ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងចាក់សំរាម ភូមិចុងព្រែក និងបន្តចុះទៅពិនិត្យទីតាំងចាក់សំរាមថ្មី ស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឲ្យក្រុមហ៊ុន សុភីសម្បតិ្តពាណិជ្ជ រៀបចំបិទនិងលប់កាកសំណល់សំរាម នៅទីតាំងចុងព្រែក ហើយយកសំណល់សំរាម ទៅចាក់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព នៃលក្ខណៈបច្ចេកទេសបរិស្ថាន ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ ហើយប្រជាពលរដ្ឋរស់នៅជិតទីតាំងដាក់សំរាមចុងព្រែក អបអរសារទរ ចំណាត់ការរបស់អភិបាលខេត្ត បានដោះស្រាយតាមសំណើររបស់ប្រជាពលរដ្ឋ ហើយបានបិទទីតាំងសំរាមភូមិចុងព្រែក ឲ្យក្រុមហ៊ុនលប់សំណល់សំរាមចោល និងយកសំរាមទៅដាក់នៅទីតាំងថ្មី នៅសង្កាត់សង្ឃ័រ ។
សូមជម្រាបថា ការចុះពិនិត្យទីតាំងរណ្តៅចាក់សំរាមនេះ គឺដើម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនប្រមូលសំរាមកាកសំណល់ ប្រមូលឲ្យបានត្រឹមត្រូវ និងមានការរៀបចំកែលម្អ លើបច្ចេកទេសបរិស្ថាន ក្នុងការគ្រប់គ្រងទុកដាក់សំរាមនៅទីនេះ អោយបានត្រឹមត្រូវ និងស្របតាមសារាចរណែនាំរបស់ក្រសួងបរិស្ថាន និងចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ។
ទាក់ទិនករណីនេះដែរ លោក សុភី សម្បត្តិ ប្រធានក្រុមហ៊ុនប្រមូលសំរាម បានមានប្រសាសថា ដោយកន្លងមក ផ្លូវទៅទីតាំងថ្មី ទឹកលិច ពិបាកក្នុងការធ្វើចរាចរណ៍រថយន្តទៅចាក់សំរាម នៅទីតាំថ្មី សង្កាត់សង្ឃ័រ ម្យាងប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនោះ បានបិទផ្លូវ មិនឲ្យរថយន្តដឹកសំរាម បើកចូលទីតាំងថ្មី នោះទើបនៅដាក់សំរាមកន្លែងចាស់សិន ។
ប្រភពបន្តថា នៅថ្ងៃទី២៧ មករា ២០២៥ លោកអភិបាលខេត្ត បានចុំពិនិត្យទីតាំងទីលានចាស់ និងទីលានថ្មី ហើយចំពោះទីលានថ្មីលោកបានសុំអនុញ្ញាតិ ធ្វើផ្លូវចូលទៅទីលានចាក់សំរាមថ្មី ដោយយកកូដកម្ពស់ផ្លូវជាតិ ក្នុងរយៈពេល០១ខែជាង គឺធ្វើផ្លូវត្រូវបញ្ចប់រួចរាល់ត្រឹមថ្ងៃទី៣០ ខែមីនា ២០២៥ ខាងមុខនេះហើយ រយៈពេល០២ខែកន្លងមក ផ្លូវនេះលិចទឹក ហើយប្រជាពលរដ្ឋបានបិទផ្លូវ ដោយពួកគាត់ ពិបាកធ្វើដំណើរ ដូច្នេះសំរាមមិនអាចទុកបានទេ ទើបនៅដាក់នៅកន្លែងចាស់សិន។ ហើយពេលសាងសង់ផ្លូវរួច គឺត្រូវបិទបញ្ចប់ ទីលានចាស់ចុងព្រែកជាស្ថាពរ ។ ហើយលោកអភិបាលខេត្ត បានបញ្ជាឲ្យរុញសំណល់សំរាមលប់ក្នុងរណ្តៅឲ្យជិត ត្រឹមថ្ងៃទី៣០ មីនា ២០២៥ ជាស្ថាពរ ។
សូមរំលឹកផងដែរ មហាជនរិះគន់ចំៗទៅលើក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ ដែលទទួលម៉ៅការប្រមូលកាកសំណល់សំរាម ក្រុងស្វាយរៀង ដាក់នៅទីលានចុងព្រែក ថា គ្មានការគ្រប់គ្រងទីលានចាក់សំរាមឲ្យបានត្រឹមត្រូវ តាមលក្ខណៈស្តង់ដាបច្ចេកទេសបរិស្ថាន ហើយអ្វីគួរឲ្យហួសចិត្តនោះ ក្រុមហ៊ុនមិនត្រឹនតែមិនអនុវត្តតាមចំណាលោកអភិបាលខេត្តទេ គឺបានបន្តដឹកកាកសំណល់សំរាម ពីក្រុងបាវិត មកចាក់បន្តលើទីលានភូមិចុងព្រែក ផ្គើននឹងចំណារបស់លោកអភិបាលខេត្តស្វាយរៀង ឲ្យក្រុមហ៊ុនបញ្ចប់ការប្រើប្រាស់ទីលាននេះ បែរជាដឹកកាកសំណល់សំរាម មកចាក់នៅលើទីលានចាក់សំរាមនៅភូមិចុងព្រែកបន្តទៀត ធ្វើឲ្យប៉ះពល់បរិស្ថាន និងជះក្លិនស្អុយ លើផ្ទះប្រជាពលរដ្ឋ ភូមិចុងព្រែក ដដែល បង្កឲ្យប្រជាពលរដ្ឋក្តៅក្រហាយ ។ មហាជនរិះគន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២១ មករា ២០២៥ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅជិតទីលានចាក់រំរាមនេះ បានប្រាប់កោះសន្តិភាព ថា ទីលានចាក់សំរាមនេះ ជារបស់ក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ លើផ្ទៃដីទំហំ ០៣ហិកតា បានធ្វើអាជីវកម្ម ប្រមូលកាកសំណល់សំរាម ក្នុងក្រុងស្វាយរៀង មកចាក់នៅទីលានភូមិចុងព្រែកនេះ ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែមកដល់ឆ្នាំ២០២៤ សំរាមគឺចាក់គខ្ពស់កប់ពពក រលួយហូរទឹកចូលក្នុងប្រពន្ធ័ប្រឡាយ ខ្មៅកខ្វក់បង្កឲ្យជះក្លិនស្អុយសាយភាយយ៉ាងខ្លាំង ប៉ះពាល់ដល់ការដកដង្ហើម ពិបាករស់នៅ ជាពិសេសក្មេងតូចៗ។ ប្រជាពលរដ្ឋបានស្នើសុំទៅលោកអភិបាលក្រុង សូមឲ្យពិនិត្យ និងអន្តរាគមន៍ដោះស្រាយ ។
ប្រភពបន្តថា ក្រោយមកគេឃើញមន្ត្រីមន្ទីរបរិស្ថានខេត្តស្វាយរៀង ចុះមកពិនិត្យដោះស្រាយ ក៏ប៉ុន្តែលទ្ធផល នៅតែមានរថយន្តដឹកកាកសំណល់សំរាម មកចាក់នៅលើទីលាននេះដដែល ។
ទាក់ទិនករណីនេះ មន្ត្រីបរិស្ថានសាលាក្រុងស្វាយរៀង បានឲ្យដឹងថា តាមពិត លោកអភិបាលរងខេត្ត ដឹកនាំក្រុមការងារ អភិបាលរងក្រុង មន្ត្រីបរិស្ថានសាលាក្រុងស្វាយរៀង បានសហការជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្ត ចុះទៅសិក្សា ទីលានចាក់សំរាមរបស់ក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ ឃើញថា ការចាក់កាកសំណល់សំរាម គឺមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តង់ដាបរិស្ថានទេ គឺការចាក់កាកសំណល់សំរាមគនៅលើដី ខ្វះការគ្រប់គ្រង មិនជីករណ្តៅកប់សំរាមឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស បង្កឲ្យកាកសំណល់សំរាមរលួយស្អុយជះក្លិនស្អុយសាយភាយដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ចាក់សំរាមនោះ ពិបាកក្នុងការដកដង្ហើម ជាពិសេសក្មេងតូចៗ និងមនុស្សចាស់ ប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ប៉ះពាល់បរិស្ថានធម្មជាតិ ។
ប្រភពបន្តថា លោកអភិបាលរងខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត ពីផលប៉ះពាល់ និងបញ្ជាក់ថា ការទុកដាក់កាកសំណល់សំរាម នៅទីលាននេះ ពុំមានលក្ខណៈស្តង់ដាបច្ចេកទេសបរិស្ថាន ហើយការចាក់កាកសំណល់សំរាម មានលក្ខណៈចំហមិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ។ ចំពោះសំណល់ ដែលប្រមូលយកមកដាក់នៅទីលាននេះ ក្រុមហ៊ុន មិនបានធ្វើការរុញសំណល់ចូលទៅក្នុងរណ្តៅ ឲ្យបានទាន់ពេលវេលានោះទេ ដោយមានសំណល់រាប់តោននៅលើមាត់រណ្តៅទីលាន ដែលជាហេតុបង្កឲ្យមានក្លិនស្អុយជះសាយភាយដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរតំបន់នោះ ។
លោកបន្ត ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ២០២៤ ក្រុមហ៊ុន បានលើកឡើងថា ដោយសារ មួយរយៈនេះ មានភ្លៀងធ្លាក់ ធ្វើឲ្យក្រុមហ៊ុនមិនបានធ្វើការរុញសំណល់ចូលទៅក្នុងរណ្តៅ ឲ្យបានទាន់ពេលវេលា ហើយក្រុមហ៊ុន បានស្នើរសុំដាក់សំណល់សំរាមនៅទីលាននេះ រហូតដល់ចុងខែធ្នូ ២០២៤ ទៀតតែប៉ុណ្ណោះ ។
ចំណែកប្រជាពលរដ្ឋ លើកឡើងថា ក្នុងមួយរយៈពេល មកនេះ មានក្លិនស្អុយខ្លាំង ពិបាកក្នុងការរស់នៅ ជាពិសេសប៉ះពាល់ក្មេងតូចៗនៅជំវិញទីតាំងនោះផ្ទាល់។ ក្រោយពីបានពិនិត្យជាក់ស្តែង ក្រុមការងារឃើញថា ទីលាននេះ មិនអាចអនុញ្ញាតិឲ្យប្រើប្រាស់បន្តទៀតបានទេ ដោយសារទីលាននេះ ទុកដាក់សំណល់សំរាមមិនត្រឹមត្រូវ តាមលក្ខណៈស្តង់ដាបច្ចេកទេសបរិស្ថាន នោះទេ ហើយឲ្យក្រុមហ៊ុនបង្វែសំណល់ទាំងអស់ យកទៅដាក់នៅទីលាន ដែលមានលក្ខណៈបច្ចេកទេសស្តង់ដាប្រកបដោយអនាម័យ របស់រដ្ឋបាលខេត្តវិញ ។
ក្រុមការងារបានគោរពស្នើសុំ លោកអភិបាលខេត្ត មេត្តាពិនិត្យ បិទទីលាននេះចោល ជៀសវាងមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋបន្តទៀត ។
លោក ប៉េង ពោធិសា អភិបាលខេត្ត បានពិនិត្យឯកភាព បញ្ចប់ការប្រើប្រាស់ចាក់កាកសំណល់សំរាមត្រឹមចុងខែធ្នូ ២០២៤ ក៏ប៉ុន្តែ មិននឹកស្មានថា ក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ បានផ្គើន ហើយនៅតែបន្តដឹកសំណល់សំរាម មកចាក់នៅលើទីលានចាក់សំរាមភូមិចុងព្រែកនេះ បន្តដូច្នេះសោះ ពោលគឺមិនដឹកកាកសំណល់សំរាមចេញពីទីលាននេះ ទៅដាក់នៅទីលានថ្មី ហើយបែរជាបន្តដឹកសំណល់សំរាមនៅលើទីលានចាស់ដដែល ពិតជាផ្គើនមែន ៕
ចែករំលែកព័តមាននេះ