ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេងកើនឡើង ចំពេលគ្រប់គ្នាកំពុង​តែ​ផ្តោតលើទណ្ឌកម្មថ្មីរបស់អាមេរិកលើរុស្ស៊ី

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តម្លៃប្រេងបានកើនឡើងបន្តិច នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ចំពេលការផ្តោតការយកចិត្តទុកដាក់បានងាកទៅរកផលរំខានការផ្គត់ផ្គង់ ដែលអាចកើតមានពីការដាក់ទណ្ឌកម្មថ្មីរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ…

សហរដ្ឋអាមេរិក ៖ តម្លៃប្រេងបានកើនឡើងបន្តិច នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ចំពេលការផ្តោតការយកចិត្តទុកដាក់បានងាកទៅរកផលរំខានការផ្គត់ផ្គង់ ដែលអាចកើតមានពីការដាក់ទណ្ឌកម្មថ្មីរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) លើនាវាដឹកប្រេងរបស់ក្រុមហ៊ុនរុស្ស៊ី។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមករា បានឱ្យដឹងថា តម្លៃប្រេងឆៅ Brent បានកើនឡើង ១១សេន ឬ ០.១% ក្នុងតម្លៃ ៨០.០៣ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ១.៤% នៅក្នុងការជួញដូរមុន។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ២៣ សេន ឬ ០.៣% ក្នុងតម្លៃ ៧៧.៧៣ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការធ្លាក់ចុះ ១.៦%។

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានកំណត់គោល​ដៅលើវិស័យថាមពល និងឧស្សាហកម្មប្រេងរបស់ប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន សំដៅដើម្បីកាត់ផ្តាច់មូលនិធិសម្រាប់សង្គ្រាមរបស់ក្រុងម៉ូស្គូប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រភពចំណូលដ៏ធំ និងសំខាន់បំផុតរបស់វិមានក្រឹមឡាំង ប៉ះពាល់ដល់ក្រុមហ៊ុនរាប់រយ រួមទាំងក្រុមហ៊ុនប្រេងធំជាងគេចំនួនពីររបស់ប្រទេសរុស្ស៊ី គឺក្រុមហ៊ុនភាគហ៊ុនសាធារណៈ Gazprom Neft និង Surgutneftegas។

ទណ្ឌកម្មក៏កំណត់គោលដៅនាវាដឹកប្រេងជិត២០០គ្រឿង ដែលភាគច្រើនត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃកងនាវាស្រមោល ដែលធ្វើការដើម្បីគេចពីទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មអាចធ្វើឱ្យការនាំចេញប្រេងរុស្ស៊ីខ្វះខាត ហើយមានតម្លៃថ្លៃជាងមុន ស្របពេលតម្លៃប្រេង និងថ្លៃដឹកជញ្ជូននឹងកើនឡើង។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងថាអាមេរិករំពឹងថា ទណ្ឌកម្មថ្មីនេះ នឹងធ្វើឱ្យរុស្ស៊ីខាតបង់រហូតដល់រាប់ពាន់លានដុល្លារក្នុងមួយខែ។

ជាលទ្ធផលរំលងបានប៉ុន្មានថ្ងៃ ក្រោយការប្រកាសទណ្ឌកម្មថ្មីលើរុស្ស៊ី គេសង្កេតឃើញថា យ៉ាងហោចណាស់ នាវាដឹកប្រេង៦៥គ្រឿងបានទម្លាក់យុថ្កានៅទីតាំងជាច្រើនជុំវិញពិភពលោក រួមទាំងឆ្នេរសមុទ្រចិន និងរុស្ស៊ី។ នាវាដឹកប្រេងទាំង ៥គ្រឿងបានចតនៅឯកំពង់ផែចិន ហើយ៧គ្រឿងទៀតបានបោះយុថ្កានៅប្រទេសសិង្ហបុរី ស្របពេលនាវាផ្សេងទៀតបានចតនៅជិតប្រទេសរុស្ស៊ីក្នុងសមុទ្របាល់ទិក និងចុងបូព៌ា៕ ដកស្រង់ ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ