(បរទេស) ៖ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយចិន ដែលធ្វើបច្ចុប្បន្នភាពត្រឹមម៉ោង ម៉ោង៤ល្ងាច នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា ចំនួនអ្នកស្លា.ប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិតដ៏ខ្លាំងក្លាបំផុតមួយ នៅតំបន់ស្វយ័តទីបេត៍ភាគខាងលិចប្រទេសចិនបានកើនឡើងដល់៩៥នាក់ហើយ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សជាច្រើនរយនាក់បានរងរបួស និងបាត់ខ្លួន ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីរបស់ប្រទេសចិន បានបញ្ជាក់ថា ការរញ្ជួយកម្រិត៦,៨ រិចទ័រ មានចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល75 គីឡូម៉ែត្រភាគឦសាននៃភ្នំអេវឺរ៉េស ហើយបានអង្រួនតំបន់ខ្ពង់រាបទាំងមូល និងឆ្លងកាត់ព្រំដែនទៅក្នុងប្រទេសនេប៉ាល់ នាវេលាម៉ោង៩ព្រឹក ក្នុងជម្រៅប្រសព្វ១០គីឡូម៉ែត្រ ។
ដោយឡែក បើតាមវិទ្យាស្ថានស្ទាបស្ទង់ភូគពសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា USGS បានដាក់កម្លាំងនៃការរញ្ជួយដីក្នុងកម្រិត៧,១ រ៉ិចទ័រ ។ USGS បាននិយាយនៅក្នុងសេចក្តីសង្ខេបនៃការរញ្ជួយដីនេះថា «តំបន់ខាងលើនេះមានប្រវត្តិនៃការរញ្ជួយដីដ៏សកម្មភានិងទ្រង់ទ្រាយធំ ។ ការទង្គិចគ្នារវាងបន្ទះប្លាកែតឥណ្ឌា និងអឺរ៉ាស៊ី បណ្តាលឱ្យករកើតជួរភ្នំហិម៉ាឡៃ ដែលត្រូវបានគេចាត់ទុកដំបូលផែនដី និងជាកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ។
យោងតាមរបាយការណ៍ក្នុងរយៈពេលមួយសតវត្សមុន មានការរញ្ជួយដីកម្រិត ៦រ៉ិចទ័រចំនួន១០ដង ។ ប៉ុន្តែគ្រោះរញ្ជួយដី នាថ្ងៃទី០៧ ខែមករា ដើមឆ្នាំ២០២៥នេះ គឺខ្លាំងក្លាជាងរាល់ដង ដោយញរ័រញ្ជួយក្នុងចម្ងាយដល់ទៅ២៥០គីឡូម៉ែត្រ និងបណ្តាលអោយផ្ទះរាប់ពាន់ខ្នងដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដីបានដួលរលំនិងបាក់បែកខ្ទិចខ្ទី ។
ក្រៅពីការរញ្ជួយដីដ៏ខ្លាំងនេះមានសេចក្តីរាយការណ៍ថា ទីតាំងខាងលើបន្តរងការរញ្ជួយដីបន្តបន្ទាប់យ៉ាងហោច៥០ដងក្នុងរយៈពេល៣ម៉ោងបន្ទាប់ ប៉ុន្តែមិនលើសពី ៤.៤ រ៉ិចទ័រនោះទេ ។ ប្រភពពី AP ក៏បានបញ្ជាក់ថា ក្រៅពីសម្លា.ប់មនុស្សយ៉ាងហោចណាស់៩៥នាក់ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយនេះក៏បានបណ្តាលឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានគេសង្ស័យថា ជាប់គាំងនៅក្រោមគំនរបាក់បែកនៃអគារ ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា មន្ត្រីក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា មនុស្ស១៣០ នាក់ផ្សេងទៀតបានរងរបួស ។ វីដេអូនៅលើទូរទស្សន៍ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះពាក់អាវពណ៌ទឹកក្រូច ឡើងលើគំនរកម្ទេចកម្ទីនៃផ្ទះអ្នកស្រុកដែលបានដួលរលំ ហើយភូមិជាច្រើនរងការខូចខាតយ៉ាងដំណំ ។
ក្រសួងគ្រប់គ្រងគ្រាអាសន្នបានបញ្ជូនមន្ត្រីពន្លត់អគ្គីភ័យ និងសង្គ្រោះប្រហែល ១៥០០នាក់ ដើម្បីដាក់ពង្រាយសម្រាប់ប្រតិបត្តិការស្វែងរកមនុស្សដែលបាត់ខ្លួន ជាមួយនឹងក្រុមទាហាន២០០នាក់ផ្សេងទៀត ។
លោកប្រធានាធិបតី Xi Jinping បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះប្រជាជន កាត់បន្ថយចំនួនអ្នកស្លា.ប់ និងផ្លាស់ប្តូរទីលំនៅថ្មី សម្រាប់ពលរដ្ឋដែលផ្ទះរបស់ពួកគរងការខូចខាត ។ ជាមួយគ្នានេះ មេដឹកនាំចិន ក៏បានបញ្ជូនមន្ត្រីជំនិត ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រីអោយចុះទៅដឹកនាំប្រតិប្តិការសង្គ្រោះដោយផ្ទាល់ថែមទៀតផង ។ ក្រៅពីតំបន់ទីបេ នៅឯប្រទេសនេប៉ាល់ឯណោះវិញ អាជ្ញាធរបានស្នើឱ្យមន្ត្រីជំនាញស្រាវជ្រាវរកអ្នកស្លា.ប់ ឬស្រង់របាយការណ៍ខូចខាតនៅតំបន់ភ្នំ Everest ដែលក្បែរនឹងចំណុចកណ្តាលនៃការរញ្ជួយ ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិនៅទីក្រុង Kathmandu បាននិយាយថា ប្រជាជននៅភាគឦសានប្រទេសនេប៉ាល់ មានអារម្មណ៍រងការរញ្ជួយយ៉ាងខ្លាំង ហើយពួកគេបាននាំគ្នារត់ចេញមកឈរតាមដងផ្លូវទាំងភ័យស្លន់ស្លោ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីរបួស ឬការខូចខាតដល់ផ្ទះសម្បែងនោះទេ ៕
ចែករំលែកព័តមាននេះ