ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​៖ ដំណាំ​ស្រូវ​នៅ​តែ​ជា​ដំណាំ​យុទ្ធសាស្ត្រ យូរអង្វែង​របស់​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ…

រាជធានី​ភ្នំពេញ ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​ នាព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ ​។

ក្នុង​ឱកាស​នៃ​ជំនួប​ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​គោលនយោបាយ​ស្រូវ​អង្ករ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​គោរព​ជម្រាប​ជូន​សម្តេច​បវរ​ធិ​បតី អំពី​វឌ្ឍនភាព និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ។ អ្នកឧកញ៉ា​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​យកចិត្តទុកដាក់​លើ​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​ ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ ការ​រៀបចំ​ស​ម្ងួ​ត​ ការ​ស្ដុក​ទុក និង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ។

សម្ដេច​បវរ​ធិ​បតី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ស្រូវ អង្ករ និង​បាន​គូសបញ្ជាក់​ថា វិស័យ​កសិកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ ។

សម្ដេច​បវរ​ធិ​បតី ​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​នៅ​តែ​ផ្ដល់​អាទិភាព​លើ​ដំណាំ​ស្រូវ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ យូរអង្វែង​របស់​កម្ពុជា និង​បាន​គូសបញ្ជាក់​អំពី​ការ​ដាក់​ចេញ​គោលនយោបាយ​ចាំបាច់ ដើម្បី​គាំទ្រ​ដំណាំ​ស្រូវ និង​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាម​រយ​:​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​, ការ​សម្រួលការ​ដឹក​ជញ្ជូន និង​ការ​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម ក៏​ដូច​ជា​ជំរុញ​ភាព​ម្ចាស់​ការ​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បន្ត​សហការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ​ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផ្ទាល់​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាមួយ​តម្លៃបន្ថែម​ខ្ពស់​, ក៏​ដូច​ជា​ការ​ចូលរួម​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​ប្រជា​កសិករ សំដៅ​លើកកម្ពស់​គុណភាព​ផលិតផល និង​បង្កើន​ផលិតភាព ព្រមទាំង​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​នៃ​ផលិតកម្ម​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​បាន​ទូលំទូលាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ