ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៤ អ្នក​ភ្នំពេញ​រក​ឃើញ​ផ្ទុកមេរោគ​អេ​ដស៍ជាង​១​ពាន់​នាក់ ខណៈ​អ្នក​ជំងឺអេដស៍​សកម្ម​ជាង​២​ម៉ឺន​នាក់ ​កំពុង​ទទួល​ការ​ព្យាបាល

20 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ភ្នំពេញ គឺជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌…

រាជធានី​ភ្នំពេញ​ ៖ ភ្នំពេញ គឺជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប ៦៩៥,៤៦​គីឡូ​ម​ម៉ែត្រ មាន​១៤​ខណ្ឌ​, ១០៥​សង្កាត់ និង​៩៥៣​ភូមិ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប ១,៨៤១,៦៦៦ ស្រី ៩៥៤,៤៧២ ស្ថិត​នៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​កម្ពុជា ត្រង់​ទន្លេចតុមុខ ជា​ចំណុចប្រសព្វ​រវាង ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេសាប និងទន្លេបាសាក់ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់​នឹង​ស្រុក​អង្គស្នួល ខាងកើត​ទល់​នឹង​ក្រុង​អរិយ​ក្សត្រ ស្រុក​គៀនស្វាយ ខាងជើង​ទល់​នឹង​ស្រុក​មុខកំពូល ស្រុក​ពញាឮ ខាងត្បូង​ទល់​នឹង​ស្រុក​កណ្តាលស្ទឹង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២៤​កន្លង​មកនេះ មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ៤៦២,០៣១​នាក់​ អ្នកជំងឺ​ករណី​ថ្មី មាន​ចំនួន ៣១០,០៦៣​នាក់​ អ្នកជំងឺ​សម្រាក​ពេទ្យ មាន​ចំនួន ១១៣,១២៤​នាក់​ មនុស្ស​ពេញវ័យ (១៥-៤៥​ឆ្នាំ​) បានមកទទួល​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ដោយ​ស្ម័គ្រចិត្ត និង​រក្សា​ការ​សម្ងាត់ ចំនួន ៤១,១៥៨​នាក់​, តេស្ត​ឈាមមាន​លទ្ធផល​មេរោគ​អេ​ដស៍​(វិជ្ជមាន) ចំនួន ១,២៨១​នាក់​។ របាយ​ការ​បន្ត​ថា អ្នក​ជំងឺអេដស៍​សកម្ម ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍ ចំនួន ២៥,០៩៤​នាក់ ក្នុងនោះ​ស្រីមាន​ចំនួន ៩,៩៨៦​នាក់​ ។

ចំពោះ​ពិនិត្យ​ផ្ទៃពោះ​ស្ត្រី​ មុន​ពេល​សម្រាលកូន បាន​ចំនួន ១៦៤,៣៩៧​នាក់​, ចំនួន​ស្ត្រី​សម្រាលកូន​សរុប ៦,៩២២នាក់​, ចំនួន​ស្ត្រី​ពន្យារកំណើត​បន្ត​សរុប ៨,៥០៩​នាក់​។ បាន​ផ្តល់​ថ្នាំ​បង្ការ​ជំងឺរបេង​ដល់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ បាន​ចំនួន​១៧,២៦៦​នាក់​, ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស ដល់​ស្ត្រី​មាន​ផ្ទៃពោះ បាន​ចំនួន ៥៣,៣៦៤​នាក់ និង​បាន​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស​ដល់ ស្ត្រី​វ័យ​បន្ត​ពូជ អាយុ​ពី ១៥-៤៤​ឆ្នាំ បាន​ចំនួន ៤០,៥៨៧​នាក់ និង​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ដោយ​លើកលែង​បង់ថ្លៃ​សេវា ចំនួន ៥២,៤៩៦​នាក់ បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្រោម​គម្រោង​មូលនិធិ​សមធម៌​ចំនួន ១០០,៩១៧​នាក់ និង​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​គម្រោង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ចំនួន ១៩៧,៨៦២​នាក់ ​។

បាន​ផ្តល់​សេវា​ពិនិត្យ​មុន​ពេល​សម្រាល សម្រាលកូន និង​ពិនិត្យ​ក្រោយ​សម្រាល ព្រមទាំង​ការ​តាមដាន សុខភាព​កុមារ ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ ដែល​ទទួល​ការ​បង់ថ្លៃ ជំនួស​ដោយ​មូលនិធិ​សមធម៌ និង​ទទួល​ថវិកា​ឧបត្ថម្ភ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល មាន​ចំនួន ១២.៦៩៦​នាក់​។ ការងារ​ប្រយុទ្ធ​នឹង​ជំងឺរបេង​៖ ជំងឺរបេង​BK(+) ៦៤០​ករណី​, របេង​BK(-)/Clinic ៥៨៣​ករណី និង​របេង ក្រៅ​សួត ៥០៧​ករណី​។ បាន​ចុះ​ពិនិត្យ​សាកសព និង​ចេញ​លិខិតអនុញាត​ឱ្យ​បូជា​ឬ​បញ្ចុះសព សរុប​ចំនួន ១.៤៧០​នាក់​។ សព​ដែល ត្រូវ​បាន​បូជា មាន​ចំនួន ១.១៤១​នាក់ និង បញ្ចុះ មាន​ចំនួន ៣២៩​នាក់ ​។

របាយ​ការ​ណ៏​ដដែល​បាន​បញ្ជាក់​ថា បាន​សហការ​ជាមួយ​កងកម្លាំង​សង្គ្រោះ​ចំណុះ​កងពលតូច​លេខ​៧០​ចំនួន​៦៧​នាក់ នៃ​កងទ័ពជើងគោក ចុះ ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​ឆ្នាំ​២០២៤​នេះ ចំនួន​០២​លើក នៅ​តាម​មូលដ្ឋាន​ខណ្ឌ សង្កាត់ ភូមិ សហគមន៍ សាលារៀន វត្ត លូ និង​ប្រឡាយ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន ១៨ គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មូស​ខ្នាត​តូច​ចំនួន ៣៤​គ្រឿង និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី ភ្នំពេញ​ចំនួន ០៣​រូប ដោយ​ប្រើ​រថយន្ត​១​គ្រឿង ម៉ាស៊ីន​ធំ​១​គ្រឿង និង​ម៉ាស៊ីន​តូច​១​គ្រឿង និង​ការិយាល័យ សុខាភិបាល ស្រុក​ប្រតិបត្តិ​ទាំង​៧ ដោយ​មានការ​សម្រប​ម្រួ​ល​ពី​អាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ សហគមន៍ និង គណៈ​គ្រប់គ្រង​សាលារៀន​ផង​ដែរ​។ យុទ្ធនាការ​ទាំង​ពីរ​លើក​នេះ​ប្រើ​រយៈពេល​២៩​ថ្ងៃ ក្រុមការងារ​បាន​បាញ់ ថ្នាំ​សម្លាប់​មូស​នៅ​តាម​សង្កាត់​ទាំង​១០៥ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​អស់​ប្រេងម៉ាស៊ូត​ចំនួន ១០.៦០០​លី​ត្រ ប្រេងសាំង​ចំនួន ២.១៣០​លី​ត្រ និង​ថ្នាំ​បាញ់​សម្លាប់​មូស (Insecticide for Spraying 1000ml ដែល​បើក​មក​ពី​ឃ្លាំង​ឱសថ​កណ្តាល​របស់​ក្រសួងសុខាភិបាល​) ចំនួន ១.២០៩​លី​ត្រ​ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៤​ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៥​ មាន​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២​ ខែមករា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ពិធី​បើក​ស្ថិត​ក្នុង​អ​ធ​បតី​ភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងលោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំណែក​ពិធី​បិទ​សន្និបាត ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ