រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងអ៊ីរ៉ង់ ។
ការបញ្ជាក់បែបនេះ ក្នុងពេលដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី និងបានរម្លឹកអំពីការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៊ីរ៉ង់ កាលពីឆ្នាំ២០២២ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Nazari បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល ព្រមទាំងបានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់កិច្ច ព្រមព្រៀងសំខាន់ៗ រួមមានកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុនរវាងកម្ពុជា និងអឺរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រេងកាត ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ ៕
ចែករំលែកព័តមាននេះ