រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការលើអ្នកបើកបររថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅផ្លូវ៦០ម៉ែត្រ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
គ្រោះថ្នាក់នេះ បណ្តាលឲ្យស្លាប់៣នាក់ជាឪពុកនិងកូន ហើយប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់អ្នកបើកបររថយន្តបង្កគ្រោះចរាចរណ៍នោះថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវ៦០ម៉ែត្រ ចំណុចប្រសព្វជាមួយផ្លូវបេតុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ បង្កឡើងដោយឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ បើកបររថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២BS-១០២៣ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល ០,៤៦ មិល្លីក្រាម/លីត្រ ។
រថយន្តនេះ បានរេចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១II-២៣៣០ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ និងកូន២នាក់ដែលរួមដំណើរស្លាប់នៅនឹងកន្លែង ។ ចំណែកប្រពន្ធឈ្មោះ នន ចន្ទលក្ខិណា អាយុ២៤ឆ្នាំ ដែលរួមដំណើរជាមួយដែររងរបួលធ្ងន់ ។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីបានសាកសួរ និងពិនិត្យភ័ស្តុតាងនានា តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើក
បររថយន្តឈ្មោះ សុខ សម្បត្តិ ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នដទៃស្លាប់និរបួស តាមបទប្បញ្ញតិ្តមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច«ខ» និង«គ» និងមាត្រា៨៥ កថាខណ្ឌទី២ ចំណុច«ខ» និង«គ» នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សស្លាប់ ទទួលទោសតឹងរឹងបំផុតឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងច្បាស់ៗថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ មិនអាចរួចខ្លួនដោយការបង់លុយនោះទេ គឺត្រូវតែទទួលទោសខាងព្រហ្មទណ្ឌយ៉ាងតឹងរឹុងបំផុត ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ ។
នៅក្នុងសំណុំរឿងចរាចរណ៍ គណៈកម្មាធិការដឹកនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានពិនិត្យឃើញផងដែរ នូវការអនុវត្តអស់រយៈពេលមួយឆ្នាំមកនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងយ៉ាងឆាប់រហ័ស ។ឯកឧត្តមសង្កេតឃើញថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត ហើយមានឆន្ទៈទទួលខុសត្រូវរបស់ពួកគេយ៉ាងឆាប់រហ័ស ក្នុងការសងសំណងទៅជនរងគ្រោះនោះ គឺនៅតែមានចំនួនច្រើន ទោះបីជាដឹងថា មិនអាចរួចខ្លួនពីសំណាញ់ច្បាប់ក៏ដោយ ៕
ចែករំលែកព័តមាននេះ