រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបាក់ជើងទាំង២តែម្ដង ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង តាមផ្លូវបេតុងជ្រុលទៅបុកជាមួយរថយន្តម៉ាក Kiamorning ១គ្រឿង ពេញទំហឹង ក្នុងពេលដែលរថយន្តខាងលើកំពុងបើកបរចេញពីផ្លូវលំមួយកន្លែង ឡើងផ្លូវបេតុងខាងលើ ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងកែងផ្លូវលំ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមបុរសអ្នកបន្លែម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនរងគ្រោះម្នាក់នោះ ជិះម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GG-6450 បើកបរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយរថយន្ត ១គ្រឿង ម៉ាក Kiamorning ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BV-6542 ពេញទំហឹង ខណៈដែលរថយន្តនោះកំពុងបើកបរចេញពីផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង រួចបត់ស្ដាំឡើងផ្លូវបេតុងខាងលើ ។
ប្រភពដដែល បានឲ្យដឹងបន្តថា ខណៈនោះ បណ្ដាលឲ្យយុវជនខាងលើរងរបួសបាក់ជើងទាំង២ តែម្ដង ហើយក្រោយមក ត្រូវបានរថយន្តពេទ្យ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ដោយឡែកម៉ូតូ និងរថយន្តបានរងការខូចខាត ហើយនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅវាស់វែង និងនាំយកទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ