ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ទម្លាក់​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ការ​រក្សា​លំនឹង​ថ្លៃ​ស្រូវ​របស់​កសិករ ពេល​នេះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ការ​រក្សា​លំនឹង​ថ្លៃ​ស្រូវ​របស់​កសិករ​នា​ពេល​នេះ នេះ​បើ​តាម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ការ​រក្សា​លំនឹង​ថ្លៃ​ស្រូវ​របស់​កសិករ​នា​ពេល​នេះ នេះ​បើ​តាម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ស្តី​ពី «​ស្ថានភាព​ថ្លៃ​ស្រូវ និង​ការ​ប្រមូល​ផល​ស្រូវប្រាំង​» ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត កៅ ថា​ច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បានឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារ ARDB បាន​ទម្លាក់​ថវិកា ៥​លើក​រួច​មក​ហើយ ដើម្បី​អភិវឌ្ឍន៍ វិស័យ​ស្រូវ​អង្ករ និង​រក្សា​ស្ថេ​រ​ភាព​ថ្លៃ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២០០​លាន​ដុល្លារ ខណៈ​នៅ​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ការ​រក្សា​លំនឹង​ថ្លៃ​ស្រូវ​របស់​កសិករ​នា​ពេល​នេះ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា បញ្ហា​ស្រូវ​អង្ករ គឺជា​បញ្ហា ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ព្រោះ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ស្បៀង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ហេតុ​ដូច្នេះ​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៦ មក​រាជរដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជា​បន្តបន្ទាប់ ដែល​រហូត​មក​ដល់ ពេល​នេះ ទម្លាក់​បាន​៥​លើក​រួច​មក​ហើយ ដើម្បី​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ​ទាំងមូល និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ និង​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព​ថ្លៃ ដែល​ក្នុង​នោះ​ធនាគារ ARDB ដើរតួ​នាទី ជា​អ្នក​បញ្ចេញ​ថវិកា ។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​មក​ទល់​ពេល​នេះ ទុន​ពិសេស ដែល​បាន​ទម្លាក់ មាន​ទំហំ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ ក្នុង​នោះ​ទុន​វិនិយោគ​ប្រមាណ​៣០ លាន​ដុល្លារ ប៉ុណ្ណោះ ក្រៅពី​នោះ​គឺជា​ទុន​សម្រាប់​បង្វិល​ទិញ​ស្រូវ និង​កែ​ច្នៃ​អង្ករ​លក់ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​ពន្យល់​ថា «​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ណាស់ ទៅ​លើ​វិស័យ​កសិកម្ម​ជា​ពិសេស​ប្រជា​កសិករ ហើយ​យើង​ឃើញ​ថា នៅ​សម័យ​កូ​វី​ដ មាន​ទុន​ច្រើន​ណាស់ ដែល​បាន​ទម្លាក់ ដើម្បី​ឱ្យ​កសិករ​មាន​មាន​លំនឹង​ជីវភាព ដែល​អាច​រស់នៅ​បាន មិន​ធ្លាក់​ក្រោម​បន្ទាត់​ក្រីក្រ ឬ​ធ្លាក់​ក្រោម​បន្ទាត់​ក្រីក្រ​តិចតួច ពោល​គឺ​មាន​ទុន​ជា​ច្រើន ដែល​បាន​ដាក់​ចេញ​មក មាន​ទាំង​បន្លែ សាច់ ការ​ចិញ្ចឹមសត្វ និង​ផ្សេង​ៗ​ថែម​ទៀត​» ។

សូម​ជម្រាប​ថា ទុន​ពិសេស ដែល​រាជរដ្ឋាភិបាល​បាន​ទម្លាក់​រួម​មាន ៖ លើក​ទី​១ នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ​២ ០១៦, លើក​ទី​២ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦, លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧, លើក​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​ឆ្នាំ​២០២០ និង​លើក​ទី​៥ នៅ​ខែមីនា ឆ្នាំ​២០២៤ ។

ទាក់ទិន​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​នៅ​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​ថា ការ​ធ្វើ​សកម្មភាព​តវ៉ា បិទផ្លូវ មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ ប៉ុន្ដែ​អ្វី​ដែល​គួរ​ធ្វើ​នោះ ត្រូវ​នាំ​គ្នា​ជ្រើសរើស​ដំ ណោះ​ស្រាយ​ណាមួយ ដែល​អាច​ដើរទៅ​បាន​ទាំងអស់​គ្នា គឺ​ល្អ​ប្រសើរ​ជាង ។

ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចង់​លើក​អំពី​អ្វី ដែល​ជា​មិនមែន​ដំណោះស្រាយ គឺ​ការ​បិទផ្លូវ វា​អត់​មាន​ជា​ដំណោះស្រាយ​នោះ​ទេ នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ គេ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​អ្វីមួយ គឺ​ដើម្បី​ទាមទារ​ឲ្យ​អ្នកដឹកនាំ​បានដឹង​អំពី​បញ្ហា​របស់​គេ​» ។

បន្ថែម​លើស​ពី​នេះ ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា ពេល​នេះ មិនមែន​ជា​ការ​ស្ដីបន្ទោស​គ្នា​នោះ​ឡើយ ហើយ​ការ​ស្ដីបន្ទោស​គ្នា មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្ដែ​ព្យាយាម​មើល​ការ​ពិត​ទាំងអស់​គ្នា ហើយ​ជ្រើសរើស​ដំណោះស្រាយ ដើរទៅ​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ឌិ​ត ទីណា បាន​លើកទឹកចិត្ដ​ដល់​ប្រជាពលរដ្ឋ ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរ​សព្ទ ១២៨៩ ឬ​ក៏​ទៅ​រាយការណ៍ ទៅ​កាន់​មន្ដ្រី​កសិកម្ម​តាម​ភូមិ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ នូវ​បញ្ហា​ដែល​យើង​បាន​ជួប​ប្រទះ​។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​បិទផ្លូវ​ជា​លេខ​៥ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​ស្នើ​ឲ្យ​ក្រសួងកសិកម្ម​ជួយ​ដោះស្រាយ​បញ្ហា​ស្រូវ​របស់​ពួក​គាត់​ចុះថ្លៃ ។

បន្ទាប់​មក នៅ​ថ្ងៃ​១៤ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ស្រូវ និង​ពន្យល់​ពី​ការ​ជ្រើសរើស​ពូជស្រូវ ការ​ចងក្រង​ជា​សហគមន៍​ទំនើប​ដល់​កសិករ នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

ថ្លែង​ក្នុង​ឱកាស​ចុះ​ជួប​កសិករ​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​ធ្វើការ​បិទ​ផ្លូ វ​ជាតិ​លេខ​៥​នោះ ឯកឧត្តម​រដ្ឋមន្ត្រី គុណ​គូរ​ថ្លៃដើម​ចំណាយ​ជាមួយ​កសិករ និង​រក​ឃើញ​ថា កសិករ​ពួក​គាត់​លក់​ស្រូវ​បាន ៩៥០​រៀល ក្នុង​១​គីឡូក្រាម ពួក​គាត់​មិន​បាន​ខាតបង់​ទេ គ្រាន់តែ​ប្រាក់​ចំណេញ​របស់​ពួក​គាត់​តិច​ជាង​មុន ដែល​ពី​មុន​ស្រូវ​មាន​តម្លៃ​ប្រមាណ ១,០០០​រៀល ក្នុង​១​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ