រាជធានីភ្នំពេញ ៖ សោកនាដកម្មមួយគ្រួសារ លើផ្លូវ៦០ម៉ែត្រ ដោយសារជនប្រមឹកម្នាក់បើកបរក្នុងស្ថានភាពស្រវឹង រេចង្កូតទៅបុកម៉ូតូជនរងគ្រោះ កំពុងដឹកប្រពន្ធកូនជិះដើរលេងបណ្ដាលអោយឪពុកកូនប្រុសស្រី ចំនួន០៣នាក់ស្លា.ប់ ។ ចំណែកម្ដាយរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣៥នាទី ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពពីពលរដ្ឋកន្លែងកើតហេតុ បានអោយដឹងថា គេបានឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1023 ក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1II-2330 ដែលជិះបញ្ច្រាសទិសគ្នា កំពុងដឹកកូន០២នាក់ និងប្រពន្ធលើបណ្តោយផ្លូវ៦០ម៉ែត្រ បណ្តាលអោយជនរងគ្រោះជិះម៉ូតូមួយគ្រួសារ ប៉ើងជាច្រើនម៉ែត្រ ។ ចំណែករថយន្តក្រឡាប់ផ្ងារជើងតែម្តង ។ ភ្លាមៗអ្នកធើ្វដំណើរឆ្លងកាត់ បានជួយទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកជួយដឹកជនរងគ្រោះតែជាអកុសលឪពុកបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯកូនប្រុសស្រី០២នាក់ទៀតបានបាត់បង់អាយុជីវិតពេលទៅដល់មន្ទីរពេទ្យ ខណៈពេលម្ដាយរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។
បើតាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋជួយឃាត់ប្រគល់ជូនសមត្ថកិច្ច នាំទៅប៉ុស្តិ៍ ហើយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើករថយន្តជាលទ្ធផលមានកម្រិតអាល់កុល ០,៤៦Mg/l ។
១/ អ្នកបើកបរមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសស្រាល ឃាត់ខ្លួនប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) ។
២/ ភាគីម៉ូតូម៉ាក HONDA CLICK អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ។ អ្នករួមដំណើរពុំទាន់ស្គាល់អត្តសញ្ញាណ ។
មន្ត្រីនគរបាល បានបញ្ជាក់ថា ចំពោះមូលហេតុ គឺបណ្ដាលមកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមមន្ត្រីជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយករថយន្ត និងម៉ូតូ រួមនឹងជនបង្ក បញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយកមកសាកសួរអនុវត្តតាមនីតិវិធី ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ