ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ឆាបឆេះ​ផ្ទះល្វែង​ក្នុង​បូ​រី​ពិភព​ថ្មី​ចំការ​ដូង ស្ត្រី​ម្នាក់​ឱប​កូន​តូច ត្រូវ​អ្នក​ជិតខាង​ជួយ​ជម្លៀស​ចេញដោយ​សុវត្ថិភាព

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិ​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ខណៈ​កំពុង​មាន​ផ្សែងហុយ​ខ្លាំង​នោះ គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​ឱប​កូន​តូច​បាន​ស្ថិត​នៅផ្ទះ​នោះ និង​បាន​ស្រែក​ដ​ង្ហើ​យ​ហៅ​ឲ្យ​អ្នក​នៅ​ខាងក្រោម​ជួយ ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ហើយ​សំណាងល្អ ត្រូវ​បាន​អ្នក​ជិតខាង…

រាជធានី​ភ្នំពេញ ៖ អគ្គិ​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ខណៈ​កំពុង​មាន​ផ្សែងហុយ​ខ្លាំង​នោះ គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​ឱប​កូន​តូច​បាន​ស្ថិត​នៅផ្ទះ​នោះ និង​បាន​ស្រែក​ដ​ង្ហើ​យ​ហៅ​ឲ្យ​អ្នក​នៅ​ខាងក្រោម​ជួយ ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ហើយ​សំណាងល្អ ត្រូវ​បាន​អ្នក​ជិតខាង ជួយ​ជម្លៀស​ចេញ​ទាន់​ពេល​ដោយ​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន ។

ហេតុ​ការ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះល្វែង​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩​បុរី​ពិភព​ថ្មី​ចំការ​ដូង ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ផ្ទះល្វែង​ដែល​រង​ការ​ឆាបឆេះ​នោះ គឺជា​ប្រភេទ​សំណង់​ថ្ម​បេតុង​ទំហំ​៤,១​ម៉ែត្រ x ១៦​ម៉ែត្រ ហយ​រង​ការ​ខូចខាត​បន្ទប់​ទំហំ ៤​ម៉ែត្រ x ៤​ម៉ែត្រ​រួម​ទាំង​សម្ភារៈ ប្រើប្រាស់​ក្នុង​បន្ទប់​អស់ទាំង​ស្រុង ហើយ​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ ប៉ុន្តែ​ផ្ទះ​អ្នក​ជិតខាង​បាន​រង​ផល​ប៉ះពាល់​ពី​ផ្សែងភ្លើង​នោះ​។ ដោយឡែក​ឧប្បត្តិ​ហេតុនេះ គឺ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ ដោយ​ក្រោយ​ពេល​មានការ​ឆាបឆេះ​ភ្លាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

នគរបាល​បាន​បញ្ជាក់​ថា រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​បើក​ប្រតិបត្តិការ​ពន្លត់ភ្លើង​នា​ពេល​នោះ​មាន​ចំនួន​៣​គ្រឿង ក្នុង​នោះ​រួម​មាន​រថយន្ត​ការិយាល័យ​បង្ក​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរ​បស​ល​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២ រថយន្ត ស្មើនឹង​៨​ម៉ែត្រគូប​, រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រា​បៀរ​កម្ពុជា ០១​គ្រឿង​ប្រើប្រាស់​ទឹក​០១​រថយន្ត ស្មើ​០៦​ម៉ែត្រគូប ហើយ​បាន​ពន្លត់​រលត់​ទៅ​វិញ​ទាំងស្រុង នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​អ្នក​នៅ​តំបន់​នោះ កំពុងធ្វើការ​ងារ​រកស៊ី​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ស្រាប់តែ​ធំក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង លុះ​ពេល​ចេញ​មើល ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​ខាងលើ​យ៉ាង​ខ្មួលខ្មាញ់​ទៅ​ហើយ ។ មិនតែប៉ុណ្ណោះ​ផ្សែង​នោះ បាន​ហោះហើរ​គ្របដណ្ដប់​ទៅ​លើ​ផ្ទះល្វែង​អ្នក​ផ្សេង ដែល​ស្ថិត​នៅ​ជាប់​ៗ​គ្នា​នោះ​ថែម​ទៀត​ផង ហើយ​យ​អ្វី ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​នៅ​ក្នុង​ពេល​កំពុង​មាន​ភ្លើង​ឆេះ និង​ផ្សែងហុយ​ខ្លាំង គេ​ឃើញ​មាន​ស្ត្រី​ម្នាក់ កំពុង​ឱប​កូន​រត់​ឆ្លេឆ្លា នៅ​លើ​ផ្ទះ និង​ស្រែក​ឲ្យ​អ្នក​កំពុង​ជ្រួលច្របល់​នៅ​ខាងក្រោម ជួយ​ថៃ​ម​ទៀត​ផង ។

ប្រជាពលរដ្ឋ បាន​និយាយ​ទៀត​ថា ពួក​គាត់​ពុំ​បានដឹង​ថា ស្ត្រី​រូប​នោះ និង​កូន​តូច​របស់​នាង គឺជា​ម្ចាស់ផ្ទះ​ដែល​ឆេះ​នោះ ឬ​ជា​ម្ចាស់ផ្ទះ​ផ្សេង ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ទេ ប៉ុន្តែ​ក្រោយមក ត្រូវ​បាន​អ្នក​រស់នៅ​ផ្ទះ​ជិត​នោះ ជួយ​ជម្លៀស​ចេញ​បាន​ដោយ​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន មិន​មាន​គ្រោះថ្នាក់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ