ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វខ្ទីងបង្ហាញវត្តមានមកលេងជាមួយគោអ្នកស្រុកនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ក្រុម​សត្វ​ខ្ទីង​មេ​-​កូន ដែល​ជា​សត្វ​ដ៏​កម្រ និង​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​បាន​បង្ហាញ​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ។ ពួក​វា​តែង​មក​ប្រលែង​លេង និង​រក​ចំណី​ជាមួយ​គោ​របស់​អ្នក​ភូមិ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ក្រុម​សត្វ​ខ្ទីង​មេ​-​កូន ដែល​ជា​សត្វ​ដ៏​កម្រ និង​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​បាន​បង្ហាញ​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ។ ពួក​វា​តែង​មក​ប្រលែង​លេង និង​រក​ចំណី​ជាមួយ​គោ​របស់​អ្នក​ភូមិ ។

បើ​តាម​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ បាន​ប្រាប់​ឱ្យ​ដឹង​ថា សត្វ​ខ្ទីង​មេ​កូន និង​ហ្វូង​សត្វ​ខ្ទីង​ខ្លះ​ទៀត ពួក​វា​តែង​បង្ហាញ​វត្ត​មាននៅ​ក្នុងភូមិ ភ្ញាក់រលឹក​ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។ ឆ្នាំ​២០២៤​កន្លង​មក ពួក​វា​បាន​មក​លេង​ជាមួយ​គោ​អ្នក​ភូមិ​ប្រមាណ​៣​ដង​ហើយ ដែល​ស្ទើរ​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ ។

បើ​តាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​តំបន់​មួយ​នេះ​បាន​បញ្ជាក់​ប្រាប់​ថា តាម​រយៈ​ការ​កត់សម្គាល់​នៃ​វត្តមាន​របស់​សត្វ​ខ្ទីង​ដែល​ក្នុង​នេះ​មាន​មេ និង​កូន បាន​បង្ហាញ​វត្តមាន​ក្នុងភូមិ​របស់​ប្រជា​សហគមន៍​ដែល​នៅ​ក្បែរ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ដែល​ក្នុង​នេះ​វា​បាន​មក​ចូល​ក្នុង​ហ្វូង​របស់​គោ​របស់​អ្នក​ភូមិ ។

ទាក់ទិន​ក្នុង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​ថ្លែង ដោយ​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ជីវចម្រុះ ដែល​ទាំងនេះ​ដោយសារ​តែ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ក្នុង​កិច្ច​ការពារ​ជីវចម្រុះ​នៅ​កម្ពុជា​ពិសេស​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​សំណូមពរ​ឱ្យ​ចូលរួម​ការពារ​ធនធានធម្មជាតិ​ដែល​ជា​ផ្នែក​មួយ​សំខាន់ មិន​ត្រឹមតែ​លើកកម្ពស់​ជីវចម្រុះ​នៅ​កម្ពុជា​ទេ តែ​វា​ក៏​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ការ​រក​ចំណូល​ដល់​ប្រជា​សហគមន៍​ថែម​ទៀត ។ កិច្ច​ការពារ​បាន​នៃ​ជីវចម្រុះ ជួយ​ឱ្យ​រក្សា​បាន​នូវ​លំនឹង​បរិស្ថាន​ក្នុង​តំបន់ ជា​ពិសេស​រក្សា​បាន​សត្វព្រៃ​ក្នុង​តំបន់​ធម្មជាតិ ដែល​នេះ​វា​ក៏​ជា​ការ​បន្សល់​ទុក​នូវ​កេរ្តិ៍​មរតក​ដល់​មនុស្ស​ជំនាន់​ក្រោយ​ជា​របស់​ដ៏​មាន​តម្លៃ​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​សោះឡើយ ។

យោង​តាម​ឯកសារ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា «​ខ្ទីង​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ដូច​ជា ភូមិភាគ​ឦសាន និង​ខាងជើង ខេត្តកោះកុង ពោធិ៍សាត់​(​ជួរ​ភ្នំក្រវាញ​) និង​កំពង់ស្ពឺ​» ។

សូម​បញ្ជាក់​ថា សត្វ​ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់ លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់កណ្ដាល​ខ្នង ហើយ​មា​នក​ខ្លី​បន្តិច រាង​មាំ​ដោយ​បួរ​នៅ​ផ្នែក​ខាងក្រោម ។ ចំណែក​ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះ​ក្រោម មាន​ពណ៌​ប្រផេះ រីឯ​នៅ​លើ​ថ្ងាស​មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​លឿង​មាស​ស្រាល ។

ខ្ទីង​ញី មាន​មាឌតូច និង​ស្នែង​តូច ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ ។ ស្នែង​ខ្ទីង មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅ​លើ​ដូច​ទន្សោង​ដែរ ។ ខ្ទីង​មាន​ទម្ងន់​ពី​៥០០-១០០០​គីឡូក្រាម ។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​១,៨៥-២​ម៉ែត្រ រីឯ​ញី​១,៦០​ម៉ែត្រ​។ សត្វ​ខ្ទីង វា​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់​ជាង​សត្វ​ទន្សោង ។

ប្រភេទ​អាហារ​ដែល​វា​ស៊ី​មាន​ដូច​ជា ល្បះ​ខ្ចី ទំ​ពាង ស្មៅ និង​វ​ល្លិ៍​ជាដើម ហើយ​ជា​ធម្មតា​ខ្ទីង​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច ។ ខ្ទីង ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ។ ចំពោះ​ខ្ទីង​ញី អាច​បង្កើតកូន​បាន​១ បន្ទាប់​ពី​ពរ​ពោះ​រយៈពេល​ពី​៩​ខែ រីឯ​កូន​របស់​វា​មាន​ពណ៌​ត្នោត រហូត​ដល់​វា​មាន​អាយុ​ពី​៤-៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ