ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលមានសតិមិនប្រក្រតីបានស្លា.ប់យ៉ាងរន្ធត់ នៅក្នុងផ្ទះដោយសារអគ្គិភ័យដែលគេសង្ស័យថា ទំនងជាគាត់ដុតខ្លួនឯង ទើបឆេះរាលដាលអស់ទាំងផ្ទះ ស្លា.ប់ទាំងមនុស្ស ដែលកើតឡើង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ មករា នៅចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ។
តាមរយៈរបាយការណ៍លោក ស៊ីម ពីទូ នាយប៉ុស្ដិ៍រដ្ឋបាល ឃុំឈើទាល បានឲ្យដឹងថា លំនៅឋានដែលត្រូវអគ្គិភ័យឆេះនោះជារបស់ឈ្មោះ ជឿន វណ្ណៈ ប្រុស អាយុ២ឆ្នាំ រីឯស្ត្រីដែលស្លា.ប់ ក្នុងអណ្ដាតភ្លើងឈ្មោះ វណ្ណៈ ថារី ភេទស្រី អាយុ២៩ឆ្នាំ ជាកូនស្រីម្ចាស់ផ្ទះរងគ្រោះ ។
លោកនាយប៉ុស្ដិ៍ ពានបញ្ជាក់ថា ស្ត្រីរងគ្រោះមានសតិមិនប្រក្រតី ដែលអាណាព្យាបាលចាក់សោដាក់នៅតែក្នុងផ្ទះមិនឲ្យចេញដើរទៅណាទេ ។ លោកថា ទំនងស្ត្រីរងគ្រោះដុតសម្ភារៈក្នុងផ្ទះទើបឆេះរាលដាលរហូតឆេះស្លា.ប់ខ្លួនឯង នៅក្នុងផ្ទះ ខណៈអាណាព្យាបាលចាក់សោទ្វារពីខាងក្រៅជាប់មិនអាចចូលជួយទាន់ ។
ត្រង់ចំណុចនេះ បើតាមការស្រង់សម្ដីឪពុកម្ដាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កន្លងមកកូនស្រីមានសតិមិនប្រក្រតីរូបនេះធ្លាប់ដុតពួក ខ្នើយ នៅក្នុងផ្ទះម្ដងហើយ តែត្រូវបានបងប្អូនចូលជួយទាន់ ។
មិនតែប៉ុណ្ណោះ បើតាមលោក ស៊ីម ពីទូ បានបញ្ជាក់ដែរថា ស្ត្រីរងគ្រោះធ្លាប់ព្យាយាមចង.កសម្លា.ប់ខ្លួន នៅក្នុងផ្ទះទៀតផង តែឪពុកម្ដាយជួយទាន់ពេល តែលើកនេះទំនងគាត់ដុតពួក ឬដុតសម្ភារៈនៅក្នុងផ្ទះដូចលើកមុនៗ ហើយគេមិនបានដឹងទើបបង្កជាអគ្គិភ័យឆេះទាំងផ្ទះអស់ ហើយ ឆេះស្លា.ប់ទាំងមនុស្សបែបនេះ ។
យោងតាមរបាយការណ៍ក្រៅពីឆេះអស់ផ្ទះមួយខ្នង និងស្លា.ប់កូនស្រីម្នាក់ ទ្រព្យសម្បត្តិ និងសម្ភារៈជាច្រើននៅក្នុងផ្ទះក៏ត្រូវឆេះអស់ទាំងស្រុងដែរ ដែលប៉ាន់ប្រមាណជាទឹកប្រាក់អស់ប្រហែល១៥,០០០ដុល្លារអាមេរិក ។
ដោយឡែក ក្នុងគ្រោះអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ដែរ តែបានត្រឹមជួយទប់ស្កាត់មិនឲ្យឆេះរាលដាល ព្រោះអគ្គិភ័យហាក់ឆេះលឿនបំផុតដែលមិនអាចជួយទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ