ទីក្រុងញូដេលី៖ ថ្ងៃនេះ ឥណ្ឌាបញ្ចេញនាវាជាច្រើនគ្រឿងព្រមៗគ្នាដែលមាននាវាមុជទឹក នាវាពិឃាត និងនាវាចម្បាំងដើម្បីចេញប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា និងដើម្បីត្រៀមទប់ទល់នឹងបញ្ហាប្រឈមដែលអាចនឹងកើតមាននាពេលអនាគត។ មហាសមុទ្រឥណ្ឌាជាច្រកផ្លូវដ៏សំខាន់ជាអាយុជីវិតរបស់ឥណ្ឌា។ ក្នុងនោះ ទំនិញឥណ្ឌា៩៥%ត្រូវដឹកជញ្ជូនកាត់ទីនេះ។ ទន្ទឹមនឹងនោះ ប្រទេសចិនកំពុងរុករានទន្ទានទីចូលមហាសមុទ្រដែលធ្លាប់ជាកន្លែងវ៉ាងទីរបស់ឥណ្ឌាជាយូរមកហើយ។
លោករាហ៊ុល បេឌី (Rahul Bedi)ជាអ្នកវិភាគស្ថានការណ៍សឹក។ លោកកត់សម្គាល់ថាឥណ្ឌាបញ្ចេញនាវាមុជទឹកស៊េរីទំនើបដែលគូសវាសប្លង់ដោយប្រទេសបារាំងដោយប្រើប្រេងលាយអគ្គិសនីនោះដើម្បីជំនួសនាវាចាស់ៗដែលហួសសម័យ។ នេះជាផ្នែក១នៃយុទ្ធសាស្ត្របង្រួមគំលាតកុំឱ្យដាច់ឆ្ងាយគ្នាពេករវាងកម្លាំងជើងទឹកចិន និងឥណ្ឌា។ មានន័យថាចិនខ្លាំងជាងឥណ្ឌា។ កងទ័ពជើងទឹកចិនសព្វថ្ងៃនេះឈរលំដាប់ទី២បន្ទាប់ពីអាមេរិក។ ពោលគឺបានវ៉ាដាច់ទាំងប្រទេសរុស្ស៊ីទៅទៀត។
នាវាមុជទឹកប៉េ៧៥ ស្ករប៉ែន (P75 Scorpène) ដែលឥណ្ឌាបញ្ចេញប្រើនៅថ្ងៃនេះជាការបង្ហាញថាឥណ្ឌាអាចសាងសង់នាវាចម្បាំងក្រោមកិច្ចសហការជាមួយបារាំង។ នៅពេលចិនមានទ័ពជើងទឹកខ្លាំងដល់កម្រិតនេះ ឥណ្ឌាមិនអាចនៅស្ងៀមបានឡើយ។ ឥណ្ឌាត្រូវតែធ្វើទំនើបកម្មនាវាចរណ៍របស់ខ្លួន។ ឆ្នាំ២០២២ឥណ្ឌាបញ្ចេញនាវាដឹកយន្តហោះផលិតដោយខ្លួនឯងជាលើកដំបូង។ នេះចំណាប់ផ្ដើមនៃការពង្រីកលទ្ធភាពសាងសង់នាវា និងពង្រឹងកម្លាំងទ័ពជើងទឹកនៅមហាសមុទ្រឥណ្ឌា។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី នៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់នាវានោះ លោកថ្លែងថានេះជាផ្នែក១នៃក្ដីស្រមៃរបស់ឥណ្ឌាដើម្បីក្លាយជាមហាអំណាចខាងផលិតសម្ភារៈយោធា និងការពារសន្តិសុខលំហសមុទ្រ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌារំលេចឱ្យឃើញចំណុចសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់នេះ។ លោកយល់ថាកាលពីមុន មហាសមុទ្រអាត្លង់ទិចជាចំណុចភូមិសាស្ត្រសំខាន់។ ប៉ុន្តែបច្ចុប្បន្ននេះមហាសមុទ្រឥណ្ឌាបានចូលមកជំនួសតំណែងនេះវិញម្ដង។ ទីនេះជាកន្លែងប្រជែងគ្នារវាងមហាអំណាចពិភពលោក។
លោកថ្លែងថាឥណ្ឌាចង់ផ្ដោតសំខាន់ទៅលើការប្រែក្លាយកម្លាំងទ័ពជើងទឹករបស់ខ្លួនទៅជាមហាអំណាចដ៏ធំ១ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ បច្ចុប្បន្ន ក្រសួងការពារជាតិឥណ្ឌាកំពុងចរចាគ្នាជាមួយបារាំងដើម្បីគូសវាសប្លង់ និងសាងសង់នាវាមុជទឹកទំនើបចំនួនបីគ្រឿងបន្ថែមទៀតដែលនឹងផលិតដោយស្នាដៃជនជាតិឥណ្ឌានៅក្នុងប្រទេសឥណ្ឌាផ្ទាល់តែម្ដង។ គេរំពឹងថាភាគីទាំង២នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកម៉ូឌីទៅទីក្រុងប៉ារីសនាខែកុម្ភៈ៕
ចែករំលែកព័តមាននេះ