ទីក្រុងកៀវ៖ សម្រាប់ពេលនេះគ្មានការចាំបាច់ខ្លាំងពេកទេដែលត្រូវនិយាយអំពីចំនួនកងទ័ពថែរក្សាសន្តិភាពប៉ុន្មាននាក់ត្រូវទៅឈរជើងនៅអ៊ុយក្រែនដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលអាចនឹងកើតមាននាពេលអនាគត។ ខាងលើនេះជាការថ្លែងរបស់ក្រសួងការបរទេសអ៊ុយក្រែនដែលចាត់ទុកថាបញ្ហានេះនៅមានដំណើរការវែងឆ្ងាយតទៅមុខទៀត។
ឥឡូវនេះ អ្វីដែលសំខាន់នៅចំពោះមុខគឺការចរចាគ្នាជាមុនសិន។ ការថ្លែងដូច្នេះស្របពេលដែលរដ្ឋាភិបាលទីក្រុងកៀវយល់ថានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពត្រូវតែសរសេរឱ្យបានច្បាស់ៗអំពីការដាក់កងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែនដើម្បីបង្កើតជាលក្ខខណ្ឌចងជើងទុកជាមុន និងដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាព។ ថ្មីៗនេះ លោកហ្សេឡិនស្គីអះអាងថាអ៊ុយក្រែនត្រូវការកងទ័ពបរទេសយ៉ាងហោចណាស់ក៏ម្ភៃម៉ឺននាក់ដែរទើបលោកស្ងប់ចិត្ត។
លោកបញ្ជាក់ថានេះគ្រាន់តែជាចំនួនអប្បបរមាតែប៉ុណ្ណោះ។ មានន័យថាតាមចិត្តរបស់លោក លោកចង់បានច្រើនជាងនេះផងដើម្បីទប់ទល់ជាមួយរុស្ស៊ីដែលមានកងទ័ពរហូតដល់ទៅជាង១,៥លាននាក់។ ចំណុចមួយទៀត លោកហ្សេឡិនស្គីចង់ឱ្យអាមេរិកក៏ត្រូវតែចូលរួមធានាសន្តិសុខជាតិនេះផងដែរ។ បើរំពឹងតែកម្លាំងអឺរ៉ុបមិនអាចទប់ទល់ជាមួយរុស្ស៊ីបានឡើយ។
ក្រោយមក នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ប៊្លូមបឺក (Bloomberg) លោកថ្លែងបន្ថែមទៀតកងទ័ពថែរក្សាសន្តិភាពចំនួនប៉ុន្មានដែលត្រូវដាក់នៅលើទឹកដីអ៊ុយក្រែនអាស្រ័យទៅលើចំនួនកងទ័ពអ៊ុយក្រែនជាក់ស្ដែង។ មានន័យថាបើនៅក្នុងកិច្ចព្រមព្រៀងនោះតម្រូវឱ្យអ៊ុយក្រែនកាត់បន្ថយកងទ័ព ពេលនោះអ៊ុយក្រែនត្រូវការកងទ័ពថែរក្សាសន្តិភាពកាន់តែច្រើន។
ការថ្លែងដូច្នេះបន្ទាប់ពីរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនកាត់បន្ថយកងទ័ពមកនៅត្រឹម២០% ខណៈដែលសព្វថ្ងៃអ៊ុយក្រែនមានកងទ័ពសរុបប្រហែល៨០ម៉ឺននាក់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថារដ្ឋាភិបាលរបស់លោកកំពុងជជែកគ្នាជាបណ្ដើរៗហើយជាមួយរដ្ឋបរទេសដែលអាចនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅអ៊ុយក្រែន។
ប៉ុន្តែវាគ្រាន់តែជាកិច្ចពិភាក្សាសើៗលំៗតែប៉ុណ្ណោះ។ ហេតុនេះ លោកយល់ថាមិនទាន់និយាយអំពីចំនួនកងទ័ពប៉ុន្មានដែលត្រូវបញ្ជូនទៅទេ។ លោកសូមបញ្ជាក់ឡើងវិញថាការដាក់ពង្រាយកងរក្សាសន្តិភាពនេះគ្រាន់តែជាផ្នែកមួយនៃលក្ខខណ្ឌដទៃទៀតដែលនឹងស្នើឡើងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ តាមមើលទៅ អ៊ុយក្រែនមិនសង្ឃឹមថាវាយយកបានមកវិញនូវទឹកដីដែលខ្លួនបានបាត់បង់នោះទេរួមទាំងតំបន់គ្រីម៉េដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០១៤ផងដែរ។
ម៉្លោះហើយ គេឃើញថាឥឡូវនេះ លោកហ្សេឡិនស្គីលែងនិយាយអំពីការទាមទារយកទឹកដីមកវិញហើយ។ លោកធ្លាប់ព្រលយពាក្យថាសុខចិត្តបាត់បង់ទឹកដីខ្លះក៏បានដែរ ធ្វើម៉េចត្រូវតែថែរក្សាទឹកដីដែលនៅសេសសល់កុំឱ្យបាត់ជាបន្តទៀត។ នេះជាចំណុចទីមួយ។ រីឯចំណុចមួយទៀតលោកចង់ឱ្យប្រទេសមហាអំណាចធានាឱ្យបានថាអ៊ុយក្រែននឹងមិនរងការវាយប្រហារជាថ្មីទៀតពីប្រទេសរុស្ស៊ី ហើយលោកចង់ធានាថាអ៊ុយក្រែនអាចរស់នៅដោយសុខសន្តិភាពជានិច្ចនិរន្តរ៍តរៀងទៅ។
ម៉្យាងទៀត ការចង់ចូលជាសមាជិកអង្គការណាតូក៏ប្រហែលជាអាចចូលបានដែរមើលទៅព្រោះលោកត្រាំទើបតែនិយាយហើយថ្មីៗថាដោយសារលោកបៃដិនត្រៀមទទួលយកអ៊ុយក្រែនជាសមាជិកណាតូហ្នឹងហើយទើបបានជាលោកពូទីនផ្ទុះសង្គ្រាមកាលពីដើមឆ្នាំ២០២២។ ប្រមុខការទូតអ៊ុយក្រែនយល់ថាវាជារឿងសំខាន់ណាស់ដែលអ៊ុយក្រែនត្រូវការការធានាសន្តិសុខជាអចិន្ត្រៃយ៍ និងគួរឱ្យជឿទុកចិត្ត។ ហេតុនេះលោកយល់ថាមិនអាចខ្វះវត្តមានរបស់អឺរ៉ុប និងអាមេរិកបានឡើយ។
បើគេស្ដាប់ជំហររបស់រុស្ស៊ីវិញម្ដង ថ្មីៗនេះមានការលើកឡើងថាអង្គការណាតូគួរបញ្ជូនកងទ័ពទៅឈរជើងនៅរុស្ស៊ី។ ចំណុចនេះត្រូវរុស្ស៊ីច្រានចោលជាដាច់ខាត។ រុស្ស៊ីយល់ថាការធ្វើបែបនេះមិនមែនជាការថែរក្សាសន្តិភាពទេ ប៉ុន្តែជាការបង្កបញ្ហាទៅវិញទេ។ ការបញ្ជូនកងទ័ពរបស់ណាតូទៅកៀកនឹងរបងផ្ទះរបស់រុស្ស៊ីនឹងធ្វើឱ្យសភាពការណ៍តានតឹងដល់ដំណាក់កាលគ្រប់គ្រងលែងបាន៕
ចែករំលែកព័តមាននេះ