ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងផ្ទុះ កាំជ្រួ.ច និងផា.វច្រើនប្រភេទ ត្រូវដកហូតពីជនជាតិចិន និងអាជីវករមួយចំនួន ដឹកជញ្ជូនតាមផ្លូវ

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ គ្រឿងផ្ទុះ កាំជ្រួច និងផាវ ជាច្រើនប្រភេទ ត្រូវបានកម្លាំងអាវុធហត្ថដកហូតពីជនជាតិចិន និងអាជីវករមួយចំនួន ដែលដឹកជញ្ជួនតាមដងផ្លូវជាតិលេខ៧៦ ឆ្លងកាត់ស្រុកអូររាំង…

ខេត្តមណ្ឌលគិរី​ ៖ គ្រឿងផ្ទុះ កាំជ្រួច និងផាវ ជាច្រើនប្រភេទ ត្រូវបានកម្លាំងអាវុធហត្ថដកហូតពីជនជាតិចិន និងអាជីវករមួយចំនួន ដែលដឹកជញ្ជួនតាមដងផ្លូវជាតិលេខ៧៦ ឆ្លងកាត់ស្រុកអូររាំង កាលពីយប់ថ្ងៃទី២៨ មករា ២០២៥ ដែលបំណងរបស់ពួកគេយកផាវទាំងនោះ អុជដើម្បីអបអរសាទរថ្ងៃចូលឆ្នាំចិន ។ ខណៈប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយកូនកាត់ចិន កំពុងសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីក៏បានដាក់ពង្រាយតាមគោលដៅសំខាន់ៗ និងចុះអនុវត្តពង្រឹងសន្តិសុខសង្គមតាមដងផ្លូវ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់ក្រុមក្មេងទំនើងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីពង្រឹងសន្តិសុខសង្គមតាមដងផ្លូវ និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការតាមគោលដៅសំខាន់ៗ និងបន្តអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងគោលបំណងធានាឲ្យបានភូមិឃុំសង្កាត់មានសុវត្ថិភាព។

ខណៈកម្លាំងរបស់អាវុធហត្ថកំពុងបំពេញការងារ បានត្រួតពិនិត្យរថយន្តដែលធ្វើចរាចរណ៏ពេលយប់ ក៏បានប្រទះឃើញ ផាវ កាំជ្រួច ជាច្រើនកេសដែលជនជាតិចិន និងអាជីវករខ្មែរយើង យកទៅលក់សម្រាប់អុជអបអរសាទរថ្ងៃចូលឆ្នាំចិន ក៏ស្នើរសុំដកហូតពីពួកគាត់ និងបានពន្យល់ពួកគេពីវិធានការទប់ស្កាត់នានា ដែលអាជ្ញាធរបានហាមឃាត់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ក្នុងការចៀសវាងគ្រោះថ្នាក់ ដែលកើតមានបណ្តាលមកពីការលេងដុតកាំជ្រួច ឬផាវគ្រប់ប្រភេទ ព្រោះអាចមានជនឆ្លៀតឳកាសប្រព្រឹត្តទង្វើផ្សេងៗ ជាពិសេសរដូវនេះរាំងស្ងួតនិងមានខ្យល់បក់ខ្លាំង ដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យជាយថាហេតុ។

មិនត្រឹមតែប៉ុណ្ណោះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំពោះក្មេងទំនើងដែលទុកដាក់សម្ភារៈងាយបង្កគ្រោះថ្នាក់ ដូចជា ដាវ កាំបិត ជាប់តាមខ្លួន ឬតាមមធ្យោយនានា កម្លាំងសមត្ថកិច្ចក៏បានដកហូត និងធ្វើកិច្ចសន្យាអប់រំ ជាមុនចៀសវាងពួកគេប្រព្រឹត្តសកម្មភាព បង្កអសន្តិសុខដល់ប្រជាពលរដ្ឋឬភ្ញៀវទេចរណ៍ដែលដើរលេងកម្សាន្តតាមរមនីយដ្ឋាននានាក្នុងខេត្ត។

គួរំឮកថា ថ្មីៗកន្លងទៅនេះក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អ គ្រប់ប្រភេទស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៏ល្អប្រសើរ ក្រោម ម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយភាពសុខដុមរមនា និងមានសិទ្ធិសេរីភាព សព្វបែបយ៉ាងដើម្បីចូលរួមក្នុងសកម្មភាព និងជីវភាពសង្គម ជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណី សាសនា តាមទំនៀមទម្លាប់បែបបុរាណ និងសម័យថ្មី ដែលក្នុងនោះ គេកត់សម្គាល់ឃើញថា ការរៀបចំកម្មវិធី ដែលមានលក្ខណៈជាឯកជន ជាក្រុមគ្រួសារ ឬលក្ខណៈជាសហគមន៍មួយចំនួន បានប្រារព្ធរៀបចំឡើង ដោយមានការដុតផាវ ឬអុជកាំជ្រួចផ្ទុះលម្អ ដើម្បីអបអរសាទរ និងកំសាន្តសប្បាយ ឬក៏ដើម្បីកំដរកម្មវិធី ដូចជាពិធីបុណ្យសាសនាតាមប្រពៃណី តាមតំបន់ ពិធីជប់លៀង ពិធីខួបកំណើត ពិធីរៀបអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យបូជាសពជាដើម។

ទិដ្ឋភាពទាំងអស់នោះ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការដុតផាវបម្រើឲ្យកម្មវិធី ដូចពោលខាងលើនេះ គឺជាសកម្មភាពខុសច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ រីឯការអុជកាំជ្រួចផ្ទុះលម្អ ថ្វីបើសកម្មភាពនេះត្រូវបានអនុញ្ញាតដោយច្បាប់ ប៉ុន្តែករណីខ្លះ បានបង្កហានិភ័យដល់ផ្នែកស្មារតី និងរំខានអារម្មណ៍របស់សាធារណជន ព្រមទាំងអាចបង្កអគ្គិភ័យជាយថាហេតុ ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រហូតបង្កគ្រោះថ្នាក់ដល់រូបរាងកាយ និង អាយុជីវិតមនុស្សផងដែរ។

ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏ដូចជាការបង្ការទប់ស្កាត់នូវហានិភ័យនានា ដែលបណ្តាលមកពីការដុតផាវ ការអុជកាំជ្រួច ផ្ទុះលម្អ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារផលប្រយោជន៍ និងធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អង្គភាពមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវហាមកុំឲ្យមានសកម្មភាពទាំងនោះតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ