ខេត្តកំពង់ស្ពឺ ៖ ទាល់តែសារព័ត៌មានចុះផ្សាយច្រើនអង្គភាពនិងតាមបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធករណីមានគេលួចសាងសង់សំណង់អាគារកម្ពស់ជិត១០ជាន់អត់ច្បាប់ និងបានសង់រំលោភយកដីចំណីប្រឡាយរបស់រដ្ឋផងនោះ នៅចំណុចប្រឡយ៦៥ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើទោះបីអាជ្ញាធរស្រុកធ្លាប់ចុះទៅហាមឃាត់ចំនួន៣លើករួចមកហើយនិងបានឲ្យផ្អាកដំណើរសាងសង់ក៏ដោយ ប៉ុន្តែម្ចាស់សំណង់ហាក់បីដូចជាមិនញញើត ព្រឺសម្បុរឬខ្លាចរអារអាជ្ញាធរនិងច្បាប់បន្តិចសោះឡើយ ពោលគឺម្ចាស់សំណង់អត់ច្បាប់នេះ នៅតែលួចបើកឲ្យជាងចូលធ្វើជាធម្មតាទៅវិញ។
ជុំវិញការសាងសង់សំណង់អត់ច្បាប់និងរំលោភដីចំណីប្រឡាយរដ្ឋនេះ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យការដ្ឋានសំណង់អគារដែលសាងសង់ខុសច្បាប់ និងរំលោភចំណីប្រឡាយ ស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមប្រភពព័ត៌មានពីផេក ផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធករណីសំណង់ខុសច្បាប់និងបានសង់រំលោភដីចំណីប្រឡាយរដ្ឋខាងលើ គេនៅមិនទាន់ឃើញមានការបញ្ជាក់ខ្លឹមសារលម្អិតជុំវិញករណីសំណង់ខុសច្បាប់ខាងលើនេះនៅឡើយនោះទេ។
ប៉ុន្តែបើតាម លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឲ្យដឹងថា ម្ចាស់សំណង់ឥតច្បាប់ខាងលើឈ្មោះ ហង្ស ចាន់នាង (ហៅហង្ស ស្រីមាន)។
សូមរំលឹកផងដែរថាកន្លងទៅ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីក៏ធ្លាប់បានប្រាប់ឲ្យ សារព័ត៌មានថា លោកអភិបាលរងទទួលបន្ទុកថា សំណង់នេះអត់ច្បាប់នោះទេ ហើយរដ្ឋបាលស្រុកបានឃាត់ចំនួន០៣លើកមកហើយ ម្ចាស់នោះតែងតែលួចលាក់ នឹងធ្វើបន្ត ទោះបីជាមានការឃាត់ច្រើនលើកក៏ដោយ ករណីនេះ រដ្ឋបាលស្រុកនឹងសុំគោលការណ៍ និងវិធានការបន្តពីរដ្ឋបាលខេត្ត និងជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត។
ទាក់ទិនករណីខាងលើនេះ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺក៏មិនបានចូលរួមជួយបំភ្លឺជុំវិញករណីខាងលើទេ ដោយលោកបានព្យាយាមគេចវេសពីអ្នកសារព័ត៌មាន ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូលទៅកាន់លោក លោកតែងតែនិយាយថា លោកជាប់ប្រជុំ និងបានចុចទូរស័ព្ទបិទតែម្ដង។ បន្ទាប់មកអ្នកសារព័ត៌មានក៏នៅតែព្យាយាមខលទូរស័ព្ទទៅកាន់លោកម្ដងទៀត ដើម្បីឲ្យលោកជួយបំភ្លឺ ចៀសវាងមានការភាន់ច្រឡំណាមួយ តែរាល់ពេលខលចូលគឺគ្មានមនុស្សលើកនោះឡើយ តើអាកប្បកិរិយាបែបនេះ អាចឆ្លុះបញ្ចាំពីក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមលោកជាមន្ត្រីជាអ្នកបម្រើរាស្ត្រដែរឬយ៉ាងណា? ។
បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យ អ្នកយកព័ត៌មានយើង ដឹងថា ប្រឡាយខាងលើនេះគឺជាប្រឡាយ៦៥ នៅក្នុងឆ្នាំ២០០៧ ក្រសួងបានធ្វើការស្ដារប្រឡាយនេះ និងដោយសារស្ថានភាពប្រឡាយមានសភាពតូច រដ្ឋក៏បានទិញដីពីប្រជាពលរដ្ឋពង្រីកបន្ថែមរហូតមានទំហំ៣០ម៉ែត្រ ប៉ុន្តែលោកមិនដឹងថា អាគារខាងលើនោះ គេធ្វើហើយមុនឬយ៉ាងម៉េចនោះទេ ហើយប្លង់ចេញមុនឬម៉េចទេ ហើយក៏មិនដឹងថា បានកាត់កងគ្នាឬក៏អត់នោះដែរ។ ក្រៅពីអាគារអត់ច្បាប់ខាងលើ លោកក៏បានលើកឡើងពីរោងចក្រធ្វើរបងរំលោភយកដីមាត់ប្រឡាយ៦៥ផងដែរដោយលោកថា របងនឹងដឹងតែខុសច្បាប់ហើយ ចិនបានធ្វើរបងលើដីរដ្ឋ ហើយលោកក៏បានទាមទារឲ្យវ៉ៃចេញដែរ ប៉ុន្តែលោកអត់ទាន់ដឹងថាវ៉ៃពេលណា។លោកញ៉ាញ់ ជាបហ៊ង បានបន្ថែមថា លោកបានបង្កើតគណៈកម្មការដើម្បីវាយរបងហ្នឹងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់កម្មករ។
លោកបានបន្តទៀតថា លោកដឹងថារោងចក្រធ្វើរបងរំលោភយកដីប្រឡាយមុនលោកឡើងមកធ្វើជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺទៅទៀត ហើយលោកក៏បានឲ្យវ៉ៃរបងចេញឲ្យអស់ដែរ ព្រោះលោកបានប្រជុំពីរបីដងហើយ ប៉ុន្តែមិនទាន់បានដំណើរការស្រួលបួល ព្រោះរោងចក្រគេកំពុងធ្វើការ បើវ៉ៃទៅ វាខុសខ្សែចង្វាក់ផលិតកម្ម តែលោកបានឲ្យគេគូសវាសប្លង់ហើយ តែក្រោយមកអត់លុយ ក៏ផ្អាកទៅ កាលកូវីដ១៩។ ប៉ុន្តែលោកអត់ពន្យាពេលទេ តែលោកអត់មានពេលវេលាណាមួយទៅអនុវត្តនៅកន្លែងនឹង ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ