ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយដើម្បីបញ្ចេញឯកសារសម្ងាត់ និងរឿងរ៉ាវអាថ៌កំបាំងផ្សេងៗនៅពីក្រោយសំណុំរឿងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោកកេណ្ណឺឌី កាលពីឆ្នាំ១៩៦៣។ សំណុំរឿងនេះមានពាក្យចចាមអារ៉ាមជាច្រើន។ អ្នកខ្លះសន្និដ្ឋានបែបនេះ និងខ្លះទៀតសន្និដ្ឋានបែបនោះ។ បទបញ្ជានោះក៏នឹងលាតត្រដាងអាថ៌កំបាំងនៅពីក្រោយការធ្វើឃាតបុគ្គលល្បីៗ២រូបទៀតគឺប្អូនប្រុសរបស់កេណ្ណឺឌី និងលោកម៉ាទីន លូថឺឃីង។
លោកត្រាំថ្លែងថាអ្វីៗគ្រប់យ៉ាងនឹងត្រូវលាតត្រដាងទាំងអស់។ កាលពីពេលឃោសនាបោះឆ្នោត លោកសន្យាថានឹងទម្លាយអាថ៌កំបាំងនៅពីក្រោយការធ្វើឃាតលោកកេណ្ណឺឌីនៅទីក្រុងដាឡាស់ដែលលាក់ទុករយៈពេលជាងកន្លះសតវត្សមកហើយ។ លោកចង់ធ្វើបែបនេះតាំងពីអាណត្តិទីមួយមកម៉្លេះ ប៉ុន្តែខាងអែហ្វប៊ីអាយ និងស៊ីអាយអេស្នើសុំរក្សាទុករឿងនេះជាការសម្ងាត់ជាបន្តទៀតសិន។
រហូតមកដល់សព្វថ្ងៃនេះ ក្មួយប្រុសរបស់លោកកេណ្ណឺឌីនៅតែមិនជឿថាករណីធ្វើឃាតនេះប្រព្រឹត្តឡើងដោយមនុស្សតែម្នាក់ឈ្មោះអូសស្វាល់ (Oswald) ដែលត្រូវសមត្ថកិច្ចចាប់បាន ហើយក្រោយមកត្រូវក្រុមម៉ាស់ផ្ចាបាញ់សម្លាប់នៅនឹងមុខសមត្ថកិច្ចតែម្ដងហាក់ដូចជារបៀបតាមសងសឹកឱ្យគ្រួសារកេណ្ណឺឌី។ ក្មួយប្រុសកេណ្ណឺឌីជឿជាក់ថាសំណុំរឿងនេះប្រាកដជាមានការឃុបឃិតគ្នាជាប្រព័ន្ធ។ ដោយសារមិនអស់ចិត្តនឹងរឿងនេះ គាត់ស្នើសុំឱ្យរដ្ឋាភិបាលបញ្ចេញការណ៍សម្ងាត់ទាំងអស់។
លោកត្រាំបានតែងតាំងក្មួយប្រុសរបស់កេណ្ណឺឌីជារដ្ឋមន្ត្រីសុខាភិបាល។ ឪពុកក៏ត្រូវគេធ្វើឃាតដូចអ៊ំរបស់គាត់ដែរកាលពីឆ្នាំ១៩៦៨នៅពេលគាត់ត្រៀមប្រកួតប្រជែងជាបេក្ខភាពប្រធានាធិបតី។ យោងតាមបទបញ្ចានេះ នាយកផ្នែកស៊ើបការណ៍សម្ងាត់ និងអគ្គរដ្ឋអាជ្ញាត្រូវត្រៀមបញ្ចេញឯកសារសម្ងាត់នៃការធ្វើឃាតនោះនៅក្នុងរយៈពេល១៥ថ្ងៃសម្រាប់ករណីធ្វើឃាតលោកកេណ្ណឺឌី និងនៅក្នុងរយៈពេល៤៥ថ្ងៃសម្រាប់ករណីធ្វើឃាតប្អូនប្រុសរបស់កេណ្ណឺឌី និងលោកម៉ាទីនលូតថឺឃីង។
នៅក្នុងចំណោមឯកសាររាប់លានដែលកត់ត្រាទុកនោះមានតែពីរបីពាន់ឯកសារប៉ុណ្ណោះដែលគេទម្លាយឱ្យដឹងកាលពីពេលកន្លងមក។ គេគិតថាបើទុកជាលោកត្រាំចេញបទបញ្ជានេះក៏ដោយក៏រឿងរ៉ាវអាថ៌កំបាំងស៊ីជម្រៅនៅពីក្រោយការធ្វើឃាតនេះនៅតែរក្សាទុកជាការណ៍សម្ងាត់ដដែល។ មានន័យថាគេមិនទម្លាយឱ្យដឹងទាំងអស់ទេ។ មនុស្សទូទាំងពិភពលោកនៅតែមានចម្ងល់រាប់មិនអស់ទេពាក់ព័ន្ធករណីធ្វើឃាត និងបញ្ហាដ៏ស្មុគស្មាញប្រទាក់ក្រឡាគ្នានៅពីក្រោយរឿងនេះ។
អតីតប្រធានាធិបតីអាមេរិក លោកកេណ្ណឺឌី ត្រូវបុរសឈ្មោះអូសស្វាល់ធ្វើឃាតកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ដោយបាញ់នឹងកាំភ្លើងពីលើជាន់ទី៦នៃអគារនៅពេលកេណ្ណឺឌីជិះឡានបើកដំបូលជាមួយភរិយានៅតាមផ្លូវនៃរដ្ឋតិចសាសន៍។ ២ថ្ងៃក្រោយហេតុការណ៍ធ្វើឃាតនោះ ថៅកែក្លិបកម្សាន្តម្នាក់ឈ្មោះជេករូប៊ី (Jack Ruby) បានដកកាំភ្លើងបាញ់សម្លាប់អូសស្វាល់។
ដូច្នេះ មិនទាន់បានសួរចម្លើយ និងកាត់ទោសឱ្យបានត្រឹមត្រូវផង ជនសង្ស័យឈ្មោះអូសស្វាល់ក៏បានស្លាប់ទៅ។ កាលពីដើមទសវត្សទី៩០ រដ្ឋាភិបាលអាមេរិកតម្រូវឱ្យប្រមូលឯកសារទាំងអស់ពាក់ព័ន្ធនឹងការធ្វើឃាតនេះទៅដាក់ជុំគ្នានៅក្នុងបណ្ណាល័យឯកសារជាតិតែមួយ។ ក្រោយមកនៅឆ្នាំ២០១៧ ឯកសារសរុបជាង៥លានត្រូវរដ្ឋាភិបាលតម្រូវឱ្យបញ្ចេញជាសាធារណៈ៕
ចែករំលែកព័តមាននេះ