រាជធានីភ្នំពេញ ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌ពីគណនីហ្វេសប៊ុក ឈ្មោះSithy Heng មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាការបំភាន់ព័ត៌មាន និងបំពានច្បាប់ព្រហ្មទណ្ឌ ។
យោងតាមសេចក្តីបដិសេធរបស់ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី៧ មករា ឆ្នាំ២០២៥ បានលើកឡើងថា ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភាន់ព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា ក្នុងនាមជាស្ថាប័ន សេនាធិការរាជរដ្ឋាភិបាល ទទួលខុសត្រូវលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មានទំនួលខុសត្រូវខ្ពស់ណាស់ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល ក្នុងនោះ ក៏រួមទាំងលើការងារប្រឆាំងអំពើពុករលួយ និងជាពិសេស ការបង្ក្រាបឧក្រិដ្ឋជនខុសច្បាប់ ។
ពោលគឺ មិនដូចសំណេរបង្ហោះចោទប្រកាន់បែបរវើរវាយរបស់គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នោះឡើយ ។ «នៅពេលសត្វសុនខត្រូវគ្រប់គ្រងដោយមេរោគ វាពិតជាដើរខាំគេឯងមិនរើសមុខ ដូចចាស់បុរាណ ឧទានតៗគ្នាមកមែន!»។ ក្នុងន័យនេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ជូនថា គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នេះ បង្កើតឡើងតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ម្ល៉េះ ហើយកន្លងមក ការបង្ហោះផ្សាយលើគណនីនេះ ក៏ពុំបានធ្វើឱ្យប៉ះពាល់ស្ថាប័នសាធារណៈ សិទ្ធិបុគ្គល ឬប្រយោជន៍សង្គមនោះឡើយ ។
ផ្ទុយទៅវិញ មានសកម្មភាពល្អៗដល់សង្គមជាតិជាច្រើន ត្រូវបានគណនីនេះបង្ហោះផ្សាយ ។ ក៏ប៉ុន្តែ មួយរយៈចុងក្រោយ គណនីដដែល ស្រាប់តែបង្ហាញរបៀបវារៈលើកតម្កើងខ្លួនជាបុគ្គលស្អាតស្អំ ដោយប្រើវិធីសាស្ត្រផ្សព្វផ្សាយបរិហារចោទប្រកាន់ គ្មានរើសមុខជាបន្តបន្ទាប់លើថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគ ។ កាន់តែហួសចិត្តទៀតនោះ ម្ចាស់គណនីនេះ ថែមទាំងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទៀតផង ។
ដើម្បីជាមូលដ្ឋានសម្រាប់ការពិចារណាឈរលើសច្ចធម៌ និងដើម្បីជម្រះមន្ទិលសាធារណជនដែលអាច ងឿងឆ្ងល់ថា ហេតុអ្វីក៏ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ Sithy Heng ចេះតែផ្សព្វផ្សាយបរិហារចោទប្រកាន់គេ ឯងយ៉ាងដូច្នេះ? ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមផ្តល់ព័ត៌មានសង្ខេបជូនថា ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចកម្ពុជាដាក់ក្នុងបញ្ជីនិវេទន៍ក្រហមតាមចាប់ខ្លួន បន្ទាប់ពីបុគ្គលនេះរងបណ្ដឹងនានា និងមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច។
ព្រោះហេតុដូច្នេះ ហើយបានជាបុគ្គលនេះ ប្រើបណ្តាញសង្គមផ្សាយព័ត៌មានបំភ្លៃ បំភ័ន្តចោទប្រកាន់លើគេឯងជាបន្តបន្ទាប់ ដោយបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាធ្លាក់អូសទាញប្រទេស ឬអង្គការមួយចំនួនណានោះ ឱ្យចេញមុខការពារខ្លួន ឬផ្តល់សិទ្ធិជ្រកកោនក្រោមលេសដូចដែលក្រុមប្រឆាំងអស់ក្បួននិយមធ្វើតៗគ្នាដោយ តាំងខ្លួនជាអ្នករងការធ្វើទុក្ខបុកម្នេញ ទាំងធាតុពិត ខ្លួនបានប្រព្រឹត្តសកម្មភាពបំពានច្បាប់យ៉ាងគគ្លីន ឬក៏អាចនិយាយមួយបែបទៀតថា ដើរប្រកាសឱ្យគេចាប់ចោរទាំងដែលខ្លួនជាចោរ ។ ភ្ជាប់ទៅ នឹងទិដ្ឋភាពច្បាប់ ទង្វើបុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនី Sithy Heng មិនមែនជាសេរីភាពបញ្ចេញមតិនោះឡើយ ។ ប៉ុន្តែច្បាស់ណាស់ សកម្មភាពទាំងនេះ ជាករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ឈរលើទស្សនៈមាសសុទ្ធមិនខ្លាចភ្លើង សូមម្ចាស់គណនី ឬបុគ្គលខាងលើនេះ បង្ហាញ សាធារណជនមក បើខ្លួនពិតជាមានភស្តុតាងច្បាស់ក្រឡែតថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបណា បានប្រព្រឹត្តអំពើពុករលួយ កាង ឬការពារក្រុមឧក្រិដ្ឋជន ខុសច្បាប់។ ដើម្បីសម្អាតភាពអាម៉ាស់ ដែលសាធារណជនកំពុងវាយតម្លៃថា ខ្លួនកំពុងវង្វេងវង្វាន់ឬយ៉ាងណា បានជាប្រើសម្ដីផង និងសំណេរបង្ហោះលើហ្វេសប៊ុកផង បង្កើតរឿងចោទប្រកាន់គេឯងដោយគ្មានទំនួលខុស ត្រូវយ៉ាងដូច្នេះនោះ សូមលោក ហេង សិទ្ធូ បញ្ចេញភាពក្លាហានបង្ហាញភស្តុតាងមក ជាពិសេសត្រង់ការចោទ ប្រកាន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត បានគាបសង្កត់ថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកប្រាក់ក្នុងពេលបំពេញការងារនោះ សូមលាតត្រដាងឱ្យមជ្ឈដ្ឋានទូទៅបានឃើញមក។
ប្រសិនបើគ្មានភស្តុតាងបញ្ជាក់ទេ សូមបញ្ឈប់ទៅ ការយកផលប្រយោជន៍ជាតិក្តី កិត្តិយសស្ថាប័នសាធារណៈក្តី កិត្តិយសនិងសិទ្ធិបុគ្គលដទៃក្តី ទៅធ្វើជាខែលការពារទង្វើខុសច្បាប់របស់ខ្លួន ឬដើម្បីគ្រាន់តែរំដោះភាពទាល់ច្រកណាមួយនៃរឿងរ៉ាវស្មុគស្មាញក្នុងជីវិតខ្លួន ចាប់ពីពេលនេះតទៅ។ ដូចបានបញ្ជាក់ជូនមកនេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏សូមអំពាវនាវ សាធារណជន កុំជឿលើការផ្សព្វផ្សាយយកជាការមិនបានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនី Sithy Heng ព្រមទាំងបញ្ឈប់សកម្មភាពចែករំលែករាល់ការផ្សព្វផ្សាយមានខ្លឹមសារផ្ទុយនឹងច្បាប់របស់បុគ្គលនេះ ។
ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមលើកទឹកចិត្តសាធារណជន រួមគ្នាប្រឆាំង ព័ត៌មានក្លែងក្លាយ តួយ៉ាងការប្រតិដ្ឋផ្សាយរវើរវាយដ៏ពុតត្បុតដូចបុគ្គលខាងលើបាននិងកំពុងប្រព្រឹត្ត ពីព្រោះ វាជា អាវុធបំពុលសង្គមប្រភេទថ្មីដ៏ពេញនិយម និងងាយនាំទៅរកមហន្តរាយទាំងលើបុគ្គល សង្គម និងជាតិទាំងមូល៕
ចែករំលែកព័តមាននេះ