រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែន មានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថា តើគួរចរចា ឬមិនចរចា មិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ ។
សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា ក្រោយលោកត្រាំ ឈ្នះឆ្នោត និងមុនពេលលោកត្រាំ ចូលកាន់សេតវិមាន ថ្ងៃ២០ មករា ២០២៥ ខាងមុខនេះ មានការលើកឡើង នូវយោបល់ជាច្រើន ទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព ។
សម្តេចតេជោ បានលើកឡើងថា ៖ ថ្មីៗនេះ ប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែន មិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះ ខ្ញុំប្រាកដ ជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែន កំពុងចាញ់ប្រៀប ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផង ចរចាផង ?
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា ៖ “សម្រាប់ខ្ញុំ ប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សិបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធា បានទេ កុំថាឡើយអ៊ុយក្រែន នៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀត ក៏សភាពការវានៅតែប៉ុណ្ណឹង” ។
សម្តេចតេជោ ដែលជាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានបន្ថែមថា ការជាក់ស្តែង រយៈពេលកន្លងមកនេះ កម្លាំង NATO និង EU ក៏ដូចជាអាមេរិក បានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុ និងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោក ដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះ ប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង) ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានគូសបញ្ជាក់ថា បទពិសោធន៍ ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់ កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិបរទេស គួរលើកទឹកចិត្តឲ្យចរចា ជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់ ។
សម្តេច បន្ថែមថា ៖ “បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថា ករណីអ៊ុយក្រែន ក៏ដូចគ្នា គឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថា តើគួរចរចា ឬមិនចរចា មិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ” ៕
ចែករំលែកព័តមាននេះ