ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដោយឡែកពីគ្នា ប៉ុន្តែមានភាពប្រទាក់ក្រឡាគ្នា ដើម្បីបេសកកម្មរួម គឺប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។ នៅពេលដែលរដ្ឋាភិបាលត្រូវធ្វើអភិបាលកិច្ច ការតាក់តែងគោលនយោបាយ…
ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដោយឡែកពីគ្នា ប៉ុន្តែមានភាពប្រទាក់ក្រឡាគ្នា ដើម្បីបេសកកម្មរួម គឺប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។
នៅពេលដែលរដ្ឋាភិបាលត្រូវធ្វើអភិបាលកិច្ច ការតាក់តែងគោលនយោបាយ និងធានាសុខុមាលភាពរបស់ប្រជាជន ធានាស្ថេរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីជាអំណាចទីបួន ដោយដើរតួនាទីជាអ្នកឃ្លាំមើលផ្សាយព័ត៌មានពិត និងត្រឹមត្រូវ និងផ្តល់វេទិកាសម្រាប់ការពិភាក្សាសាធារណៈ ។
ការសហការជាមួយគ្នារវាងរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែជួយដល់ទាំងរដ្ឋាភិបាល និងសារព័ត៌មានទេ ប៉ុន្តែវាក៏ចាំបាច់សម្រាប់ការរីកចម្រើន ធ្វើឲ្យមានតម្លាភាព និងស្ថិរភាពរបស់ប្រទេសផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងជាច្រើនដងអំពីសារសំខាន់នៃសារព័ត៌មានមានវិជ្ជាជីវ: ដើម្បីជួយធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីការពិតនៃសង្គម ដើម្បីធ្វើជាស្ពានព័ត៌មានពីរដ្ឋាភិបាលទៅប្រជាជន និងពីប្រជាជនទៅរដ្ឋាភិបាល ។
ខណ:ដែលថ្នាក់ដឹកនាំមិនអាចពឹងផ្អែកទាំងស្រុងលើព័ត៌មានដែលផ្តល់ដោយមន្ត្រីនោះសារព័ត៌មានអាចជាជំនួយបន្ថែមតាមសេចក្តីរាយការណ៍ពិត និងមានប្រយោជន៍សម្រាប់រដ្ឋាភិបាលឈានដល់ការសម្រេចចិត្តចាត់ចេញជាវិធានការជាក់ស្តែងដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសជាតិ ។
តួនាទីចម្បងរបស់រដ្ឋាភិបាល គឺបម្រើប្រយោជន៍សាធារណៈដោយការបង្កើតនយោបាយ និងអនុវត្តគោលនយោបាយទាំងនោះដែលធ្វើឲ្យជីវិតប្រជាជនប្រសើរឡើង ។ នេះរួមបញ្ចូលការផ្តល់ព័ត៌មានច្បាស់លាស់អំពីច្បាប់ការអនុវត្តច្បាប់ សកម្មភាពការងាររបស់រដ្ឋាភិបាល ការអភិវឌ្ឍ ព្រមទាំងការងារធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជន ។ ក្នុងន័យនេះ មន្ត្រីរដ្ឋ ពិសេសអ្នកនាំពាក្យត្រូវធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសារព័ត៌មាន គាំទ្រសារព័ត៌មាន និង សម្រួលផ្តល់ព័ត៌មានដល់សារព័ត៌មាន ដើម្បីផ្តល់បន្តដល់ប្រជាជន ។
នៅក្នុងបរិបទព័ត៌មានលឿនដូចផ្លេកបន្ទោរ លំហូរព័ត៌មានរហ័សពីរដ្ឋាភិបាលដល់សារព័ត៌មាននឹងធ្វើអោយសារព័ត៌មានប្រកបដោយវិជ្ជាជីវ:អាចទទួលបានព័ត៌មាននានាយកទៅផ្សាយបន្តជូនប្រជាជន ហើយជាចំណែកមួយនៃការទប់ស្កាត់ព័ត៌មានក្លែងក្លាយនានា ដែលកំពុងរីករាលដាល់តាមបណ្តាញសង្គម ។
រដ្ឋាភិបាល និងសារព័ត៌មានប្រៀបដូចជា ផ្នែកទាំងសងខាងនៃកាក់មួយដែលត្រូវការគ្នាទៅវិញទៅមក ដើម្បីបំពេញតួនាទីរៀងៗខ្លួនអោយមានប្រសិទ្ធភាពក្នុងបេសកកម្មរួម គឺប្រយោជន៍ជាតិ និងប្រជាជន ។
ការខកខាន ឬការផ្តល់ព័ត៌មានមិនរហ័សដល់សារព័ត៌មាននឹងមិនត្រឹមតែមិនអាចអោយសារព័ត៌មានបំពេញតួនាទីរបស់ខ្លួនបានល្អនោះទេ វាថែមទាំងធ្វើអោយមានការយល់ច្រឡំក្នុងចំណោមមហាជនដែលទទួលព័ត៌មានមិនបានគ្រប់គ្រាន់អំពីសមិទ្ធិផលការងាររបស់រដ្ឋាភិបាល ។
នៅពេលដែលស្ថាប័នទាំងពីរនេះធ្វើការចុះសម្រុងគ្នាវាកាន់តែបង្កើនប្រយោជន៍ជាតិ បង្កើតទំនុកចិត្ត និងពង្រឹងប្រជាធិបតេយ្យ ។
ឧទាហរណ៍ នៅពេលមានស្ថានការណ៍អាសន្ន ដូចជា ភេរវកម្ម វិបត្តិសេដ្ឋកិច្ច ឬ សុខភាព ស្ថាប័នរដ្ឋាភិបាលអាចប្រកាសព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដើម្បីអោយប្រជាជនបានត្រៀមខ្លួន និងសង្គ្រោះជីវិតដល់ជីវិតរបស់ពួកគេ ។
ទំនាក់ទំនងល្អ រវាងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក៏មានអត្ថប្រយោជន៍សំខាន់សម្រាប់ប្រជាជន ។ ប្រជាជនអាចទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដែលធ្វើឲ្យមានការសម្រេចចិត្តបានត្រឹមត្រូវក្នុងជីវិតរស់នៅ ។ ការសហការនេះក៏បង្កើតវប្បធម៌នៃតម្លាភាពដែលបង្កើនការជឿទុកចិត្តរបស់ប្រជាជន ។
នៅក្នុងបរិបទ ព័ត៌មានក្លែងក្លាយកំពុងកើតមានយ៉ាងរាលដាលលើប្រព័ន្ធផ្សព្វផ្សាយសង្គមវាកាន់តែតម្រូវអោយមានភាពចាំបាច់ក្នុងការសហការរវាងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើការជាមួយគ្នាទប់ស្កាត់ការរាលដាលនៃព័ត៌មានមិនពិត ។
តាមរយៈការគោរព និងសហការគ្នារដ្ឋាភិបាល និងសារព័ត៌មានអាចលើកកម្ពស់តម្លាភាព បង្កើតទំនុកចិត្ត និងបង្កើតមូលដ្ឋានសម្រាប់សង្គមដ៏រឹងមាំ ៕
ចែករំលែកព័តមាននេះ