ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង តាមប្រម៉ាញ់ និងបង្ក្រាបក្រុមក្មេងទំនើង១ក្រុម មានគ្នា០៧នាក់ ដែលធ្វើសកម្មភាពអំពើហិ.ង្សា ព្រួតវាយទៅលើជនរងគ្រោះម្នាក់ នៅសួនច្បារតាបុល មាត់ទន្លេវ៉ៃគោ ក្រុងស្វារៀង បានចំនួន០៤នាក់ និងកំពុងបន្តតាមចាប់ខ្លួនជនសង្ស័យ០៣នាក់ទៀត កំពុងគេចខ្លួន ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពហិ.ង្សាទៅលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៨និង១៥នាទីយប់ នៅសួនច្បារ មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលជាករណីហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពរួមគ្នា វាយទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យ តែរកពុំឃើញ។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣០នាទីរសៀល ទើបសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ត រហូតឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ បានចំនួន០៤នាក់ រួមមាន៖
១.ឈ្មោះ សុខ បារាំង ហៅឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
២.ឈ្មោះ កៅ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
៣.ឈ្មោះ ទេព ដាណេ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
និង៤.ឈ្មោះ សាន់ សុងជីវ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចឲ្យដឹងបន្តថា ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខ បារាំង ហៅឡុង, ឈ្មោះ កៅ រតនៈ, ឈ្មោះ ទេព ដាណេ និងឈ្មោះ សាន់ សុងជីវ៉ា បានឆ្លើយសារភាពថា ពួកខ្លួន និងបក្សពួក០៣នាក់ទៀត គឺឈ្មោះ ស្ទីង ឈ្មោះ ខ្មៅ និងឈ្មោះ ណុយ ពិតជាបានរួមគ្នាធ្វើសកម្មភាព វាយទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រាកដមែន។ មូលហេតុ មានជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២៤ គ្មានក្បាំងខាងមុខ មិនចាំស្លាកលេខ ជិះបុកម៉ូតូរបស់ពួកខ្លួន នៅត្រងចំណុចស្រះវង់ ហើយពួកខ្លួន ក៏ជិះតាមរករហូតដល់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានប្រទះឃើញអ្នកជិះម៉ូតូ ដែលមានភិនភាគដូចខាងលើ ក៏នាំគ្នាចុះទៅសួរនាំ និងនាំគ្នាវាយទៅលើជននោះតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័ទាំង០៤នាក់ខាងលើ រួចមក មន្ត្រីជំនាញក៏បានរាយការណ៍សុំយោបល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងទៅស្នងការដ្ឋាននគបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ