ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំ.នើ.ង.​មួយ​ក្រុម​ព្រួ.ត.​វា.យ.​យុវជន​ម្នាក់បង្ក​​ភ្ញាក់ផ្អើល​​នៅ​ក្រុង​ស្វាយ​រៀងទាំងយប់

11 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​អំពើ​ហិង្សាដែលបង្ក​ឡើង​ដោយ​ក្មេង​ទំនើង​១​ក្រុម​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​យុវជន​ម្នាក់​​ដែល​កំពុង​អង្គុយ​លេង​នៅ​សួន​ឆ្នេ​រទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេ​ង​) ​ខាង​មុខ​ហាង​មី​ហឹរ​អេ​អាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ដោយ​ក្រុម​ក្នុង​ទំនើង​គ្មាន​ខ្លាចញញើត​ដល់​សមត្ថកិច្ច​ឡើយ ​។ ​ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​១២…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​អំពើ​ហិង្សាដែលបង្ក​ឡើង​ដោយ​ក្មេង​ទំនើង​១​ក្រុម​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​យុវជន​ម្នាក់​​ដែល​កំពុង​អង្គុយ​លេង​នៅ​សួន​ឆ្នេ​រទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេ​ង​) ​ខាង​មុខ​ហាង​មី​ហឹរ​អេ​អាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ដោយ​ក្រុម​ក្នុង​ទំនើង​គ្មាន​ខ្លាចញញើត​ដល់​សមត្ថកិច្ច​ឡើយ ​។

​ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​១២ ​មក​រា ​២០២៥​ ស្ថិតនៅ​ខាង​មុខ​ហាង​មី​ហិរមុខសួនច្បារ​តា​បុល ទំនប់​តា​ណេ​ង​មាត់ទន្លេ​វ៉ៃ​គោ​ ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​។​

បើ​តាម​អ្នក​លក់ដូរ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ម្នាក់​អង្គុយ​លេង​នៅ​លើ​សួនច្បារ​តា​បុល មាត់ទន្លេ​វ៉ៃ​គោ មិនដឹង​ជា​មូលហេតុ​អី ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ប្រមា​ណ​៧ ​ទៅ​០៨​នាក់​ជិះ​ម៉ូតូ​ចំនួន​០៤​គ្រឿង​ពី​ត្បូង​មក​ជើង មក​ឈប់​ក្បែ​រជន​រង​គ្រោះ​ហើយ​​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​សាហាវ​តែ​ម្តង មិនដឹង​ជា​មាន​គំនុំ​អ្វី​ទេ ខណៈនោះ​ក៏​មាន​ក្មេង​ស្រី ២​នាក់​ស្គាល់​ជន​រង​គ្រោះ​ក៏​បាន​ជួយ​ឃាត់​ពួកក្មេង​ទំនើង​ទាំងនោះ ក៏​ប៉ុន្តែ​ឃាត់​មិន​ឈ្នះ​ពួក​គេ​វាយតប់​ជន​រង​គ្រោះ​អស់ចិត្ត​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ទៅ​ផ្តុំ​​គ្នា ជិត​បង្គន់​អនាម័យ​សាធារណៈ​ខាងត្បូង​កន្លែង​កើតហេតុ​ប្រមាណ​ជាង​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​មេភ្លើង​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ​។

​ចំណែក​ជន​រង​​​គ្រោះ​មាន​របួស​ជាំខ្លួន​ប្រាណ​និង​ពក​ក្បាល​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ពី​ក្រុម​ក្មេង​ទំនើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

មហាជន​បាន​រិះគន់​ថា ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព វាយ​ជន​រង​គ្រោះ​គឺ​នៅ​ជិតប៉ុ​ស្តិ៍ន​គរ​បាល​ដែរ​ ក៏​ប៉ុន្តែ​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេរ​វ៉ៃ​គោ​នេះ​ទេ គួរតែ​សមត្ថកិច្ច​ដាក់​កម្លាំង​ប្រចាំការ ដោយ​សួនច្បារ​តា​បុល​មាត់ទន្លេ​វ៉ៃ​គោ​នេះ មាន​ប្រជាពលរដ្ឋ ភ្ញៀវ មក​លេង​កំសាន្ត និង​បរិភោគ​ចំណីអាហារ ច្រើន​កុះករ មិន​គួរ​ឲ្យ​ថ្លោះធ្លោយ ក្មេង​ទំនើង​ធ្វើ​សកម្មភាព​គ្មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ។​

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​នគ​បាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​បញ្ជា​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក៏​ប៉ុន្តែ​ពេល​ទៅ​ដល់​ គឺ​យឺត​​មួយជំហាន​ ដោយ​ក្រុម​ក្មេង​ទំនើង​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​អស់ ចំណែក​ជន​រង​គ្រោះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​បាត់ មិនឃើញ​មក​ដាក់​ពាក្យបណ្តឹង​ទេ​ ។

ប្រភព​បន្ត​ថា ​ទោះ​បី​ជា​យ៉ាងណា កម្លាំង​នគ​បាល​ផ្នែក​ព្រហ្មទណ្ឌ​កំពុង​ដុតដៃដុតជើង ធ្វើការ​ស្រាវជ្រាវ រក​ក្រុម​ជន​ដៃដល់​មក​ចាត់ការ​តាម​នីតិវិធី ។​ សមត្ថកិច្ច​ក៏​បាន​ប្រកាសឲ្យ​ជន​រង​គ្រោះ ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ងាយស្រួល​សមត្ថកិច្ច​មាន​ចំណាត់ការ​នីតិវិធី​ដោយ​ករណី​នេះ​ រហូត​មក​ដល់​វេលា​ម៉ោង​៣​​​រសៀល​ថ្ងៃ​ទី​១៣ ​មក​រា ​២០២៥ ​នេះ​ នៅមិន​ទាន់​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ