ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី នេ​ត សា​វឿ​ន ​៖ វិធានការ​​លើក្រុម​ក្មេ.ង.​ទំ.នើ.ង​ត្រូវ​បន្ដ​ប្រើប្រាស់​នូវ​យន្ដការ​អប់​រំ និង​ការ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​​គ្មាន​ការ​លើកលែង

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេ​ត សា​វឿ​ន បាន​គូសបញ្ជាក់​ថា វិធានការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​នេះ ត្រូវ​បន្ដ​ប្រើប្រាស់​នូវ​យន្ដការ​២​ចំណុច រួម​មានការ​ផ្សព្វផ្សាយ​អប់រំ និង​ការ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេ​ត សា​វឿ​ន បាន​គូសបញ្ជាក់​ថា វិធានការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​នេះ ត្រូវ​បន្ដ​ប្រើប្រាស់​នូវ​យន្ដការ​២​ចំណុច រួម​មានការ​ផ្សព្វផ្សាយ​អប់រំ និង​ការ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការ​លើកលែង ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិស​ដៅ​បន្ដ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម រសៀល​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៥ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ដ្រី ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​ម្ចាស់​ការ​បន្ដ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន កុំ​រង់​ចាំតែ​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា រំលឹក​ជា​រឿយ​ៗ ។

ឧបនាយករដ្ឋមន្ដ្រី នេ​ត សា​វឿ​ន បាន​គូសបញ្ជាក់​ថា វិធានការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​នេះ ត្រូវ​បន្ដ​ប្រើប្រាស់​នូវ​យន្ដការ​២​ចំណុច រួម​មាន ការ​ផ្សព្វផ្សាយ​អប់រំ និង​ការ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការ​លើកលែង​។

ឯកឧត្តម​បាន​ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម ត្រូវធ្វើ​ផែនការ​ជាក់លាក់​ដោយ​កំណត់​យក មន្ទីរ​អប់រំ យុវជន និង​កីឡា និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជា​មុខព្រួញ​សំខាន់ ។ គណៈ​បញ្ជាការ​ឯកភាព ដែល​មាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​សេនាធិការ ត្រូវ​បន្ដ​គ្រប់គ្រង​មុខសញ្ញា​ដែល​មាននៅ​ក្នុង​ដៃ បើសិន​រក​ឃើញ​ថា មាន​ភស្ដុ​តាង​អាច​ប្រព្រឹត្ត​បទល្មើស ត្រូវ​ចាត់វិធានការ​ភ្លាម​ៗ​។ ដោយឡែក គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​នៅ​ក្នុង​ថ្នាក់រៀន ខណៈ​យុវជន យុវតី ដែល​មិន​ចូល​សាលា នគរបាល​ប៉ុស្ដិ៍​ត្រូវ​សហការ​ជាមួយ​ឪពុក ម្ដាយ ឬ​អាណាព្យាបាល ដើម្បី​ធ្វើការ​អប់រំ និង​តាមដាន​សកម្មភាព​ប្រចាំ​ថ្ងៃ​។

ចំពោះ​វិធានការ​ច្បាប់​វិញ ត្រូវ​បាន​ឯកឧត្តម​សន្ដិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី សង្កត់ធ្ងន់​ថា ក្នុង​ករណី​មាន​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ដាវ កាំបិត ឬ​វត្ថុ​កែ​ច្នៃ​សម្រាប់​ធ្វើ​សកម្មភាព​ហើយ​នោះ ត្រូវ​តែ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។ ឯកឧត្តម​បា​ម​បន្ដ​ថា អនុវត្ត​តាម​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ាណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា គឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នោះ ងើបឡើង​វិញ​ជា​ដាច់ខាត​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចាប់ពី​ពេល​នេះ​ទៅ ខ្ញុំ​ជំនួស​មុខ​ក្រុមការងារ ជំនួស​មុខ​អភិបាលខេត្ត យើង​ត្រូវ​រួម​គ្នា​ខេត្តកំពង់ចាម​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​ល្អ មិន​ចាំបាច់​សម្ដេច​រំលឹក​ទៀត​ឡើយ ដោយ​ចាត់​ទុក​នេះ​ជា​ការងារ​ដែល​យើង​ត្រូវធ្វើ​ផ្ទាល់​។ កំពង់ចាម គ្រប់​ស្រុក គ្រប់​ភូមិ ខ្ញុំ​សង្ឃឹមថា អាច​ដោះស្រាយ​បាន​បុណ្យ​ទាន តាម​ផ្លូវ តាម​សាលា អត់​មាន​អំពើ​ហិង្សា​ចេញពី​ក្មេង​ទំនើង​»​។

បន្ថែម​ពី​នេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សា​វឿ​ន បាន​គូស​រំលឹក​ជា​ថ្មី ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ចាម និង​អង្គភាព​ចំណុះ​ទាំងអស់ បន្ដ​រួម​សហការ​ពង្រឹង​ស្ថេ​រ​ភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម សេចក្ដីសុខ​របស់​សង្គម​ជាតិ ។ លើស​ពី​នេះ ត្រូវ​បន្ដ​រួម​គ្នា​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​បំផុត ចំពោះ​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​បទល្មើស​គ្រឿងញៀន​, ក្មេង​ទំនើង និង​បទល្មើស​ធនធានធម្មជាតិ​។

ដោយឡែក ចំពោះ​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ និង​បណ្ដា​មន្ទីរ អង្គភាព ក៏​ត្រូវ​ពង្រឹងសមត្ថភាព​ក្នុង​ការ​ទទួលខុសត្រូវ​លើ​តួនាទី ភារកិច្ច​របស់​ខ្លួន និង​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណធម៌ ផ្លាស់​ប្ដូរ​ឥរិយាបថ ការ​ប្រើប្រាស់​ពាក្យ​សម្ដី អាកប្បកិរិយា និង​ជំរុញ​ការ​ផ្ដល់​សេវា​សា​ធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ទំនុកចិត្ត​។ នេះ​ជា​ការ​ណែនាំ​បន្ថែម​របស់​ឧបនាយករដ្ឋមន្ដ្រី នេ​ត សា​វឿ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ