បរទេស ៖ អ្នកជំនាញផ្នែកអនាម័យចំណីអាហារនៅសហរដ្ឋអាមេរិកម្នាក់ ដែលតែងតែចែករំលែកអំពីប្រធានបទសុខភាពតាមរយៈគណនី TikTok ដែលមានឈ្មោះថា @hydroxide បានព្រមានទៅដល់សាធារជនពីហានិភ័យនៃការពុលអាហារដែលបង្កឡើងដោយបន្លែសណ្តែកបណ្តុះ ដែលមិនខុសពីអយស្ទើ ដែលគ្រប់គ្នានិយមបរិភោគពួកវាទាំងឆៅនោះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខៅសធ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។
អ្នកជំនាញរូបនេះបានឱ្យដឹងថា សណ្តែកបណ្តុះ ជាបន្លែសម្បូរទៅដោយវីតាមីន C និងម៉ាញ៉េស្យូម ប៉ុន្តែភាគច្រើនបន្លែមួយប្រភេទនេះ ត្រូវបានគេយកទៅលាយជាមួយអាហារជាច្រើនមុខមិនថា សាឡាដ សាំងវិច បរបគ្រឿង គុយទាវជាដើម ទាំងឆៅ ឬក៏ស្រុះទឹកក្តៅ តិចតួចតែប៉ុណ្ណោះ ដែលធ្វើអោយពួកវាក្លាយជាអាហារដែលមានហានិភ័យខ្ពស់ និងជាប្រភពនៃបាក់តេរីគ្រោះថ្នាក់ ។
អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារនិយាយថា បាក់តេរីឆ្លងរាលដាលយ៉ាងរហ័សនៅក្នុងរដូវត្រជាក់ ពួកវាចូលចិត្តនៅកន្លែងដែលក្តៅហប់ងងឹត ហើយសើមជាប់ ។ ជាក់ស្តែងទីតាំងដែលគេដាំសណ្តែកបណ្តុះ គឺស្ថិតក្នុងបរិស្ថានដែលស៊ីជាមួយចំណង់ចំណូលចិត្តរបស់បាក់តេរី ដូចនេះហើយតើសណ្តែកបណ្តុះប្រមូលផ្តុំទៅដោយបាក់តេរីអ្វីខ្លះទៅ?
អ្នកជំនាញបន្ថែមថា សណ្តែកបណ្តុះខុសពីបន្លែផ្សេង ដែលគេនិយមបរិភោគឆៅ ឬស្រុះអោយស្រពាប់បន្តិចតែប៉ុណ្ណោះ ដូចនេះវានឹងមានហានិភ័យនៃការពុលអាហារ ។ ការសិក្សាមួយពីសាកលវិទ្យាល័យនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកបានរាយការណ៍ថា ចំនួនអតិសុខុមប្រាណនៅលើគ្រាប់ពូជដែលរៀបនឹងលូតលាស់អាចកើនឡើងដល់១ពាន់លាន ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីចេញពន្លក ។
ដូចនេះហើយ សណ្តែកបណ្តុះ អាចត្រូវបានបំពុលដោយបាក់តេរីបង្កគ្រោះថ្នាក់ដូចជា E.coli, Listeria និងSalmonella ដែលអាចបណ្តាលឱ្យមានរោគសញ្ញាពុលអាហារ ដូចជា រាគ ក្អួត ចង្អោរ ឈឺពោះ និងក្តៅខ្លួនខ្លាំង ហើយវាក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល អស់កម្លាំង និងឈឺចុកចាប់ និងគ្រុនញាក់ផងដែរ ។ រោគសញ្ញានៃការពុលអាហារទាំងនេះ ជាធម្មតាចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងបន្ទាប់ពីទទួលទានអាហារដែលមានមេរោគ ប៉ុន្តែក្នុងករណីខ្លះ វាអាចចំណាយពេលដល់ទៅមួយសប្តាហ៍ ទើបរោគសញ្ញាលេចឡើង ។
ជាក់ស្តែងយោងតាមរបាយការណ៍នៅសហរដ្ឋអាមេរិក ចន្លោះឆ្នាំ២០១៣ និង២០២៣ ចំនួនអ្នកជំងឺដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពាក់ព័ន្ធនឹងករណីពុលអាហារដែលបង្កឡើងដោយបាក់តេរីក្នុងពោះវៀន Salmonella អាចឈានដល់គ្រោះថ្នាក់ស្លា.ប់បាត់បង់ជីវិតជាញឹកញាប់ បន្ទាប់ពីពួកគេបរិភោគបន្លែ និងសាច់ឆៅ បានកើនឡើង៧៩ភាគរយ។
ទន្ទឹមនឹងនេះដែរ បាក់តេរី E. coli និង Campylobacter ក៏បានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៣ ។ ក្រៅពីសណ្តែងបណ្តុះអ្នកជំនាញផ្នែកអនាម័យចំណីអាហាររូបនេះ ក៏បានបង្ហោះវីដេអូទី២ អំពីអាហារដែលនាងតែងតែជៀសវាងក្នុងនាមជាអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារនោះ គឺអយស្ទ័រឆៅ ដោយនាងនិយាយថា អយស្ទ័រមានគ្រោះថ្នាក់ក្នុងការបរិភោគ ព្រោះគ្មាននរណាម្នាក់ដឹងពីកន្លែងនេសាទពិតប្រាកដ និងគ្មាននរណាម្នាក់ដឹងពីប្រភពទឹកច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ