រាជធានីភ្នំពេញ ៖ ផ្ទះឈើ១ខ្នងដែលម្ចាស់ជាកម្មករសំណង់ចេញទៅធ្វើការបាត់ ហើយបិទទ្វារចោលគ្មានអ្នកនៅចាំមើល ស្រាប់តែភ្លើងឆេះអស់ទាំងស្រុងក្លាយជាផេះផង់ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ។
ដែលឧប្បត្តិហេតុនោះបង្កឡើង ដោយការឆ្លងចរន្តអគ្គិសនី មិនតែប៉ុណ្ណោះក៏បណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ២ខ្នងទៀត ដែលស្ថិតនៅក្បែរគ្នានោះបណ្ដាលឲ្យរងការខូចខាតជញ្ជាំងអស់មួយចំហៀងៗផងដែរ ។
ហេតុការណ៍ខាងលើ បានបង្កឲ្យឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិសិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមស្ត្រីម្នាក់ដែលជាអ្នកភូមិខាងលើបាននិយាយថា ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងនោះគ្មានអ្នកនៅមើលទេ ម្ចាស់បានបិទទ្វារចាក់សោចោលរាល់ថ្ងៃ ដោយគាត់ គឺជាកម្មករសំណង់ជាប់រវល់ចេញទៅធ្វើការនៅព្រឹកចេញទៅបាត់ លុះដល់ព្រលប់ទើបត្រឡប់ចូលដល់ផ្ទះវិញ ។
ដោយឡែក នៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈម្ចាស់ចេញទៅធ្វើការបាត់ ស្រាប់តែមានភ្លើងឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង និងឆេះរាលដល់ផ្ទះ២ខ្នងទៀតដែលនៅអមសងខាងរងការខូចខាតជញ្ជាំងផងដែរ ហើយពេលនោះអ្នកភូមិបានយករថយន្តដឹកទឹកលក់ទៅបាញ់ពន្លត់ដែរ ប៉ុន្តែពន្លត់មិនឈ្នះឡើយ ។
នគរបាលបានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះបានបណ្ដាលឲ្យខូចខាតផ្ទះឈើចំនួន៣ខ្នង ក្នុងនោះខ្នងទី១ សាងសង់ពីឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ មានម្ចាស់ឈ្មោះ ទឹម សុខុម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ និងជាកម្មករសំណង់ ត្រូវភ្លើងឆេះអស់ទាំងស្រុងតែម្ដង ។ ខ្នងទី២ មានម្ចាស់ឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ និងខ្នងទី៣ មានម្ចាស់ឈ្មោះ ហេង សុភ័ក្ត្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ហើយផ្ទះ២ខ្នងខាងក្រោមត្រូវភ្លើងឆេះជញ្ជាំងអស់មួយចំហៀងដូចគ្នា ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ការឆាបឆេះនេះបានកើតឡើងចំថ្ងៃបុណ្យចូលឆ្នាំចិន ប៉ុន្តែពុំបានមែន បណ្ដាលមកពីម្ចាស់អុជទៀនធូបសែន ឬធ្វើម្ហូបអាហារមានការធ្វេសប្រហែសនោះទេ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោចុះទៅអន្តរាគមន៍ ហើយបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅបាញ់ពន្លត់ភ្លើងខាងលើនោះ ។ នគរបាលបានប្រាប់បន្ថែមទៀតថា ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការសង្គ្រោះ និងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ០១គ្រឿងប្រើប្រាស់ទឹកអស់០១រថយន្តស្មើរនឹង០៦ម៉ែត្រគូប ។
រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ស្រាកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើរនឹង០៦ម៉ែត្រគូប រួមជាមួយរថយន្តដឹកទឹកលក់១គ្រឿងផងដែរទើបពន្លត់រលត់ទៅវិញ ប៉ុន្តែផ្ទះដែលនៅកណ្ដាលគេរួមទាំងទ្រព្យសម្បត្តិត្រូវភ្លើងឆេះអស់ទាំងស្រុង ចំណែកផ្ទះ២ខ្នងទៀតស្ថិតនៅអមសងខាងខូចខាតជញ្ជាំងអស់មួយចំហៀងដូចគ្នា ៕
ចែករំលែកព័តមាននេះ