្គិភ័យតែម្ដង ស្ទើរវិលក្បុងទៅនឹងគ្រោះអគ្គិភ័យ ដែលបានកើតឡើងចំនួន០២លើកផ្ទួនៗ ក្នុងរយៈពេល
ត្រឹមកន្លះម៉ោងប៉ុណ្ណោះ នៅថ្ងៃចុងក្រោយនៃខែមករា (៣១,០១,២០២៥) ។
យោងតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី ៣១ មករា អគ្គិភ័យដែលគេមិនទាន់ដឹងពីមូលហេតុជាក់លាក់ បានលេបត្របាក់អស់នូវហាងកាហ្វេមួយកន្លែង នៅក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
របាយការណ៍បានឲ្យដឹងថា ហាងកាហ្វេនោះយីហោ« CALIFORNIA » ដែលមានម្ចាស់ឈ្មោះ
យ៉ាន ចាន់ម៉ាប់ ភេទប្រុស អាយុ៥៦ឆ្នាំ។ ហាងកាហ្វេន ធ្វើពីថ្មក្រោម កញ្ចក់ផ្នែកខាងលើ និងប្រក់ស័ង្កសី ដែលមានទំហំ ០៥ម៉x១២ម៉ ។ ប៉ុន្តែបើតាមម្ចាស់បានប្រាប់សមត្ថកិច្ចថា ហាងកាហ្វេនេះ បានបិទទ្វារទុកចោលប្រមាណ០៣ឆ្នាំកន្លងមកហើយ ។
ជុំវិញករណីនេះ បើតាមរបាយការណ៍ ហាក់មិនទាន់ដឹងពីដើមចមដែលនាំឲ្យកើតមានអគ្គិភ័យ
នេះ។ ប៉ុន្តែសាក្សីនានា ដែលបានឃើញអគ្គិភ័យនេះឆេះឡើងដំបូង គឺចាប់ផ្ដើមពីផ្នែកខាងលើមុន ហើយបានឆេះរាលដាលហាងទាំងមូលតែម្ដង។ ខណៈដែលសមត្ថកិច្ចនិងអាជ្ញាធរ រួមទាំងរថយន្តពន្លត់អគ្គិភ័យ បាននិងកំពុងប្រឹងប្រែងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឆេះហាងកាហ្វេមិនទាន់ថមថយផង ស្រាប់តែមានសេចក្ដីរាយការណ៍ថា «មានអគ្គិភ័យ កំពុងឆេះព្រៃ និងកញ្ជ្រាំងស្រូវ នៅក្នុងបរិវេណក្បែរព្រលានយន្តហោះបែកចាន»។
គ្រោះអគ្គិភ័យដ៏តន់ហន់លើកទី២នេះ បានកើតឡើងនៅម៉ោង១២និង៤០នាទីរសៀលថ្ងៃទី ៣១ មករា នៅក្នុងព្រលានយន្តហោះ«បែកចាន» ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។ ពោល គឺកើតឡើងក្រោយឆេះហាងកាហ្វេរយៈពេល៣០នាទី។ សមត្ថកិច្ចហាក់មិនបានរាយការណ៍លម្អិតទេ ជុំវិញគ្រោះអគ្គិភ័យនៅក្បែរព្រលានយន្តហោះ «បែកចាន» ខាងលើនេះ តែបាននិយាយថា អគ្គិភ័យដែលបង្កឡើងដោយជនមិនស្គាល់មុខ បានដុតព្រៃនេះ បានឆេះព្រៃ ស្មៅ និង កញ្ជ្រាំង នៅក្បែរព្រលានយន្តហោះ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះ។ រថយន្តពន្លតអគ្គិភ័យរបស់ស្នងការខេត្តផង និងរថយន្តពន្លត់អគ្គិភ័យ មកពីអធិការស្រុកសង្កែ នៅក្បែរនោះផង។
ពោល គឺសមត្ថកិច្ច និងអាជ្ញាធរស្ទើរវិលក្បុង ដោយសារតែពន្លត់ភ្លើង«ឆេះហាងកាហ្វេ» មិនទាន
រលត់ស្រួលបួលផង ត្រូវចល័តរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយពន្លត់ភ្លើងព្រៃ ដែលកំពុងឆេះហុយទ្រលោម នៅក្នុងព្រលានយន្តហោះទៀត។ ប៉ុន្តែយ៉ាងណាក្ដី បើតាមមន្ត្រីពន្លត់អគ្គិភ័យ បានប្រាប់ថា គ្រោះអគ្គិភ័យដ៏តន់ហន់ទាំង០២លើកផ្ទូនៗកណ្ដាលថ្ងៃត្រង់នេះ មិនបង្គគ្រោះថ្នាក់ដល់មនុស្សទេ ឆេះអស់តែហាងកាហ្វេ ដែលម្ចាស់បិទទ្វារទុកចោលមួយកន្លែងប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ