រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា វិធានការចំពោះក្រុមក្មេងទំនើងនេះ ត្រូវបន្ដប្រើប្រាស់នូវយន្ដការ២ចំណុច រួមមានការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម រសៀលថ្ងៃទី១៤ មករា ឆ្នាំ២០២៥ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែម្ចាស់ការបន្ដទប់ស្កាត់ បង្ការ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រំលឹកជារឿយៗ ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា វិធានការចំពោះក្រុមក្មេងទំនើងនេះ ត្រូវបន្ដប្រើប្រាស់នូវយន្ដការ២ចំណុច រួមមាន ការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។
ឯកឧត្តមបានណែនាំឲ្យគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ត្រូវធ្វើផែនការជាក់លាក់ដោយកំណត់យក មន្ទីរអប់រំ យុវជន និងកីឡា និងស្នងការដ្ឋាននគរបាលខេត្ត ជាមុខព្រួញសំខាន់ ។ គណៈបញ្ជាការឯកភាព ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ត្រូវបន្ដគ្រប់គ្រងមុខសញ្ញាដែលមាននៅក្នុងដៃ បើសិនរកឃើញថា មានភស្ដុតាងអាចប្រព្រឹត្តបទល្មើស ត្រូវចាត់វិធានការភ្លាមៗ។ ដោយឡែក គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន អប់រំណែនាំដល់សិស្សានុសិស្សនៅក្នុងថ្នាក់រៀន ខណៈយុវជន យុវតី ដែលមិនចូលសាលា នគរបាលប៉ុស្ដិ៍ត្រូវសហការជាមួយឪពុក ម្ដាយ ឬអាណាព្យាបាល ដើម្បីធ្វើការអប់រំ និងតាមដានសកម្មភាពប្រចាំថ្ងៃ។
ចំពោះវិធានការច្បាប់វិញ ត្រូវបានឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា ក្នុងករណីមានរកឃើញវត្ថុតាងដូចជា ដាវ កាំបិត ឬវត្ថុកែច្នៃសម្រាប់ធ្វើសកម្មភាពហើយនោះ ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ។ ឯកឧត្តមបាមបន្ដថា អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺមិនអនុញ្ញាតឲ្យក្រុមក្មេងទំនើងទាំងអស់នោះ ងើបឡើងវិញជាដាច់ខាត។
ជាមួយគ្នានោះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីពេលនេះទៅ ខ្ញុំជំនួសមុខក្រុមការងារ ជំនួសមុខអភិបាលខេត្ត យើងត្រូវរួមគ្នាខេត្តកំពង់ចាមធ្វើឲ្យបាន ធ្វើឲ្យល្អ មិនចាំបាច់សម្ដេចរំលឹកទៀតឡើយ ដោយចាត់ទុកនេះជាការងារដែលយើងត្រូវធ្វើផ្ទាល់។ កំពង់ចាម គ្រប់ស្រុក គ្រប់ភូមិ ខ្ញុំសង្ឃឹមថា អាចដោះស្រាយបានបុណ្យទាន តាមផ្លូវ តាមសាលា អត់មានអំពើហិង្សាចេញពីក្មេងទំនើង»។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសរំលឹកជាថ្មី ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម និងអង្គភាពចំណុះទាំងអស់ បន្ដរួមសហការពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សេចក្ដីសុខរបស់សង្គមជាតិ ។ លើសពីនេះ ត្រូវបន្ដរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ចំពោះគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដោយផ្ដោតការយកចិត្តទុកដាក់លើបទល្មើសគ្រឿងញៀន, ក្មេងទំនើង និងបទល្មើសធនធានធម្មជាតិ។
ដោយឡែក ចំពោះរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងបណ្ដាមន្ទីរ អង្គភាព ក៏ត្រូវពង្រឹងសមត្ថភាពក្នុងការទទួលខុសត្រូវលើតួនាទី ភារកិច្ចរបស់ខ្លួន និងបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ ផ្លាស់ប្ដូរឥរិយាបថ ការប្រើប្រាស់ពាក្យសម្ដី អាកប្បកិរិយា និងជំរុញការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្ត។ នេះជាការណែនាំបន្ថែមរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ៕
ចែករំលែកព័តមាននេះ