ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ា.ន! សហព័ន្ធកីឡាប្រដាល់គុនខ្មែរព្រមា.នកីឡាករ១៥​រូបជាសាធារណៈ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កុំចេះតែហ៊ាន! សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អនុវត្ដ​វិធានការ​ទី​១ ក្នុង​ការ​ដាក់​ពិន័យលើ​កីឡាករ១៥​រូប ដែល​បាន​ល្មើស​បម្រាម​ការ​ប្រកួត​សម្រាក​មាន​រយៈពេល​តិច​ជាង២​ស​ប្ដា​ហ៍​ ។ នេះ​បើ​តាម​របាយការណ៍ ស​ប្ដា​ហ៍​ទី​១…

រាជធានីភ្នំពេញ ៖ កុំចេះតែហ៊ាន! សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អនុវត្ដ​វិធានការ​ទី​១ ក្នុង​ការ​ដាក់​ពិន័យលើ​កីឡាករ១៥​រូប ដែល​បាន​ល្មើស​បម្រាម​ការ​ប្រកួត​សម្រាក​មាន​រយៈពេល​តិច​ជាង២​ស​ប្ដា​ហ៍​ ។ នេះ​បើ​តាម​របាយការណ៍ ស​ប្ដា​ហ៍​ទី​១ និង​ស​ប្ដា​ហ៍​ទី​២ ក្នុង​ខែមករា របស់​អនុ​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ហើយត្រូវ​បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥​។

កីឡាករ១៥រូប​ដែល​រង​ពិន័យជា​ការ​ព្រមាន​ជា​លាយ​លក្ខ​ណ៍អក្សរ និង​ប្រកាស​ជា​សាធារណៈ​នោះរួម​មាន​កីឡាករ ធន់ គឹ​ម​ឡុ​ង និង ធន់ អៀង​ឡុ​ង មកពីក្លិប​មជ្ឈមណ្ឌល​កីឡា​កង​យោធពលមរភូមិន្ទ​, កីឡាករ រិ​ទ្ធី មាន់ព្រៃ មក​ពី​ក្លិប​ប្រដាល់​គុនខ្មែរ Super Fight & Gym ។ កីឡាករ សោម ពិសិដ្ឋ និង ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កីឡាករ ជុន រាត្រី មក​ពី​ក្លិប​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ ។ កីឡាករ ម៉​ន ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កង​ទ័​ពជើង​គោក ។ កីឡាករ ម៉ា​លី អគ្គី​នេត្រ មក​ពី​ក្លិប​អិន​ភី​អិន សសុ​ម៉ា​លី​គុន​ខ្មែរ ។ កីឡាករ សឹ​ង្ហ ឡេ​ង មក​ពី​ក្លិប​អេ​ភូ​ថង​គុន​ខ្មែរ ។ កីឡាករ ឆួ​ន បួន មក​ពី​ក្លិប​ញ្ជា​ការដ្ឋាន​ទ័ព​ពិសេស ។ កីឡាករ ខន ទិ​ត្យ​វិច្ឆិកា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ កីឡាករ សូត្រ ខេ​វិ​ន និង​កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ។ កីឡាករ ហាប់ ខា មក​ពី​ក្លិប​នាគរាជ​ចតុមុខ និង​កីឡាករ នី នរ​មហា​អាគម​ន៍ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។

លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបានបកស្រាយ​ថា«​លើក​ទី​មួយ​នេះ យើងមិនមែន​មិន​ឲ្យ​ពួក​គាត់​ឡើង​ប្រកួត​ទេ យើង​គ្រាន់តែ​ព្រមាន​គាត់​។
យើងនឹង​ដាក់​ពិន័យ​ពួក​គាត់ លើក​ទី​២ ដោយ​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​។

គួរ​រំលឹកផងដែរថា កាលពី​ថ្មី​ៗ សហព័ន្ធ​បាន​សម្រេច​ជូនដំណឹង​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា​របស់​សហព័ន្ធ ស្ដី​ពី​ការ​ចាប់​គូ​កីឡាករ​-​កីឡាការិនី​ប្រកួត​ប្រចាំ​ស​ប្ដា​ហ៍​តាម​ស្ថានីយទូរទស្សន៍ និង
​កម្មវិធី​ប្រកួត​ផ្សេង​ៗ ដោយ​ត្រូវ​គោរព​តាម​បទបញ្ជា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត​របស់​សហព័ន្ធ ខណៈ​កីឡាករ​-​កីឡា​កា​រិ​នី​ប្រព្រឹត្ត​កំហុស​ដដែល​ៗ ប្រឈម​នឹង​ការ​ដក​សិទ្ធ​ិបញ្ឈប់​ការ​ប្រកួត​រៀង​រហូត ។

ការ​សម្រេច​នេះ ក្រោយ​ពិនិត្យ​ឃើញ​ថា ការ​ចាប់​គូប្រកួត​កីឡាករ​-​កីឡាការិនី​តាម​ស្ថានីយទូរទស្សន៍ និង​កម្មវិធី​ប្រកួត​ផ្សេង​ៗ​មួយ​ចំនួន មិន​ទាន់​បាន​យកចិត្តទុកដាក់​ដល់​សុខភាព កាយសម្បទា និង​គុណ​ផល​របស់​កីឡាករ​-​កីឡាការិនី​នៅឡើយ ។ ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត បញ្ញា​ស្មារតី និង​គុណ​ផល​របស់​កីឡាករ​-​កីឡាការិនី​បាន​ល្អ​យូរអង្វែង សហព័ន្ធបាន​ស្នើ​ដល់​ដៃគូ​អ​ភិវ​ឌ្ឍ​ទាំងអស់ សហការ និង​អនុវត្ត​តាម​បទបញ្ជា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត ដោយ​កំណត់​លក្ខខណ្ឌ៩​ចំណុច ។

ក្រៅពី​នេះ សម្រាប់​កីឡាករ​-​កីឡាការិនី​មិន​អនុវត្ត​តាម សហព័ន្ធ​ក៏​មាន​វិធានការ​ចំនួន៥ សម្រាប់​ណែនាំ និង​ដាក់​វិន័យ​ផង​ដែរ រួម​មាន​៖
១-ត្រូវ​ធ្វើការ​ណែនាំ ឬ​ព្រមានដោយ​ការ​ស្តីបន្ទោស​ចំពោះ​មុខ ឬ​រដ្ឋបាល​ជា​លាយ​លក្ខ​ណ៍អក្សរ បើសិនជា​កំហុស លើក​ទី​១ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ ដោយ​រក្សា​ឈ្មោះ​ទុក​នៅ​ជា​កីឡាករ​-​កីឡាការិនី​ធម្មតា​។
២-ផ្អាក​មិន​ឱ្យ​ចូលរួម​ប្រកួត​រយៈពេល៦​ស​ប្តា​ហ៍ នៅ​គ្រប់​សង្វៀន​ប្រដាល់​គុន​ខ្មែរ ចំពោះ​កីឡាករ កីឡាការិនី​ណា​ដែល​ប្រព្រឹត្ត​កំហុស​លើក​ទី​២ ។

៣-ផ្អាក​មិន​ឱ្យ​ចូលរួម​ប្រកួត​រយ​:​ពេល ៣​ខែ នៅ​គ្រប់​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ចំពោះ​កីឡាករ កីឡាការិនី​ណា​ដែល​ប្រព្រឹត្ត​កំហុស​លើក​ទី​៣​។
៤-ផ្អាក​មិន​ឱ្យ​ចូលរួម​ប្រកួត​រយ​:​ពេល៦​ខែ នៅ​គ្រប់​សង្វៀន​ប្រដាល់​គុន​ខ្មែរ ចំពោះ​កីឡាករ កីឡាការិនី​ណា​ដែល​ប្រព្រឹត្ត​កំហុស​លើក​ទី​៤​។
៥-បញ្ឈប់​មិន​ឱ្យ​ចូលរួម​ប្រកួត​ជា​រៀង​រហូត និង​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​របស់​សហព័ន្ធ ចំពោះ​កីឡាករ កីឡាការិនី​ណា​ដែល​ប្រព្រឹត្ត​កំហុស មិន​ព្រម​កែប្រែ​ចំនួន៥​លើក​ឡើង​ទៅ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ