ខេត្តសៀមរាប ៖ បើនិយាយពីខេត្តសៀមរាប យើងតែងនឹកស្រមៃមុនគេ គឺប្រាសាទបុរាណ ប៉ុន្តែក្រៅពីមានប្រាសាទបុរាណជាច្រើន ខេត្តមួយនេះក៏មានទីកន្លែងកម្សាន្តជាច្រើនទៀត តាមបែបធម្មជាតិ គួរជាទីរីករាយ និងទាក់ទាញអារម្មណ៍អ្នកទេសចរផងដែរ ។
ឥឡូវនេះយើងសូមលើកយកកន្លែងកម្សាន្តគួរជាទីចាប់អារម្មណ៍មួយ គឺសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ដែលទីនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តតាមរយៈការជិះទូកអុំប្រពៃណីមើលព្រៃលិចទឹក (ព្រៃគប់) ដែលអុំដោយក្រុមស្ត្រីនៅក្នុងសហគមន៍នេះផ្ទាល់តែម្តង ។
សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកបាគង ដែលមានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។ សហគមន៍នេះមានក្រុមស្ត្រីអុំទូកទេសចរណ៍ជាង ១ ពាន់នាក់ ដែលភាគច្រើនជាស្ត្រីមេម៉ាយ និងស្ត្រីវ័យចំណាស់ ហើយបច្ចុប្បន្នកំពុងស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តជាមួយការជិះទូកគយគន់ព្រៃលិចទឹកដែលមានទំហំ ៤៨ ហិកតា យ៉ាងរីករាយ ។ ទាំងនេះក៏ជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ស្ត្រីរស់នៅក្នុងសហគមន៍នេះផងដែរ ។
ពេលធ្វើដំណើរដល់សហគមន៍នេះភ្លាម គេឃើញមានទូកឈើជាច្រើនដែលមានទំហំតូចល្មមសម្រាប់អ្នកទេសចរជិះតែ ២ នាក់ និងអ្នកអុំម្នាក់ ឈប់តម្រៀបគ្នានៅក្រោមម្លប់ឈើនៃព្រៃលិចទឹករង់ចាំដឹកអ្នកទេសចរដែលទៅម្សាន្តនៅទីនោះ ហើយអ្នកអុំទូកភាគច្រើន គឺជាស្ត្រី ។ នៅលើទូកឈើនេះមានក្រាលដោយកន្ទេល ខ្នើយ អាវពោង និងឆត្រទុកសម្រាប់បាំងថ្ងៃ ។ ដៃកាន់ច្រវាអង្គុយនៅលើក្បាលទូកអុំផង និយាយប្រាប់អ្នកទេសចរផងអំពីទិដ្ឋភាពនៅជុំវិញខ្លួន ដែលស្ត្រីអ្នកអុំទូកទាំងនេះប្រៀបដូចជាមគ្គទេសក៍មួយរូបផងដែរ ។
ក្រោយពេលអុំទូកបានរយៈពេលប្រមាណ ២០ នាទី ក៏ដល់ពេលឈប់សម្រាកបន្តិចមុននឹងបន្តដំណើរទៅមុខទៀត ឆ្លៀតក្នុងឱកាសនេះយើងបានសួរនាំបន្តិចបន្ទួចជាមួយបងស្រីឈ្មោះ ជា ភារ៉ា អាយុ ៣៤ ឆ្នាំ មានកូនប្រុស ២ នាក់ រស់នៅក្នុងសហគមន៍នេះ ។ ដោយអង្គុយនៅលើក្បាលទូកដៃកាន់ច្រវាផងនោះបងស្រី ភារ៉ា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ខ្ញុំបានប្រកបរបរអុំទូកជូនភ្ញៀវទេសចរទស្សនាព្រៃលិចទឹកនេះអស់រយៈពេល ១០ ឆ្នាំ មកហើយ ហើយរបរនេះជួយឱ្យជីវភាពគ្រួសារបានប្រសើរផងដែរ ដោយដំបូងឡើយចំណាយប្រាក់ទិញទូកសម្រាប់ដឹងភ្ញៀវទេសចរមួយនេះក្នុងតម្លៃជាង ១ លានរៀល ។
បងស្រី ភារ៉ា ឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានភ្ញៀវទេសចរទាំងខ្មែរ និងបរទេសទៅកម្សាន្តច្រើនគួរសមដែរ ហើយក្នុងមួយថ្ងៃខ្ញុំអាចអុំទូកជូនភ្ញៀវទស្សនាព្រៃលិចទឹកបានពី ២ ទៅ ៣ ជើង ដោយក្នុងមួយជើងប្រើពេល ៣០ នាទី ហើយសហគមន៍ផ្ទល់ឱ្យ ៣ ដុល្លារក្នុងមួយជើង ។ បងស្រីថា មកទីនេះភ្ញៀវទេសចរអាចគយគន់ព្រៃលិចទឹក និងសត្វស្លាបខ្លះៗ ក្នុងនោះក៏មានការលក់ដូរនៅលើទូកតាមបណ្តោយផ្លូវអុំទូក ដែលគេហៅថា ម៉ាតក្នុងព្រៃ ។
បងស្រី ភារ៉ា បញ្ជាក់ថា សហគមន៍បានឱ្យអ្នកអុំទូកទាំងអស់ចាប់លេខរៀង ដើម្បីប្តូរវេណគ្នាអុំម្តងម្នាក់ ហើយមូលហេតុដែលមានតែស្ត្រីជាអ្នកអុំទូកនៅទីនេះ ដោយសារតែបុរសៗ និងបុរសជាប្តី ទៅប្រកបរបរនេសាទ និងរបរផ្សេងៗទៀត ។
ស្ត្រីអ្នកអុំទូករូបនេះក៏បានសំណូមពរឱ្យភ្ញៀវទេសចរមកកម្សាន្តទីនេះឱ្យបានច្រើន ដើម្បីជួយស្ត្រីជាង ១ ពាន់គ្រួសារឱ្យមានចំណូលច្រើន និងមានជីវភាពប្រសើរជាងមុន ។ បងស្រីថា សព្វថ្ងៃនេះទោះបីជាចំណូលមិនច្រើនណាស់ណា តែក៏អាចជួយសម្រាលជីវភាពបានមួយផ្នែកផងដែរក្រៅពីមុខរបរនេសាទ ។
គួរជម្រាបផងដែរថា នៅតំបន់កំពង់ភ្លុកនេះក្រៅតែពីជិះទូកគយគន់ព្រៃលិចទឹកហើយនោះ អ្នកទេសចរក៏អាចជិះទូក ឬកាណូតទស្សនាភូមិធម្មជាតិនៅលើផ្ទៃទឹក ទស្សនាទេសភាពផ្ទៃបឹងទន្លេសាបពេលថ្ងៃលិចដ៏ស្រស់ស្អាត សាលារៀន វត្តអារាម ជម្រកសត្វស្លាប និងកន្លែងជាច្រើនទៀតនៅតាមផ្លូវទឹក ៕
ចែករំលែកព័តមាននេះ