ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា
រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P….
រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P….
រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃជំនួប លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមាសភាពគណៈប្រតិភូ នៃដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិក នៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សា បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ច ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងក្រសួងពាណិជ្ជកម្មកម្ពុជា ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន ៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ) អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រី ក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយ ចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះ នឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិន នៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម ។
សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានា សម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។
បន្ថែមលើសនេះ សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ច ក៏បាននិងកំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ ៕
ចែករំលែកព័តមាននេះ