រាជធានីភ្នំពេញ ៖ សំបុក្ររបស់ក្រុមចោរប្លន់ ដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ មួយគ្រឿង PCX នៅក្នុងខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយអធិការដ្ឋាននគបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវហើយឈានទៅឡោមព័ទ្ធឆែកឆេរដកហូតបានកាំភ្លើង ម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងស្លាកលេខម៉ូតូជាច្រើនគ្រឿង ។ ទោះបីជាយ៉ាងណា ក្រុមជនសង្ស័យ ដែលជាក្រុមចោរប្លន់ទំនងជាដឹងខ្លួនទាន់ហើយគេចខ្លួនបាត់ស្រមោល ។
តាមនគរបាល អោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ហើយកំណត់បានទីតាំងផ្ទះរបស់ក្រុមជនសង្ស័យខាងលើ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែក្រុមជនសង្ស័យ ទំនងគេដឹងខ្លួនទាន់បានគេចខ្លួនបាត់ ។
តាមនគរបាលឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូម៉ាកហុងឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត និងម៉ូតូ ជាច្រើនសន្លឹក, អាវុធវែងម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន) ហើយកម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង០៦និង២៥នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក PCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះឈ្មោះ ក្រូច ផល្លា អាយុ៥២ឆ្នាំ នៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នៅក្នុងសកម្មភាពជនកន្សែង បានបាញ់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជើងរួចជនសង្ស័យបានគេចខ្លួនបាត់បានតែមួយថ្ងៃ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ បានសហការស្រាវជ្រាវឈានទៅរកឃើញសំបុកក្រុមចោរប្លន់តែម្ដង ៕
ចែករំលែកព័តមាននេះ