ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ចំនួន​ពីរ​ដំបូង​គេ​បង្អស់​នៅ​ដើមឆ្នាំ​២០២៥

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដំណឹង​រីករាយ អ្នកជំនាញ​បាន​រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ចំនួន​ពីរ​ដំបូង​គេ​បង្អស់ ត្រូវ​បាន​រក​ឃើញ​នៅ​ដើមឆ្នាំ​២០២៥ នេះ​បើ​តាម​អង្ក​ការ WCS កម្ពុជា នៅ​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ដំណឹង​រីករាយ អ្នកជំនាញ​បាន​រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ចំនួន​ពីរ​ដំបូង​គេ​បង្អស់ ត្រូវ​បាន​រក​ឃើញ​នៅ​ដើមឆ្នាំ​២០២៥ នេះ​បើ​តាម​អង្ក​ការ WCS កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ ។

អង្ក​ការ​បាន​លើក​ឡើង​ថា តាម​រយៈ​កម្មវិធី​ការពារ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ក្រុមការងារ​អភិរក្ស​សត្វ​អណ្តើក នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​រដ្ឋបាល​ជលផល បាន​រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប ចំនួន​ពីរ​សម្បុក​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​២០២៥ នៅ​តាម​ឆ្នេរ​ខ្សាច់​ដង​ទន្លេមេគង្គ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ។

ក្រុមការងារ​រំពឹង​ថា នឹង​រក​ឃើញ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ បន្ថែម​ទៀត ក្នុង​រដូវ​ពង​កូន​ឆ្នាំ​២០២៥​នេះ ដែល​ចាប់ផ្តើម​ពី​ខែមករា រហូត​ដល់​ខែឧសភា ។

ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២៤ ក្រុមការងារ​បាន​រក​ឃើញ​សម្បុក​ពង​កូន​របស់​សត្វ​កន្ធាយ​ក្បាល​កង្កែប នៅ​លើ​ឆ្នេរ​ខ្សាច់​តាម​ដង​ទន្លេមេគង្គ ចំនួន​២០១​សម្បុក ដែល​មាន​ពង​សរុប ចំនួន​៧,២៩២​គ្រាប់ និង​ញាស់​បាន​៣,៥៩១​កូន​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២៣ និង​ក្នុង​ឆ្នាំ​២០២៤ ក្រុមការងារ បាន​កត់សម្គាល់​ឃើញ​ថា សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ មានការ​ធ្លាក់​ចុះ ដោយ​មាន​សម្បុក​ចំនួន​១០ ក្នុង​ឆ្នាំ​២០២៣ និង​១១​សម្បុក ក្នុង​ឆ្នាំ​២០២៤ តែ​ប៉ុណ្ណោះ​ត្រូវ​បាន​រក​ឃើញ ។

ប្រភព​បាន​បន្ត​ថា សត្វ​កន្ធាយ​ក្បាល​កង្កែប ជា​ប្រភេទ​សត្វ ដែល​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត នៅ​ក្នុង​សកលលោក​។ វា​ត្រូវ​បាន​គេ​គិត​ថា ផុត​ពូជ​ពី​ប្រទេស​កម្ពុជា ជា​យូរ​មក​ហើយ ប៉ុន្តែ​ដល់​ឆ្នាំ​២០០៧ ក្រុមការងារ​ស្រាវជ្រាវ​អណ្ដើក និង​កន្ធាយ បាន​រក​ឃើញ​វត្តមាន​របស់​វា​ឡើង​វិញ នៅ​ចន្លោះ​ប្រមាណ​៤៨​គីឡូម៉ែត្រ នៃ​ដង​ទន្លេមេគង្គ​ពី​ស្រុក​សំបូរ ខេត្តក្រចេះ រហូត​ដល់​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។

កម្មវិធី​ការពារ​សម្បុក​សត្វ​កន្ធាយ​ក្បាល​កង្កែប គឺជា​គោលដៅ​អភិរក្ស​របស់​អង្គការ WCS និង​រដ្ឋបាល​ជលផល ដើម្បី​ស្តារ​ចំនួន​កន្ធាយ​ក្បាល​កង្កែប​នេះ ឱ្យ​មាន​ច្រើន​ឡើង​វិញ នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួក​វា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ