ខេត្តត្បូងឃ្មុំ ៖ ក្រោមការតាមប្រមាញ់សហប្រតិបត្តិការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលខេត្តព្រៃវែង និងនគរបាលរាជធានីភ្នំពេញ ។ ទីបំផុត ជនសង្ស័យជាចោរប្លន់រថយន្តម្នាក់ត្រូវបានចាប់ខ្លួន ពេលដែលរត់គេចទៅដល់រាជធានីភ្នំពេញ ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលជាសាមីម្ចាស់ករណីក្នុងករណីអំពើប្លន់
យករថយន្តពុំបានសម្រេចដោយអ្នកបើកបររថយន្តឈ្នួលម៉ាកព្រូស ពិតជាមានសំណាងណាស់ ដោយផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង នាល្ងាចថ្ងៃទី២៥ មករា ថា ដំបូងជនសង្ស័យបានប៉ាវរថយន្តមួយគ្រឿងចេញពីរាជធានីភ្នំពេញ ឆ្ពោះអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងតម្លៃព្រមព្រៀង
មួយ។ ស្របពេលដែលបើកមកដល់ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ជនសង្ស័យបានប្រើខ្សែភ្លើងរឹត.កអ្នកបើករថយន្តដើម្បីប៉ងសម្លាប់ ។ តែដោយអាយុថ្លៃអ្នករងគ្រោះបានរួចផុតដោយ
រើបំរះចុះឡើងក៏ធ្លាក់ពីលើរថយន្ត ។
សមត្ថកិច្ចមូលដ្ឋានបានបន្តឱ្យដឹងទៀតថា ហេតុការណ៍នៃអំពើប្លន់រថយន្តមិនបានសម្រេចនេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៥៥នាទីយប់ថ្ងៃទី២១ មករា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែភ្លើងរិតក និងវាយជនរងគ្រោះឈ្មោះ មាស មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់តាក់ស៊ី ដើម្បីប្លន់យករថយន្ត០១គ្រឿងម៉ាក TOYOTA PRUIS ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1033 បានសម្រេច រួចយកទៅប្លុងចោលនៅក្បែរទីតាំងកើតហេតុ (ដោយសារគ្មានសោ) ហើយរត់គេចខ្លួនបាត់ ។
បន្ទាប់មក មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំកក់ បាន
ជួយអន្តរាគមន៍នាំយកអ្នករងគ្រោះមកឱ្យគ្រូពេទ្យព្យាបាលស្នាមរបួសក្រោយពីបានធូរស្រាលក៏អញ្ជើញមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកមានកិច្ចការពារសុវត្ថិភាពជូនដល់ជនរងគ្រោះ។
ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឱ្យអធិការនគរបាលស្រុកពញាក្រែកសហការជាមួយការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តរួមទាំងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌបើករដ្ឋបត្តិការស្រាវជ្រាវបន្តបន្ទាប់ក្រោយពីទទួលបានពន្លឺខ្លះៗពីជនរងគ្រោះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសុំកិច្ចសហការជាមួយនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា លុះវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៤ មករា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យខាងលើមានឈ្មោះ ស៊ុយ ដុល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ បន្ទាប់មក បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីសួននាំ ចំណែករថយន្តត្រូវបានប្រគល់ជូនទៅឲ្យអ្នករងគ្រោះវិញដើម្បីប្រើប្រាស់បន្តអាជីវកម្មដោះស្រាយជីវភាពគ្រួសារ៕
ចែករំលែកព័តមាននេះ