ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់តែអ្នក​តម្បាញ​៨០​គ្រួសារ​ទេនៅ​ឃុំ​ស្វាយ​យា​ ខណៈពួកគាត់​ចង់រក​អ្នក​ទីផ្សារ​លក់​ក្រមា

17 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ឃុំ​ស្វាយ​យា​ចំនួន​៨០​គ្រួសារ ប្រកប​មុខរបរ​សិប្បកម្ម​តម្បាញ​ក្រមា​ខ្វះ​អ្នក​ជួយ​ធ្វើ​ទីផ្សារ​ធ្វើ​ឲ្យ​ខ្វះ​អ្នកបញ្ជា​ទិញ ដូច្នេះ សូម​ឱ្យ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ​រក​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​សហគមន៍​អ្នក​ផលិត​ក្រមា​រក្សា​បាន​នូវ​និរន្តរភាព​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ ជា​ពិសេស ថែរក្សា​ការ​តម្បាញ​ក្រមារ​ប្រពៃណី​ពី​ដូនតា​ខ្មែរ​ឲ្យ​មាន​និរន្ត​ភាព ។…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ឃុំ​ស្វាយ​យា​ចំនួន​៨០​គ្រួសារ ប្រកប​មុខរបរ​សិប្បកម្ម​តម្បាញ​ក្រមា​ខ្វះ​អ្នក​ជួយ​ធ្វើ​ទីផ្សារ​ធ្វើ​ឲ្យ​ខ្វះ​អ្នកបញ្ជា​ទិញ ដូច្នេះ សូម​ឱ្យ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ​រក​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​សហគមន៍​អ្នក​ផលិត​ក្រមា​រក្សា​បាន​នូវ​និរន្តរភាព​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ ជា​ពិសេស ថែរក្សា​ការ​តម្បាញ​ក្រមារ​ប្រពៃណី​ពី​ដូនតា​ខ្មែរ​ឲ្យ​មាន​និរន្ត​ភាព ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា ២០២៥ ស្ថិត​នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​ស្ត្រី​ឈ្មោះ​ម៉ៅ ផេ អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ស្វាយ​យា បាន​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ​តម្បាញ​ក្រមា​នេះ​ត​ពី​ម្តាយ​របស់​គាត់ ហើយ​ក្រោយ​ថ្ងៃ​រំដោះ​០៧ មក​រា​១៩៧៩ គាត់​ក៏​បន្ត​ប្រកប​មុខរបរ​តម្បាញ​ក្រមា​ប្រើប្រាស់​កី​បែប​ប្រពៃណី​បុរាណ គឺ​ក្រមា​លក់ដូរ​ដាច់​គួរសម ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ ។

ស្ត្រី​វ័យ​៧២​ឆ្នាំ​រូប​នេះ​បន្ត​ថា មក​ដល់​ឆ្នាំ​២០០៣ កី​តម្បាញ​ក្រមា​បាន​អភិវឌ្ឍន៍​ពី​កី​តម្បាញ​បុរាណ​មក​ធ្វើ​ជា​សិប្បកម្ម​ទំនើប​គឺ​ផលិត​កី​តម្បាញ​ពាក់កណ្តាល​ស្វាយ​ប្រវត្តិ រហូត​មក​ជា​កី​តម្បាញ​ស្វាយ​ប្រវត្តិ ប្រើ​ដោយ​ម៉ាស៊ីន ផលិត​ក្រមារ​បាន​ច្រើន មាន​ទីផ្សារ​ល្អ​ប្រសើរ ម៉ូយ​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​តែ​ម្តង ដោយ​តម្រូវការ​ក្រមារ និង​ឈ្នូត​ច្រើន អ្នក​ភូមិ​ដំណាក់​កន្ទួត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ឃុំ​ស្វាយ​យា​បង្កើត​សិប្បកម្ម តម្បាញ​ក្រមារ​ស្ទើរ​គ្រប់​ផ្ទះ ដោយ​ធ្វើ​កី​ពាក់កណ្តាល​ស្វាយ​ប្រវត្តិ និង​កី​តម្បាញ​ស្វាយ​ប្រវត្តិ​ប្រកប​មុខរបរ​រហូត​សព្វថ្ងៃ ។

លោកយាយ​បន្ត​ទៀត​ថា ក៏​ប៉ុន្តែ​ទីផ្សារ​ក្រមា​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០២០ គឺ​គ្មាន​ទីផ្សារ​រហូត​មក​ដល់​ឆ្នាំ​២០២២ ទើប​មាន​ទីផ្សារ​រើប​ៗ​បន្តិចបន្តួច​ឡើង​វិញ រហូត​បច្ចុប្បន្ន​គឺ​មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​ទេ ធ្វើ​ឲ្យ​គ្រួសារ​មួយ​ចំនួន​បោះបង់​មុខរបរ​ត្បាញ​ក្រមា​នេះ​ទាំងស្រុង​តែ​ម្តង ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សុខ សំ​អន មេឃុំ​ស្វាយ​យា បាន​ប្រាប់​កោះសន្តិភាព​ថា ទីផ្សារ​ក្រមា​គឺ​មិន​ទូលាយ​ទេ បច្ចុប្បន្ន​នេះ ធ្វើ​ឲ្យ​អ្នក​ប្រកប​មុខរបរ​តម្បាញ​ក្រមា​មួយ​ចំនួន​ធំ​បាន​បោះបង់​មុខរបរ​តម្បាញ​ក្រមារ​នេះ​ទាំងស្រុង​តែ​ម្តង ។

លោក​មេឃុំ​បន្ត​ថា ឃុំ​ស្វាយ​យាមា​ន​ចំនួន​១៥​ភូមិ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​សិប្បកម្ម​តម្បាញ​ក្រមា​ចំនួន​៤៦២​គ្រួសារ ស្មើ​៤៦៨​កី​តម្បាញ ដោយ​តម្រូវការ​ក្រមា​ឈ្នួត​ខ្ពស់ ។ ហើយ​ការ​បាត់បង់​ទីផ្សារ​ក្រមា​នេះ​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ។

បើ​កាលពី​ឆ្នាំ​២០០៣ មក​ដល់​ឆ្នាំ​២០១៩ ក្នុង​ឃុំ​ស្វាយ​យា ១៥​ភូមិ​មាន​អ្នក​ប្រកប​មុខរបរ​តម្បាញ​ក្រមា​៤៦៨​កី ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​បាត់បង់​ទីផ្សារ​ក្រមា​ទាំងស្រុង​មក​ដល់​ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាប់​ប្រកប​មុខរបរ​តម្បាញ​ក្រមា​ឡើង​វិញ ក៏​ប៉ុន្តែ​ដោយ​មិនសូវ​មាន​ម៉ូយ​មក​បញ្ជា​ទិញ​ធ្វើ​ឲ្យ​សិប្បកម្ម​តម្បាញ​ក្រមា​មួយ​ចំនួន​ធំ​ត្រូវ​បោះបង់​មុខរបរ​តម្បាញ​ក្រមារ​ទាំងស្រុង ទៅ​ធ្វើ​ការងារ​រោងចក្រ ។

បច្ចុប្បន្ន សិប្បកម្ម​តម្បាញ​ក្រមា​ក្នុង​ឃុំ​ស្វាយ​យា​នៅ​សល់​តែ​៨០​គ្រួសារ​ប៉ុណ្ណោះ ដោយ​តម្រូវការ​ក្រមារ និង​ឈ្នួត​នៅ​មាន​កម្រិត ។ លោក​សុខ សំ​អន មេឃុំ​ស្វាយ​យា​បាន​មាន​ប្រសាសន៍​ថា កាល​បី​ថ្ងៃ​ទី​១១​មក​រា ២០២៥ លោក​បណ្ឌិត សម តារា សមាជិក​គណៈកម្មាធិការ​កណ្តាល សមាជិក​សភា​មណ្ឌល​ស្វាយ​រៀង និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ឈ្វេងយល់​ការ​ធ្វើ​សិប្បកម្ម តម្បាញ​ក្រមា​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ​ផង​ដែរ​។

នៅ​ឱកាស​នោះ លោក​បណ្ឌិត សម តារា បាន​ថ្លែង​ថា ក្រមា​គឺជា​ស្នាដៃ​សិប្បកម្ម​ត្បាញ ដែល​ដូនតា​ខ្មែរ បាន​បន្សល់​ទុក​សម្រាប់​ជា​កេរ្តិ៍​តំណែល​ត​កូនចៅ​ជា​ច្រើន​ជំនាន់​មក​ហើយ ពីព្រោះ​ជា​ផលិតផល​សិប្បកម្ម​តម្បាញ ដែល​មាន​អត្ថប្រយោជន៍​ប្រើប្រាស់​ច្រើន​យ៉ាង ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។

លោក​បណ្ឌិត​សម តារា បាន​ផ្តល់​សារសំខាន់​ទៅ​លើ​គោលនយោបាយ​អភិវឌ្ឍន៍ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សិប្បកម្ម​តម្បាញ​ក្រមា ជា​គោលនយោបាយ​មួយ​ផ្នែក​មាន​ចក្ខុវិស័យ​មុត​ស្រួច​ចូលរួម​ថែរក្សា​អភិរក្ស និង​អភិវឌ្ឍ​នូវ​អ្វី​ដែល​ជា​កេ​រ្ត៍​តំណែល​បន្សល់​ទុក ដល់​កូនចៅ​ជំនាន់​ក្រោយ​ៗ ដែល​កើតឡើង​ដោយ​ភាព​អំណត់​ព្យាយាម​របស់​បុព្វបុរស​ខ្មែរ ហើយ​មក​ដល់​ពេល​នេះ​បាន​ផ្សព្វផ្សាយ​ក្រមា​ខ្មែរ​យ៉ាង​ទូលំទូលាយ​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។

បន្ថែម​លើស​ពី​នេះ លោក​បណ្ឌិត សម តារា បាន​កោតសរសើរ និង​អរគុណ​អាជ្ញាធរ​ដែនដី នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ស្រុក​ស្វាយ​ជ្រំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ឬ​បក្ខពួក​ក៏​ដូច​ជា​ការ​រក្សា​ស្ថិរភាព នយោបាយ ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អ​ប្រសើរ​។

លោក​បណ្ឌិត សម តារា បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ជា​ពិសេស​ក្មេង​ៗ និង​មនុស្ស​ចាស់​ដែល​មាន​អាយុ​ច្រើន​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ព្រោះ​រដូវ​នេះ​ជា​រដូវរងារ ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា​ផ្តាសាយ និង​ជំងឺ​ផ្លូវដង្ហើម ដូច្នេះ​ត្រូវ​រស់នៅ​ដោយ​អនាម័យ​ជាប់​ជា​និច្ច បើ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជៀស​ផុត​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។

ក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​តម្បាញ​ក្រមា នៅ​ស្រុក​ស្វាយ​ជ្រំ លោក​បណ្ឌិត សម តារា បាន​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុមការងារ ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ម្ចាស់​សិប្បកម្ម ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ២ ,២០០ ០០០​រៀល ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ