ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ ស្រូវ​ដែល​ធ្លាក់​ថ្លៃ​ ជា​ប្រភេទ​ស្រូវ OM មិនមែន​ស្រូវ​ចុះថោក​គ្រប់​ប្រភេទ​ទេ!

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា មួយ​រយៈពេល​នេះ​មាន​កសិករ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា មួយ​រយៈពេល​នេះ​មាន​កសិករ និង​ក្រុម​មនុស្ស​មួយ​ចំនួន បាន​និយាយ​ទៅ​ដល់​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ ប៉ុន្តែ​ពួក​គាត់​មិន​បាន​និយាយ​ទៅ​ដល់​ស្រូវ​ប្រភេទ​ណាមួយ​ធ្លាក់​ថ្លៃ​នោះ​ឡើយ​។ តាម​ពិត​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នេះ គឺ​កើតឡើង​ចំពោះតែ​ប្រភេទ​ស្រូវ OM (​ស្រូវស្រាល​) ដែល​ជា​ប្រភេទ​ពូជ​មក​ពី​ប្រទេស​វៀតណាម ដែល​អាស្រ័យ​លើ​ឈ្មួញ​អ្នកទិញ និង​ពេល​នេះ​ក្រសួងកសិកម្ម​បាន​ណែនាំ​ឱ្យ​កសិករ​គួរ​ងាក​មក​ដាំ​ដុះ​ស្រូវ​សែន​ក្រអូប​វិញ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ។

ថ្លែង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ចំពោះ​អ្នក​ធ្វើ​ស្រូវ​មែនទែន គឺ​យើង​បាន​ធ្វើការ​បែងចែក​ច្បាស់លាស់​ណាស់​ថា ប្រភេទ​ណា​ជា​ស្រូវ​ក្រអូប ប្រភេទ​ស្រូវ​អង្ករ ស ប្រភេទ​ស្រូវ អ៊ី​អ៊ា ដែល​ជា​ស្រូវស្រាល សម្រាប់​ធ្វើ​លក់​។ ចំពោះ​ស្រូវ​ដែល​ធ្វើ​លក់ OM នេះ​ដែរ ដោយសារ​កសិករ​ធ្វើ​សម្រាប់​លក់​ទៅ​កាន់​ប្រទេស​វៀតណាម​ច្រើន អ​ញ្ចឹ​ង​ការ​លក់ ស្រូវ​បែប​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​។ ដោយឡែក​សម្រាប់​ស្រូវ ដែល​យើង​ធ្វើ​សម្រាប់ រោង​ម៉ាស៊ីន​របស់​ខ្មែរ គឺ​យើង​រក្សា​ទីផ្សារ​បាន ចំណុច​នេះ គឺ​មាន​មនុស្ស​តិចតួច​ទេ ដែល​បានដឹង ។

ទាក់ទិន​ក្នុង​រឿង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​មួយ​រយៈ​ដោយសារ​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​បាន​ស្រែ​កថា ស្រូវ​ធ្លាក់​ថ្លៃ ដែល​ធ្វើ​ឱ្យ​គេ​គិត​ថា ស្រូវ​ទាំងអស់ គឺ​ធ្លាក់​ថ្លៃ​ទាំងអស់​។ ដោយឡែក ជាក់ស្តែង​កសិករ ដែល​ធ្វើ​ស្រូវ​វស្សា​លក់​ទៅ​កាន់​ទីផ្សារ​សម្រាប់​រោង​ម៉ាស៊ីន​របស់​យើង ពុំ​មាន​ជួប​បញ្ហា​ទាំង​អស់នេះ​ទេ​។ សម្រាប់​ស្រូវប្រាំង​ពេល​នេះ​មាន​បញ្ហា​ដោយសារ​យើង​សម្រុក​ធ្វើ​ចង់​ចំណេញ​ច្រើន​។ បើ​តាម​ស្ថិតិ​ការ​ធ្វើ​ស្រូវប្រាំង​នា​ឆ្នាំ​នេះ គឺ​ជាង​៧០​ម៉ឺន​ហិ​កតា ក្នុង​ទំហំ​ការ​ដាំ​ដុះ​ជាង​៧០​ម៉ឺន​ហិ​កតា​នេះ ទម្រាំ​យើង​ប្រមូល​ផល គឺ​ជិត​៥​លាន​តោន​។ សម្រាប់​ជិត​៥​លាន​តោន​នេះ​សុទ្ធតែ​ជា​ប្រភេទ​ស្រូវ OM អ៊ីចឹង​បានជា​យើង​កំពុង​មើល មិន​ចេះ​តែ​អន្តរាគមន៍ ដើម្បី​ខាត​ទាំងអស់​គ្នា​នោះ​ទេ ក្នុង​ករណី​នេះ បើ​យើង​បង្ខំ​ឱ្យ​រោង​ម៉ាស៊ីន​ទិញ ដូច​យើង​ឃើញ​ស្រាប់​ហើយ​រោង​ម៉ាស៊ីន​ពេល​នេះ សុទ្ធតែ​អង្ករ​ខ្មែរ និង​ពួក​គាត់​បាន​ទិញ​ពេញ​ស្តុក​ផង​។ អង្ករ​របស់​ពួក​គាត់​តាម​រោង​ម៉ាស៊ីន​នេះ មិន​ទាន់​លក់​អស់​ទេ ហើយ​អង្ករ​ទាំងនេះ​សុទ្ធតែ​មាន​តម្លៃ​ខ្ពស់​។ អង្ករ​ខ្មែរ​យើង​ក្រអូប​មាន​តម្លៃ​ខ្ពស់ និង​សម្រាប់​អង្ករ​វៀតណាម OM មួយ​រយៈពេល​នេះ​ធ្លាក់​ថ្លៃ​ចុះ​មែនទែន ហើយ​ឥឡូវនេះ​យើង​កំពុង​មើល​ជាមួយ​គ្នា​ថា ស្រូវ​ដែល​កសិករ​ដាំ​ប្រភេទ OM របស់​វៀតណាម​នេះ​យើង​អាច​ធ្វើ​អ្វី​ដែល​ជួយ​ពួក​គាត់​បាន ។

ឯកឧត្តម​រដ្ឋ​ម​មន្ត្រី បាន​ថ្លែង​ដោយ​បញ្ជាក់​ថា សម្រាប់​ស្រូវ​ប្រភេទ​អង្ករ​ខ្មែរ​យើង អាច​ជួយ​បាន គឺ​មិន​ពិបាក​ឡើយ ព្រោះថា​រោង​ម៉ាស៊ីន​ស្រូវ ក្នុងស្រុក​របស់​យើង​គេ​ត្រូវការ​ស្រូវ​ប្រភេទ​បែប​នេះ សម្រាប់​តម្រូវ​តាម​ទីផ្សារ​។ ដោយឡែក​សម្រាប់​ប្រភេទ​ស្រូវ OM ដូច​យើង​ដឹង​ស្រាប់​ហើយ គឺ​កសិករ​ធ្វើ​សម្រាប់​តម្រូវ​ទីផ្សារ​របស់​វៀតណាម ដែល​កាលពី​គ្រោះ​រាំង​ស្ងួត គឺ​គេ​ត្រូវការ​ច្រើន​មែនទែន ហើយ​ក៏​ឱ្យ​តម្លៃ​ខ្ពស់ កសិករ​យើង​បើ​ទោះបី​មន្ត្រី​របស់​យើង បាន​ខិតខំ​ណែនាំ​ពិសេស​ឱ្យ​ងាក​មក​ដាំ​ស្រូវ​សែន​ក្រអូប​ក៏​ដោយ តែ​ពួក​គាត់​ចង់​ធ្វើ​ស្រូវ OM វិញ​។ យើង​ក៏​គោរព​តាម​កសិករ​យើង​ដែរ គាត់​ចង់​ធ្វើ​ក៏​ធ្វើ​អាស្រ័យ​តាម​ពួក​គាត់​ដោយ ក្នុង​នេះ​បើ​គាត់​ត្រូវការ​ទឹក​យើង​ក៏​ជួយ​ដោះស្រាយ​ទឹក ឥឡូវ​យើង​ឃើញ​ហើយ​ថា​បញ្ហា​ធ្លាក់​ថ្លៃ​របស់​ស្រូវ OM នេះ​មិន​ងាយ​ឡើង​វិញ​ទេ រហូត​ដល់​ចង់​រដូវ​កាល​ប្រមូល​ផល ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា អ​ញ្ចឹ​ង​យើង​ត្រៀម​ជួយ​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន តែ​យ៉ាងណា​យើង​ក៏​មិន​អាច​ជួយ​ឱ្យ​ដូច​ស្រូវ​ខ្មែរ​យើង​ដែល​មាន​ទីផ្សារ ស្រាប់​ដូច​សព្វ​ថ្ងៃនេះ​បាន​ដែរ​។ យ៉ាងណា​ក្រសួង ក៏​គិតគូរ​ជួយ​រយៈពេល​វែង ហើយ​ក៏​ចង់​ពិភាក្សា​ជាមួយ​ប្រជា​កសិករ​ផង​ដែរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ក្នុង​នេះ ចង់​សួរ​ថា បងប្អូន​យើង​ចង់​ក្លាយ​ខ្លួន​ជា​សហគមន៍​ទំនើប ដែរ​ឬ​ក៏​អត់ ? សម្រាប់​សហគមន៍​កសិកម្ម​ទំនើប​នេះ យើង​នឹង​ជួយ​ដល់​បងប្អូន​ប្រជា​កសិករ​យើង ឱ្យ​ត្រឡប់​មក​ធ្វើ​ស្រូវ​សែន​ក្រអូប​។ ឆ្នាំ​នេះ បងប្អូន​ខាត​ជាមួយ​ស្រូវ OM ហើយ​ពិសេស​អ្នក ដែល​ជួល​ដី​គេ​ធ្វើ​ស្រូវ​ទាំងនេះ គឺ​ដឹង​តែ​ខាត​ហើយ តែ​សម្រាប់​អ្នក​មិន​បាន​ជួល​ដី​គេ​ទេ គឺ​អាច​ទប់ទល់ និង​អ្នក ដែល​មាន​ប្រភព​ទឹក​ល្អ​ថែម​ទៀត​អាច​ចំណេញ​ខ្លះ​ៗ​បាន​។ ប៉ុន្តែ​បើ​រដូវ​ថ្មី ពួក​គាត់​ចូលរួម​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប គឺ​ពួក​គាត់​មិន​ចាំបាច់​ចំណាយ​លើ​ស្រូវ​ថ្មី​ទៀត​ទេ​។ ដោយ​ក្នុង​នេះ​មាន​ន័យ​ថា ក្រសួងកសិកម្ម នឹង​ផ្តល់​នូវ​កម្ចី​ដល់​កសិករ ក្នុង​ការ​ធ្វើស្រែ​តែ​ម្តង​។ ខ្ចី​ហើយ​កសិករ​ដាំ​ដុះ នៅ​ពេល​ប្រមូល​ផល​ហើយ​ទើប​កាត់ថ្លៃ​កម្ចី​ទាំងនេះ សង​ដល់​ក្រសួង​វិញ នោះ​យើង​នឹង​ឃើញ​ប្រាក់​ចំណេញ​តែ​ម្តង​។ អត់​មាន​ខាត​ទេ លើកលែងតែ​អាកាសធាតុ​អាក្រក់​រាំង​ស្ងួត​ខ្លាំង តែ​ក៏​មាន​ដល់​ថ្នាក់​បែប​នេះ​ដែរ ។

យ៉ាងណា​ក្តី បើ​តាម ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ពេល​នេះ​សហគមន៍​កសិកម្ម​ទំនើប មាន​ដើមទុន​ឱ្យ​កសិករ​ខ្ចី​ដោយ​កសិករ​មិន​ព្រួយបារម្ភ​ពី​ការ​គ្មាន​ទុន​សម្រាប់​ដាំ​ដុះ​ស្រូវ​ទៀត​ទេ​។ ការ​ធ្វើ​កសិកម្ម​នេះ​ដែរ បើ​ឱ្យ​ខាត​គឺ​មិន​ខាត​ទេ គ្រាន់តែ​ចំណេញ​តិច ឬ​ច្រើន​ប៉ុណ្ណោះ​។ ពេល​ដែល​យើង​ធ្វើ​ម្នាក់ឯង​ពេល​ខ្លះ​ចំណេញ​ក៏​ចំណេញ​កប់​ក្តោង តែ​នៅ​ពេល​ខាត​ក៏​ខាត​ធ្ងន់​ដែរ​។ សម្រាប់​នៅ​ខែវស្សា​ក្រោយ​យើង​ធ្វើ​ផ្ការំដួល​ទាំងអស់​គ្នា ក្រសួង​ត្រៀម​ថវិកា​សម្រាប់​ជួយ​សហគមន៍​កុំឱ្យ​ពិបាក​ដាក់​លុយ​ខ្លួនឯង គ្រាន់តែ​នៅ​ពេល​លក់​វិញ​ត្រូវ​កាត់​សង​កម្ចី​ហ្នឹង​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ