រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះក្រសួងព័ត៌មាននឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់នូវចំណេះដឹង និងការចេះបញ្ជាក់ពីប្រភេទព័ត៌មានពិត និងព័ត៌មានក្លែងក្លាយជូនដល់សាធារណជន។
ការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នក សារព័ត៌មានប្រមាណជាង ៤០០នាក់ ។
ឯកឧត្តម នេត្រ ភក្ត្រា បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមក្នុង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលជាគំនិតមួយក្នុងការផ្តល់នូវសុវត្ថិភាពជូនទៅដល់អ្នកសារព័ត៌មាន និងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គ្រោងធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា «យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម»។
ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញភាពសុទិដ្ឋិនិយមនៅក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត ៕
ចែករំលែកព័តមាននេះ