ទីក្រុងវ៉ាស៊ីនតោន៖ ភ្លើងឆេះព្រៃបន្តឆាបឆេះយ៉ាងខ្លាំងក្លានៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងដែលតម្រូវឱ្យអាជ្ញាធរអំពាវនាវឱ្យប្រជាជនរស់នៅតំបន់គ្រោះថ្នាក់ប្រញាប់ជម្លៀសខ្លួនចេញជាបន្ទាន់។ រហូតមកដល់ពេលនេះ អាជ្ញាធរជម្លៀសមនុស្សយ៉ាងតិចបីម៉ឺននាក់។ នៅលើផ្ទៃមេឃពោរពេញដោយផ្សែងយ៉ាងខ្មៅងងឹតដែលគេគិតថាស្ថានភាពនឹងកាន់តែអាក្រក់ជាងនេះ។
នៅតាមដងផ្លូវនានាពោរពេញដោយសារការកកស្ទះនៃរថយន្តរបស់ប្រជាជនទាំងខ្សែៗដែលប្រវែងរាប់សិបគីឡូម៉ែត្រ។ ពួកគេខិតខំដឹកជញ្ជូនក្រុមគ្រួសារចេញពីតំបន់ប៉ាស៊ីហ្វិច ផាលីសាត (Pacific Palisades) ជាតំបន់ពាមសមុទ្រខាងលិចទីក្រុងឡូសអេនជើឡេស។ ទីនេះមានប្រជាជនរបស់នៅ២ម៉ឺន ៤ពាន់នាក់ និងសម្បូរពួកតារាៗរស់នៅច្រើន។
អាជ្ញាធរមូលដ្ឋានចាត់ទុកថានេះជាហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមិនធ្លាប់មាននៅក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយ។ ពួកគេបានចេញបញ្ជាឱ្យជម្លៀសមនុស្សចេញពីទីក្រុងសាន់តា ម៉ូនីកា (Santa Monica) កាលពីយប់មិញ។ ពួកគេអះអាងថាប្រជាជននៅទីនោះប្រឈមនឹងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិតរបស់មនុស្សបើពួកគេមិនព្រមចាកចេញជាប្រញាប់ទេ។
ទីក្រុងនេះស្ថិតនៅជាប់នឹងប៉ាស៊ីហ្វិច ផាលីសាត (Pacific Palisades) និងមានមនុស្សរស់នៅ៩ម៉ឺននាក់។ ភ្លើងនៅទីនោះបានដុតបំផ្លាញព្រៃឈើជាង១២០០ហិចតារ។ ក្រៅពីនេះ អាជ្ញាធរក៏ចេញបញ្ជាឱ្យជម្លៀសមនុស្សដែលរស់នៅតំបន់ដទៃទៀតផងដែរ។ គេមិនទាន់ដឹងថាតើភ្លើងឆេះព្រៃនេះបណ្ដាលមកបណ្ដាលមកពីអ្វីពិតប្រាកដទេព្រោះដំណើរការស៊ើបអង្កេតកំពុងបន្ត។ ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃលើកនេះ អាជ្ញាធរប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ យន្តហោះ និងឧទ្ធម្ភាគចក្រ៕
ចែករំលែកព័តមាននេះ