ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ថ្មី​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី

17 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ចាក​ចេញ​ពី​សេត​វិមាន លោក​បៃដិនសម្រេច​ចិត្ត​ដាក់​ទណ្ឌ​កម្ម​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​វិស័យ​​ប្រេង​ឆៅ និង​ហ្គាស​​ដែល​ត្រូវ​នាំ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ នេះ​ជា​អ្វី​ដែល​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​យល់​ថា​ជា​ការ​ជួយ​ឱ្យ​លោក​ត្រាំ និង​ទី​ក្រុង​កៀវ​មាន​ទម្ងន់​​​នៅ​ក្នុង​ត​ថ្លៃ​គ្នា​ផ្នែក​នយោ​បាយ​បើ​សិន​មាន​ការ​ចរ​ចា​​កើត​ឡើង​​។ តាម​រយៈ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ សេត​វិមាន​អះ​អាង​ថា​ទឹក​ប្រាក់​​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​នឹង​របូត​ពី​ដៃ​របស់​រុស្ស៊ី ដូច្នេះ​ពួកគេ​មិន​អាច​សប្បាយ​ធ្វើ​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ដែល​សម្លាប់​ជីវិត​ជន​ស៊ីវិល​អស់​ជាង​១២០០០​នាក់​ និង​បំផ្លិច​​បំផ្លាញ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​អ៊ុយ​ក្រែន​ជា​ច្រើន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ចាក​ចេញ​ពី​សេត​វិមាន លោក​បៃដិនសម្រេច​ចិត្ត​ដាក់​ទណ្ឌ​កម្ម​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​វិស័យ​​ប្រេង​ឆៅ និង​ហ្គាស​​ដែល​ត្រូវ​នាំ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ នេះ​ជា​អ្វី​ដែល​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​យល់​ថា​ជា​ការ​ជួយ​ឱ្យ​លោក​ត្រាំ និង​ទី​ក្រុង​កៀវ​មាន​ទម្ងន់​​​នៅ​ក្នុង​ត​ថ្លៃ​គ្នា​ផ្នែក​នយោ​បាយ​បើ​សិន​មាន​ការ​ចរ​ចា​​កើត​ឡើង​​។

តាម​រយៈ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ សេត​វិមាន​អះ​អាង​ថា​ទឹក​ប្រាក់​​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​នឹង​របូត​ពី​ដៃ​របស់​រុស្ស៊ី ដូច្នេះ​ពួកគេ​មិន​អាច​សប្បាយ​ធ្វើ​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ដែល​សម្លាប់​ជីវិត​ជន​ស៊ីវិល​អស់​ជាង​១២០០០​នាក់​ និង​បំផ្លិច​​បំផ្លាញ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​អ៊ុយ​ក្រែន​ជា​ច្រើន​។ មេ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី អប​អរ​សាទរ​ការ​ដាក់​ទណ្ឌកម្ម​នេះ​។

លោក​យល់​ថា​​ទណ្ឌ​កម្ម​នេះ​​ប្រៀប​បាន​នឹង​ការ​ទះ១​​កំផ្លៀង​មនុស្ស​ចាស់​ទៅ​លើ​​ទី​ក្រុង​ម៉ូស្គូ​។ លោក​អះ​អាង​ថា​នៅ​ពេល​រុស្ស៊ី​បាត់​បង់​ប្រាក់​ចំណូល​ពី​ការ​លក់​ប្រេង​ឆៅ​ ពេល​នោះរុស្ស៊ី​នឹង​ចូល​អង្គុយ​នៅ​តុ​ចរ​ចា​ដើម្បី​បញ្ចប់​សង្គ្រាម​កាន់​តែ​ឆាប់​។ ​លោក​ដាលីប​ ស៊ីញ (Daleep Singh) ជា​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​ និង​សន្តិ​សុខ​ជាតិ​ប្រចាំ​សេត​វិមាន​ថ្លែង​ថា​​នេះ​ជា​ការ​ដាក់​ទណ្ឌ​កម្ម​ដ៏​ខ្លាំង​បំផុត​ទៅ​លើ​វិស័យ​ថាម​ពល​​របស់​​រុស្ស៊ី​ដែល​ជា​​​ប្រភព​ចំណូល​ដ៏​ធំ​បំផុត​សម្រាប់​ផ្គត់​ផ្គង់​ការ​ធ្វើ​សង្គ្រាម​របស់​លោក​ពូទីន​។

ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ក្រុម​ហ៊ុន​ហ្កាស់​ប្រំ​ (Gazprom) និង​សឺ​ហ្គូត​ណេហ្វ​ហ្កាស​ (Surgutneftegas) ដែល​ជា​ក្រុម​ហ៊ុន​រុក​រក​ប្រេង និង​ដឹក​ជញ្ជូន​ប្រេង​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ ក្រៅ​ពី​នេះ ​​នាវា​ដឹក​ជញ្ជូន​ប្រេង​​​១៨៣​គ្រឿង និង​ក្រុម​ហ៊ុន​​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ប្រេង​ ឬ​រក​ស៊ី​ប្រេង​ជា​មួយ​រុស្ស៊ី​ក៏​ជាប់​ទណ្ឌ​កម្ម​ផង​ដែរ​។

គេ​ដឹង​ថា​នាវា​​​ទាំង​នោះ​ប្រើ​សម្រាប់​ដឹក​​​​ប្រេង​ពី​រុស្ស៊ី​ទៅ​ឥណ្ឌា និង​ចិន​។ ​ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​ រុស្ស៊ី​លែង​អាច​នាំ​ប្រេង​ទៅ​លក់​នៅ​​អឺរ៉ុប​បាន​ទៀត​ហើយ​។ ដូច្នេះ រុស្ស៊ី​ក៏​បង្វែរ​មុខ​ព្រួញ​ទៅ​ទ្វីប​អាស៊ី​វិញ​ម្ដង​។​ នៅ​ក្នុង​ចំណោម​នាវា​ទាំង​នោះ​ នាវា​ខ្លះ​ដឹក​ប្រេង​ចេញ​ពី​រុស្ស៊ី​ផង និង​ពី​​​អ៊ីរ៉ង់​ផង​ដែល​សុទ្ធ​តែ​ជា​ប្រទេស​ជាប់​ទណ្ឌ​កម្ម​របស់​អាមេរិក​ដូច​គ្នា​។

ធនា​គារ​រុស្ស៊ី​ដែល​ជួយ​សម្រួល​ការ​ទូទាត់ និង​ផ្ទេរ​សាច់​ប្រាក់​ដែល​​បាន​ពី​ការ​លក់​ប្រេងឆៅ​​ក៏​ជាប់​ទណ្ឌ​កម្ម​​​ផង​ដែរ​។​ មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​តាម​រយៈ​ទណ្ឌ​កម្ម​នេះ ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​​ដែល​រុស្ស៊ី​សម​នឹង​ទទួល​បាន​នោះ​នឹង​របូត​ពី​ដៃ​រុស្ស៊ី​ទៅ​វិញ​បើ​សិន​អាមេរិក​ខិត​ខំ​ពង្រឹង​ទណ្ឌ​កម្ម​នេះ​ឱ្យ​បាន​ពេញ​ទំហឹង​។​

ប្រភព​ដែល​ដឹង​​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រុស្ស៊ី​ច្បាស់​បាន​ប្រាប់​​​ថា​ទណ្ឌ​កម្ម​នេះ​នឹង​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេ​ង​ឆៅ​ចេញ​ពី​រុស្ស៊ី​ទៅ​លក់​នៅ​​ចិន និង​ឥណ្ឌា​។ តាំង​ពី​មុន​ការ​​ប្រកាស​​ទណ្ឌ​កម្ម​នេះ​ ​ប្រេង​ឆៅ​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​​ឡើង​ថ្លៃ​​​៣%​។ ប្រេង​ឆៅ​នៅ​ទី​ផ្សារ​មូល​ប័ត្រ​ប្រឹន (Brent) នៅ​អឺរ៉ុប​លក់​ចេញ​ជិត​៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល (ប្រហែល​​​១៥៩​លីត្រ)​៕​​​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ