ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកឡានទៅលាង​ផ្ញើសោ​ប៉ះចំចោ.រ.យកឡានទៅលាងកន្លែងផ្សេង​ដូរបាន​ម៉ូតូ១គ្រឿង​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត​ជូន​ម្ចាស់​ដើម​វិញ​ហើយ បន្ទាប់ពី​ចោរ​បាន​លួច​ពី​កន្លែង​លាង​រថយន្ត​មួយ​នៅ​ខណ្ឌ​៧​មក​រា យក​ទៅ​ប្លុង​ចោល​នៅ​កន្លែងលាង​រថយន្ត​ផ្សេង​ទៀត រួច​ខ្ចី​ម៉ូតូ​អ្នកបម្រើ​ការនៅ​ទីនោះ​ជិះ​គេចខ្លួន​ទៅ​បាត់ ។…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត​ជូន​ម្ចាស់​ដើម​វិញ​ហើយ បន្ទាប់ពី​ចោរ​បាន​លួច​ពី​កន្លែង​លាង​រថយន្ត​មួយ​នៅ​ខណ្ឌ​៧​មក​រា យក​ទៅ​ប្លុង​ចោល​នៅ​កន្លែងលាង​រថយន្ត​ផ្សេង​ទៀត រួច​ខ្ចី​ម៉ូតូ​អ្នកបម្រើ​ការនៅ​ទីនោះ​ជិះ​គេចខ្លួន​ទៅ​បាត់ ។ ទោះជា​បែប​ណា ម្ចាស់​ម៉ូតូ​គឺជា​ជន​រង​គ្រោះ​ជំនួស​ម្ចាស់​រថយន្ត​វិញ ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ នៅ​កន្លែង​លាង​រថយន្ត​មាន​យីហោ Car Spa ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧មក​រា ។

តាម​ម្ចាស់​រថយន្ត​ម៉ាក​ស្តា​រុ​ិ​ច ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BA-៤៤៣១ និយាយ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៥១​នាទី​ព្រឹក​ថ្ងៃនោះ គាត់​បាន​យក​រថយន្ត​ទៅ​លាង​នៅ​កន្លែង​លាង​រថយន្ត Car Spa ។ នៅ​ពេល​ទៅ​ដល់បាន​ចុះ​ពី​រថយន្ត​ហើយ​ហុច​សោ​ឲ្យ​ទៅ​បុរស​ម្នាក់ ព្រោះ​ស្មានថា​ជា​អ្នកបម្រើ​ការ​នៅ​ទីនោះ ។

ប៉ុន្តែ​ដោយសារ​នៅ​ចាំ​គេ​លាង​រថយន្ត​យូរ​ពេក​ក៏​ទៅ​សួរ​ទើប​ដឹង​ថា បុរស​ដែល​ទទួល​សោ​រថ
យន្ត​ពី​គាត់​នោះ​មិនមែន​ជា​អ្នកបម្រើ​ការ​នៅ​កន្លែង​លាង​រថយន្ត​ទេ ទើប​មានការ​ភ្ញាក់ផ្អើល​ថា ចោរ
លួច​រថយន្ត​របស់​គាត់ និង​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​បឹង​ព្រលិត ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត ។
ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​ដំណឹង​ថា ជន​នោះ​បាន​បើករថយន្តគាត់​ពី​កន្លែង​លាង​រថយន្ត​ខាងលើ ទៅ​ប្លុង​ចោល​នៅ​កន្លែង​លាង​រថយន្ត​មួយទៀត​មាន​យីហោ​ឆាយ ហ៊ា​ង នៅ​ដី​ឡូត៍​លេខ ១៦Eo ផ្លូវ​លេខ​៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

បន្ទាប់​មក ជន​នោះ​បាន​ប្រើ​ល្បិច​ទុក​រថយន្ត​នៅ​ទីនោះ ហើយ​សុំ​ខ្ចី​ម៉ូតូ​អ្នកបម្រើ​ការ​នៅ​កន្លែង​លាង​រថយន្ត ឆាយ ហ៊ា​ង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១KH-២៨៤៨ ជិះ​គេចខ្លួន​ទៅ​បាត់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ថា ជន​ដែល​ម្ចាស់​រថយន្ត​ហុច​សោ​ឲ្យ​ព្រោះ​ស្មានថា​ជា​អ្នកបម្រើ​ការ​នៅ​កន្លែង​លាង​រថយន្ត​នោះ ការ​ពិត​គឺ​ជនសង្ស័យ​នោះ​បាន​មក​សុំ​ថៅកែ​កន្លែង​លាង​រថយន្ត Car Spa ដើម្បី​បានការ​ងារ​ធ្វើ ប៉ុន្តែ​ថៅកែ​មិន​ឱ្យធ្វើ ទើប​ឈរ​នៅ​មុខ​កន្លែង​នោះ​និង​ឃើញ​រថយន្ត​មក​ដល់​ហើយ​ម្ចាស់​ហុច​សោ​ឲ្យក៏​ទទួល​រួច​លួច​យក​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត​ខាងលើ​ជូន​ម្ចាស់​វិញ ។ ចំណែក​ជនសង្ស័យ និង​ម៉ូតូ​ដែល​បាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​កំហូច​នោះ​តាម​ភិនភាគ​ដែល​ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ