ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ខិត​ខំ​កែ​លម្អ​កោះ​ភូកេត​ឡើង​វិញ​ដែល​បំពុល​ដោយ​សំរាម

1 ថ្ងៃ មុន

ទី​ក្រុង​បាងកក៖ ​កោះ​ភូកេត​ដែល​ធ្លាប់​ល្បី​ថា​ជា​ឋាន​សួគ៌​លោកិយ​របស់​ពិភព​លោក​នោះ​ឥឡូវ​នេះ​ចាប់​ផ្ដើម​ស្រអាប់​កិត្តិយស​បន្តិច​វិញ​ដោយ​សារ​បញ្ហា​កាក​សំណល់​យ៉ាង​ច្រើន​គរ​ដូច​ភ្នំ​ដែល​មើល​ទៅ​ប្រៀប​បាន​នឹង​វាល​ចាក់​សំរាម​​​។ ហេតុ​នេះ អាជ្ញា​​ធរ និង​ក្រុម​អ្នក​បរិស្ថាន​កំពុង​ខិត​ខំ​ស្ដារ​មុខ​មាត់​កោះ​ដ៏​ល្បី​នេះ​ឡើង​វិញ​ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​រៀប​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​អ្នក​ទេស​ចរ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នៅ​ក្នុង​ចំណោម​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​សរុប​ជាង​៣៥​​លាន​នាក់​កាល​ពី​ឆ្នាំ​២០២៤ ជាង​១៣​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​កោះ​ភូកេត​។ ម៉្លោះ​ហើយ​ មួយ​ថ្ងៃ​ៗ​គេ​ឃើញ​តែ​សំរាម​ កាក​សំណល់…

ទី​ក្រុង​បាងកក៖ ​កោះ​ភូកេត​ដែល​ធ្លាប់​ល្បី​ថា​ជា​ឋាន​សួគ៌​លោកិយ​របស់​ពិភព​លោក​នោះ​ឥឡូវ​នេះ​ចាប់​ផ្ដើម​ស្រអាប់​កិត្តិយស​បន្តិច​វិញ​ដោយ​សារ​បញ្ហា​កាក​សំណល់​យ៉ាង​ច្រើន​គរ​ដូច​ភ្នំ​ដែល​មើល​ទៅ​ប្រៀប​បាន​នឹង​វាល​ចាក់​សំរាម​​​។ ហេតុ​នេះ អាជ្ញា​​ធរ និង​ក្រុម​អ្នក​បរិស្ថាន​កំពុង​ខិត​ខំ​ស្ដារ​មុខ​មាត់​កោះ​ដ៏​ល្បី​នេះ​ឡើង​វិញ​ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​រៀប​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​អ្នក​ទេស​ចរ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

នៅ​ក្នុង​ចំណោម​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​សរុប​ជាង​៣៥​​លាន​នាក់​កាល​ពី​ឆ្នាំ​២០២៤ ជាង​១៣​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​កោះ​ភូកេត​។ ម៉្លោះ​ហើយ​ មួយ​ថ្ងៃ​ៗ​គេ​ឃើញ​តែ​សំរាម​ កាក​សំណល់ និង​កំប៉ុង​ស្រាបៀរ​ដែល​ភ្ញៀវ​បោះ​​ចោល​ពាស​វាល​ពាស​កាល​។ អាជ្ញា​ធរ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​​ទង្វើ​របស់​ពួកគេ​ទេ​​ដើម្បី​ជៀស​វាង​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ចំពោះ​អ្នក​ទេស​ចរ​ដែល​យក​លុយ​ទាំង​ដុំ​ៗ​ទៅ​ចាយ​នៅ​ស្រុក​ថៃ​។ ដូច្នេះ​ ពួក​គេ​មាន​តែ​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​សំរាម​តែ​ប៉ុណ្ណោះ​។

​ការ​បោះ​ចោល​សំរាម​ច្រើន​ដល់​ថ្នាក់​នេះ​ក៏​ជា​សក្ខី​ភាព​បញ្ជាក់​ថា​វិស័យ​ទេស​ចរណ៍​ចាប់​ផ្ដើម​មាន​សម្ទុះ​ឡើង​វិញ​ហើយ​។ ​ក្រឡេក​ទៅ​មើល​ជ្រុង​មួយ​នៃ​កោះ​ភូកេត​ គេ​ឃើញ​រថ​យន្ត​ និ​ង​អេស្កា​វ៉ាទ័រ​​​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ដឹក​ជញ្ជូន​​​សំរាម​មក​ចាក់​ចោល​​នៅ​ទី​នេះ​។ អាជ្ញា​ធរ​ប្រាប់​ថា​សំរាម​ដែល​ដឹក​មក​​​ទី​នេះ​មាន​ជាង​​​​១០០០​​តោន​​ក្នុង១​​ថ្ងៃ​ៗ​​​។​ ​ត្រឹម​តែ​​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ សំរាម​​គរ​ដូច​ភ្នំ​ ដល់​ថ្នាក់​ភ្នំ​ធម្ម​ជាតិ​ដែល​ធ្លាប់​មើល​ឃើញ​លឹម​​ៗ​ពី​ចម្ងាយ​ក៏​បាំង​​​ផ្ទះ​របស់​អ្នក​ស្រុក​​យ៉ាង​ជិត​ឈឹង​។​​​

នារី​ជន​ជាតិ​ថៃ​ឈ្មោះ​វ៉ាសាណា ថូយូ (Vassana Toyou) ប្រាប់​ថា​អ្នក​ស្រី​មិន​អាចធ្វើ​ដំណើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ទេ​​​។ មួយ​ថ្ងៃ​ៗ​សម្ងំ​នៅ​តែ​ក្នុង​​ផ្ទះ​ បើក​ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បីបង្កើត​បរិយាកាស​ស្រស់​ស្រាយ​នៅ​ក្នុង​គេហដ្ឋាន​។ បើ​មិន​ដូច្នេះ​ទេ​មិន​អាច​ទប់​ទល់​នឹង​ខ្យល់​អួរ​អ័ព្ទ និង​ក្លិន​ស្អុយ​អសោច​នៃ​សំរាម និង​កាក​សំណល់​ដ៏​ច្រើន​ទាំង​នេះ​ទេ​។ អ្នក​ស្រី​ប្រាប់​ថា​ពេល​ខ្លះ​នៅ​ក្នុង​ផ្ទះ​ត្រូវ​ពាក់​ម៉ាស់​ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​ក្លិន​ស្អុយ​គគ្រុក​ដូច​គំរង់​ខ្មោច​។​​

ជា​កោះ​ធំ​ជាង​គេ​របស់​ប្រទេស​ថៃ​ ភូកេត​បាន​វិវត្ត​ទៅ​រក​​​ស្ថាន​ការណ៍​​​អាក្រក់​​យ៉ាង​ឆាប់​រហ័ស​​ដោយ​សារ​​ការ​ស្ទុះ​ឡើង​​យ៉ាង​គំ​ហុក​នៃ​វិស័យ​ទេស​ចរណ៍​ដែល​​ជា​វិស័យ​​សំខាន់ណាស់​​សម្រាប់​ថៃ​ និង​ដែល​នាំ​ប្រាក់​ចំណូល​រាប់​សិប​ពាន់​លាន​ដុល្លារ​​ក្នុង​១​ឆ្នាំ​ៗ​​​។ អាជ្ញា​ធរ​ថ្លែង​​ថា​កំណើន​ភ្ញៀវ​ទេស​ចរ​​ហាក់​ដូច​ជា​ឆាប់​រហ័សលើស​ពី​​​សមត្ថ​ភាព​ដែល​កោះ​នេះ​អាច​រ៉ាប់​រង​ទទួល​បាន​។​

គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ កាក​សំណល់ និង​សំរាម​ដែល​ភ្ញៀវ​បោះ​ចោល​នៅ​លើ​កោះ​នេះ​គិត​ជា​មធ្យម​១៤០០​តោន​​ក្នុង​១​​ថ្ងៃ​ៗ​។ ​​អាជ្ញា​ធរ​កំពុង​ពន្លឿន​ការ​ដោះ​ស្រាយ​​បញ្ហា​សំរាម​​ដោយ​ធ្វើ​យ៉ាង​ណា​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ខាង​មុខ​នេះ​​​ត្រូវ​តែ​កាត់​បន្ថយ​ឱ្យ​បាន​១៥%​​ ហើយ​​ត្រូ​វតែ​ពង្រីក​កន្លែង​ចាក់​សំរាម​ និង​ត្រូវ​ស្ថាប​នា​កន្លែង​កែ​ច្នៃ​សំរាម និង​ដុត​សំរាម​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ