ខេត្តស្វាយរៀង ៖ មានករណីក្មេងប្រុសម្នាក់ជិះកង់មកចុះលេងទឹកក្នុងរណ្តៅដី បណ្តាលឲ្យលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋមកចោមរោមមើល ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចរណ្តៅដី តាមបណ្តោយទំនប់ទឹកបឹងខ្វាង ស្ថិតនៅក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះអ៊ុល ស៊ីវីត ភេទប្រុស អាយុ១០ឆ្នាំ ជាសិស្សមានទីលំនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាអោយលង់ទឹកស្លាប់នៅក្នុងប្រឡាយរណ្តៅដី នៃទំនប់បឹងខ្វាង ។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុនោះ ក៏ស្រែកឆោឡោហៅឲ្យគេជួយ ខណៈនោះមានបុរស០២នាក់ ជិះម៉ូតូមកដល់ក៏ចុះរាវរកក្មេងរងគ្រោះ ទាំងខ្លួនស្រវឹងស្រាស្រឿងៗផង ហើយការរាវរកនោះអស់រយៈពេល២ម៉ោងកន្លះ ទើបបានរកឃើញ គឺរកឃើញនៅវេម៉ោង៣និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែល។
សមត្ថកិច្ចបន្តថា មូលហេតុជនរងគ្រោះចុះលេងទឹកខ្វះការប្រុងប្រយត្ន័ ។ បើតាមម្តាយកុមារារងគ្រោះបានស្រែកយំរៀបរាប់ឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ កូនប្រុសគាត់ និយាយប្លែកៗ តែគាត់មិនបានចាប់អារម្មណ៍ចេះតែនិយាយថា ម៉ែមានគេមកយកខ្ញុំឲ្យទៅនៅជាមួយគេ ខ្ញុំនឹងទៅនៅជាមួយគេហើយ ។ហើយនៅព្រឹកមុនពេលកើតហេតុ បាននិយាយទៀតថា ម៉ែគេមកយកខ្ញុំទៅនៅជាមួយគេហើយ។
ស្ត្រីជាម្តាយមិនតបទេ ដោយគ្រាន់តែនឹកក្នុងចិត្តថា ចុះអាកូននេះ វានិយាយអីប្លែកៗ ក៏មិននឹកស្មានថា ជារឿងកូននិយាយឲ្យហេតុសោះ ។ ក្រោយមក កុមារារងគ្រោះក៏ជិះកង់ចេញពីផ្ទះបាត់ មិនគួរជិះកង់ពីភូមិដើមពោធិ មកចុះលេងទឹកដល់ទំនប់បឹងខ្វាងភូមិស្វាយតាយាន ទាំងខ្លួនមិនចេះហែលទឹកផង។ ប្រភពបានឲ្យដឹងទៀតថា មានក្មេងប្រុសម្នាក់ដែលបានជិះកង់មកជាមួយកុមារារងគ្រោះប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានបបួលគេជិះកង់ដើរលេងតាមភ្លឺទំនប់បឹងខ្វាងនេះ ស្រាប់តែជិះបានបន្តិច ក៏ឃើញទឹកប្រឡាយ ដែលគេជីកយកអាចម៌ដីលើកទំនប់ធ្វើផ្លូនថ្នល់ថ្លា កុមារារងគ្រោះឈប់កង់ហើយបបួលខ្លួនចុះងូចទឹកនិងហែលទឹកលេង តែខ្លួនបានប្រកែកថា អញអត់ចេះហែលទឹកទេ អញមិនហ៊ានចុះងូចទឹកទេខ្លាចលង់ទឹកជ្រៅណាស់ ។
ខណៈនោះ កុមារារងគ្រោះក៏ទុកកង់ហើយដើរចុះទៅក្នុងប្រឡាយ រណ្តៅដីនោះលិចបាត់តែម្តង មិនឃើញងើបមកវិញ ក៏ស្រែកហៅអ្នកស្រុកនៅជិតនោះឲ្យជួយតែម្តង ។ ដោយរណ្តៅដីជ្រៅ ហើយអ្នកមកជួយចុះរាវ មិនសូវចេះមុចទឹកទៀត ទំរាំរាវរកឃើញគឺអ្វីៗបានហួសពេលទៅហើយ ។ ចាស់ទុំនិយាយថា ខ្មោចនាំកូននិយាយប្រាប់ហេតុហើយ ម្តាយមិនដឹងធ្វេសប្រហែស មិនបាននាំកូនទៅឲ្យព្រះសង្ឃបណ្តោះគ្រោះ ទើបជួបគ្រោះបែបនេះ។
បន្ទាប់មក សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានធ្វើកោសល្យវិច្ច័យ លទ្ធផលគឺក្មេងរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ