ទីក្រុងប៉េកាំង៖ អាជ្ញាធរចិនបន្តស្វែងរកអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍រញ្ជួយដីនៅតំបន់ភ្នំទីបេកាលពីម្សិលមិញនៅក្នុងកម្រិត៦,៨រ៉ិចទ័រ។ គេប៉ាន់ស្មានថាមនុស្សជាង៤រយនាក់កំពុងជាប់ផុងនៅក្នុងគំនរបាក់បែកនៃអគារដែលបាក់រលំយ៉ាងច្រើនសន្ធឹកសន្ធាប់។ រហូតមកដល់ពេលនេះ អាជ្ញាធរអះអាងថាចំនួនអ្នកស្លាប់បានកើនឡើងដល់១២៦នាក់ហើយ។
ការរញ្ជួយនោះមានសភាពខ្លាំងក្លាបំផុតដល់ថ្នាក់តំបន់ខ្ពង់រាបដែលស្ថិតនៅពីលើចំណុចរញ្ជួយ និងតំបន់ក្បែរៗនោះបាក់ដីស្រុតចុះក្រោមជម្រៅ១,៦ម៉ែត្រនៅលើរយៈចម្ងាយ៨០គីឡូម៉ែត្រ។ រយៈពេលជាង២៤ម៉ោងក្រោយហេតុការណ៍នោះ មនុស្សជាច្រើននាក់ដែលកប់នៅក្នុងគំនរបាក់បែកមិនទាន់អាចជួយសង្គ្រោះបាននៅឡើយទេ។ ពួកគេត្រូវស៊ូទ្រាំនឹងមុខរបួសផង, ការអត់ចំណីអាហារផង និងអាកាសធាតុត្រជាក់រហូតដល់ក្រោមសូន្យអង្សាផង។
ត្រជាក់ដល់ថ្នាក់នេះធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការបំពេញការងារ។ អ្នករស់នៅនឹងកន្លែងកើតហេតុប្រាប់ថានៅពេលខ្លះ សីតុណ្ហភាពចុះត្រជាក់ដល់ដក១៨អង្សាក្រោមសូន្យ។ ក្រុមអ្នកជំនាញព្រមានថាអ្នកដែលកប់នៅក្រោមគំនរបាក់បែក និងដែលកំពុងមានជីវិតរស់នៅក៏អាចនឹងនឹងស្លាប់ទៅវិញផងដែរបើជួយសង្គ្រោះមិនទាន់ពេលវេលាទេ។ ក្រៅពីអ្នកស្លាប់ដូចរៀបរាប់ខាងលើនោះ មនុស្ស១៨៨នាក់ទៀតត្រូវរបួស។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានចិន។
យោងតាមទិន្នន័យបឋម ផ្ទះជាង៣៦០០ខ្នងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់ដោយសារការរញ្ជួយដីលើកនេះ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបន្តដាក់កម្លាំងជាង១៨០០នាក់នៅតំបន់រងគ្រោះដើម្បីពន្លឿនការស្វែងរក និងជួយសង្គ្រោះ។ កងទ័ព១៦០០នាក់ក៏បានចុះទៅកន្លែងកើតហេតុផងដែរ។ ប្រធានាធិបតីចិនអំពាវនាវហើយអំពាវនាវទៀតថាអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះមនុស្សទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ទូរទស្សន៍ជាផ្លូវរដ្ឋរបស់ចិនផ្សាយថាប្រជាជនជាង៣ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនជាបណ្ដោះអាសន្នចេញពីលំនៅដ្ឋានរបស់ខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំប្រទេសខ្លះដូចជារុស្ស៊ី ជប៉ុន តៃវ៉ាន់ និងសម្ដេចដាឡៃឡាម៉ាបានផ្ញើចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។ ក្រុមអ្នកផែនដីវិទ្យាអះអាងថាក្រោយការរញ្ជួយដីដ៏ធំនោះមានការរញ្ជួយដីតូចៗជាង៥០០ករណីទៀតកើតឡើងជាបន្តបន្ទាប់។ គ្រាន់តែថាមិនបង្កការខូចខាតអ្វីបន្ថែមទៀតទេ៕
ចែករំលែកព័តមាននេះ