ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន គិត​ត្រឹម​ល្ងាច​នេះ នៅ​រាជធានី​ភ្នំពេញ មាន​អគ្គិភ័យ​កើតឡើង​ ៤​លើក

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥​នេះ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន និង​វៀតណាម នៅ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់មាន​អគ្គិភ័យ​កើត​ឡើងជា​បន្តបន្ទាប់​ចំនួន​៤​លើកហើយ គិត​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥​នេះ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន និង​វៀតណាម នៅ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់មាន​អគ្គិភ័យ​កើត​ឡើងជា​បន្តបន្ទាប់​ចំនួន​៤​លើកហើយ គិត​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ បណ្ដាល​ឲ្យ​ផ្ទះ និង​សម្ភារៈ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត នេះ​បើ​តាម​របាយការណ៍​ពី​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

ករណី​ទី​១ ៖ នៅ​វេលា​ម៉ោង​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ ធ្វើ​ឱ្យ​ឆេះ​ខូចខាត​ផ្ទះ​ស័ង្កសី​ចំនួន ០១​ខ្នង រួម​ទាំង​សម្ភារៈ​អស់ទាំង​ស្រុង ហើយ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ចំនួន ០១​ខ្នង​ខូចខាត​ជញ្ជាំង​អស់​មួយ​ចំហៀង ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១០​និង​៣៦​នាទី​ព្រឹក ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​០១​គ្រឿង ប្រើប្រាស់​អស់​ចំនួន ០១​ឡាន ស្មើនឹង​០៦​ម៉ែត្រគូប ។

ករណី​ទី​២ ៖ អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​ជួល​លោកគ្រូ​បង្រៀន​មួយ​កន្លែង នៅ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ។ អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង លេខ​៣០០ ផ្លូវ​លេខ​១៥៦Z ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ម្ចាស់ផ្ទះ ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ ឃឹម សា​រិ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ម្ចាស់​បន្ទប់ បាន​ដុត​ធូប សែន​រួច​ក៏​ចាកចេញ​ទៅ​ក្រៅ​ផ្ទះ ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ផ្ទះ​ជួល ធ្វើ​ពី​បេតុង​មាន​ទំហំ​១២​ម៉ែត្រ គុណ​១២​ម៉ែត្រ​។ នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ដដែល ។

អគ្គិភ័យ​នេះ បណ្ដា​ឱ្យ​ខូចខាត​សម្ភារៈ​ក្នុង​បន្ទប់​ជួល​ទំហំ ០៤​ម៉ែត្រ គុណ​០៤​ម៉ែត្រ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។ អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ដុត​ទៀន​ធូប​សែន​ចូល​ឆ្នាំ​ចិន​ទុក​ចោល ។

ករណី​ទី​៣ ៖ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥​នៅ​ចំណុច​ផ្ទះ​លេខ​១៦៧ ផ្លូវ​១៩​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​។ បណ្តាល​ឱ្យ​ឆេះ​ខូចខាត​បន្ទប់​ទំហំ ០៤​ម៉ែត្រ X០៤​ម៉ែត្រ ចំនួន ០១​បន្ទប់ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​អស់​មួយ​ចំនួន ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។

នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៣​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល ។ នៅ​ក្នុង​នោះ រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន ស្មើនឹង​០៨​ម៉ែត្រគូប​, រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​០១​ឡាន ស្មើ​០៦​ម៉ែត្រគូប ។

ករណី​អគ្គិភ័យ​ទី​៤ ៖ បើ​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានអោយ​ដឹង​ជាបឋម​ថា ខណៈ​ពេល​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​កន្លែង ដែល​ស្ថិត​នៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង ១៨:០០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥​នេះ ។

គិត​ត្រឹម​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាចនេះ ពុំ​មាន​របាយការណ៍​ណា​បញ្ជាក់​ថា មាន​អគ្គិភ័យ​កើតឡើង​ទៀត​ឡើយ នៅ​រាជធានី​ភ្នំពេញ ។ អគ្គិភ័យ​ទាំង​៤​ករណី​នេះ ដោយ​ពុំ​គិត​ពី​ការ​ឆាប់ឆេះ​ស្មៅ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ឡើយ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា នៅ​ក្នុង​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​នេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​អគ្គិភ័យ​កើតឡើង​ប៉ុន្មាន​លើក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ