អស់ពីជំងឺមួយចូលដល់ជំងឺមួយ ។ ដូចនេះ ហើយឥឡូវនេះជំងឺអាសន្នរោគដែលភាសាអង់គ្លេសហៅថា Cholera កំពុងសង្ស័យថា ផ្ទុះនៅទីក្រុងមួយនៅមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ ។ វាបានរុញអោយអាជ្ញាធរថៃដាក់ការប្រុងប្រយ័ត្ន…
អស់ពីជំងឺមួយចូលដល់ជំងឺមួយ ។ ដូចនេះ ហើយឥឡូវនេះជំងឺអាសន្នរោគដែលភាសាអង់គ្លេសហៅថា Cholera កំពុងសង្ស័យថា ផ្ទុះនៅទីក្រុងមួយនៅមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ ។ វាបានរុញអោយអាជ្ញាធរថៃដាក់ការប្រុងប្រយ័ត្ន ។ ដូច្នេះ អ្នកដែលពាក់ព័ន្ធនឹងវិស័យសុខភាពសាធារណៈនៅកម្ពុជា និងសាធារណជនក៏ត្រូវតែលើកកម្ពស់បញ្ហាអនាម័យ ដើម្បីបង្ការ និងការពារវាផងដែរ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ជាពិសេស គឺ The Nation បានឲ្យដឹងថា ថៃបានកំពុងតែដាក់ការប្រុងប្រយ័ត្ន និងលើកកម្ពស់ការបង្ការ និងទប់ស្កាត់បន្ទាន់មួយនៅក្នុងខេត្តតាក (Tak) ជាប់នឹងព្រំដែននៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីជំងឺនេះបានសម្លា.ប់មនុស្ស២នាក់ និងឆ្លងដល់មនុស្ស៣00 នាក់ផ្សេងទៀត នៅក្នុងទីក្រុង ស្វី កុកកូ (Shwe Kokko) ក្នុងប្រទេសមីយ៉ាន់ម៉ា ។
លោកវេជ្ជបណ្ឌិត ស៊ុផាឆូក វីឆាផានផាសិទ្ធ(Suphachok Wechaphanphaesat) អគ្គនាយកស្តីទីនៃការិយាល័យសុខភាពតំបន់របស់ថៃ បានឲ្យដឹងថា មន្ទីរពេទ្យនៅក្នុងទីក្រុងដែលសង្ស័យថា ផ្ទុះជំងឺនេះបានរកឃើញអ្នកជំងឺជាច្រើនកំពុងកើតជំងឺរាគរូសដែលជារោគសញ្ញានៃជំងឺអាសន្នរោគ បណ្តាលមកពីបាក់តេរីហើយអាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រសិនបើព្យាបាលមិនទាន់ ឬមិនត្រឹមត្រូវ ។
លោកបានបន្តថា តាមលទ្ធផលអ្នកជំងឺដែលបានធ្វើតេស្ត គឺឃើញវិជ្ជមាន ហើយនៅពេលនេះមន្ទីរពេទ្យថៃ នៅក្នុងខេត្តតាក បានកំពុងតែជួយផ្គត់ផ្គង់ថ្នាំ និងសម្ភារៈពេទ្យដល់មន្ទីរពេទ្យនៅកន្លែងដែលផ្ទុះ ។
ដើម្បីឆ្លើយតបនឹងករណីនេះ ក្រសួងសុខាភិបាលថៃបានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់មួយនៅខេត្តដែលជាប់តំបន់រងគ្រោះនៅមីយ៉ានម៉ា ដើម្បីត្រៀមវិធានការឆ្លើយតប ខណៈដែលកងកម្លាំងការពារព្រំដែននៅទីនោះ សិស្សសាលា និងសាធារណៈជនត្រូវបានជូនដំណឹងឲ្យអនុវត្តអនាម័យឱ្យបានហ្មត់ចត់ រួមទាំងការទទួលទានអាហារដែលឆ្អិនល្អ ។ តាមពិតទៅ ជំងឺអាសន្នរោគ គឺជាជំងឺចាស់មួយដែលផ្ទុះនៅលើពិភពលោកហើយត្រូវគេរកឃើញតាំងពីសតវត្សរ៍ទី១៩មកម្ល៉េះ ។ ជំងឺនេះស្ងាត់មកយូរហើយ តែប៉ុន្មានឆ្នាំចុងក្រោយ គឺមានការរាយការណ៍ផ្ទុះឡើងវិញ ប៉ុន្តែភាគច្រើនៅតែអាហ្វ្រិកទេ ។
ករណីនៅមីយ៉ាន់ម៉ា អាចជាករណីដំបូងដែលរីករាលដាលនៅអាស៊ីអាគ្នេយ៍ ហើយគេក៏មិនដឹងថា តើវាកើតឡើងយ៉ាងណានោះឡើយ ខណៈដែលកន្លងមក វាធ្លាប់ផ្ទុះតែនៅប្រទេសអាហ្វ្រិកដូចជា ប៊ូរុនឌី កាមេរូន កូម៉ូរ៉ូ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី កេនយ៉ា ម៉ាឡាវី ម៉ូសំប៊ិក នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង សាធារណរដ្ឋតង់ហ្សានី អ៊ូហ្គង់ដា ហ្សំប៊ី និងហ្ស៊ីមបាវ៉េ។ល។ មកដល់ពេលនេះ អ្នកស្រាវជ្រាវនៃអង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា វាឆ្លងរីករាលដាលលើអ្នកជំងឺប្រមាណជាពី១,៣ទៅ៤លាននាក់ ហើយអាចសម្លា.ប់មនុស្សពីជាង២ម៉ឺននាក់ ទៅជាង១៤ម៉ឺននៅក្នុងមួយឆ្នាំៗ ។
អ្នកជំងឺភាគច្រើនដែលឆ្លងច្រើនមានរោគសញ្ញារាគ និងក្អួត ហើយអាចស្លា.ប់បាន ប្រសិនបើអ្នកជំងឺខ្សោះជាតិទឹក ។ អ្នកជំងឺខ្លះដែលឆ្លងមិនមានរោគសញ្ញាទេ ប៉ុន្តែទោះបីជាយ៉ាងណាគេក៏អាចចម្លងមេរោគនេះបានពី១ថ្ងៃទៅដល់១០ ថ្ងៃ ។ ជំងឺនេះឆ្លង បណ្តាលមកពីបាក់តេរីតាមរយៈលាមកហើយរោគសញ្ញាវាអាចស្តែងចេញចាប់ពី១២ម៉ោងទៅ៥ថ្ងៃបន្ទាប់ពីអ្នកជំងឺឆ្លងបាក់តេរី ។ អ្នកដែលឆ្លងភាគច្រើន គឺមានរោគសញ្ញាស្រាល និងមធ្យម តែអ្នកធ្ងន់ធ្ងរ គឺអាចអស់ជីវិតដោយសារតែការរាគ និងក្អួតធ្វើឲ្យអស់ជាតិទឹកពីក្នុងខ្លួន ។
នៅកម្ពុជាធ្លាប់ឭជំងឺនេះយូរដែរហើយ ។ ដូច្នេះការផ្ទុះនៅមីយ៉ាន់ម៉ា ថ្វីត្បិតតែវាឆ្ងាយពីព្រំដែនកម្ពុជាមែន ប៉ុន្តែ គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា ដូច្នេះគប្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ។ នៅក្នុងករណីមានរោគសញ្ញារាគរូស ហើយក្អួតខ្លាំង គឺសូមប្រញាប់រកការព្យាបាលដែលត្រឹមត្រូវ ដើម្បីបង្ការ និងការពារការគ្រោះថ្នាក់ដល់ជីវិត។ យើងទាំងអស់គ្នាគប្បីលើកកម្ពស់ការរស់នៅស្អាត ហូបចុកស្អាត ហើយអនុវត្តក្បួនអនាម័យត្រឹមត្រូវពោល គឺលាងដៃជាមួយនឹងសាប៊ូ ហូបចុករបស់ដែលឆ្អិនល្អ ។
តាមរយ:ការរស់នៅស្អាត និងមានអនាម័យល្អនេះយើងមិនត្រឹមតែការពារមេរោគអាសន្នរោគនេះតែមួយមុខទេ យើងក៏អាចការពារមេរោគបង្កជំងឺផ្សេងៗជាច្រើនទៀតផងដែរ ។ សូមយកចិត្តទុកដាក់សុខភាពទាំងអស់គ្នា ហើយជូនពរបងប្អូនទាំងអស់មានសុខភាពល្អក្នុងការធ្វើដំណើរឈានចូលឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ