ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​ច្រើន គឺជា​រឿង​សំខាន់​ហើយ ប៉ុន្តែ​ប្រសិនបើ​យើង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មក​ម្តង​ហើយ​ឲ្យ​មក​ម្តងទៀត គឺជា​រឿង​រឹតតែ​សំខាន់ ។ ដូច្នេះ តើ​យើង​គួរ​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ហើយ​មក​ទៀត? រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហួត…

ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​ច្រើន គឺជា​រឿង​សំខាន់​ហើយ ប៉ុន្តែ​ប្រសិនបើ​យើង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មក​ម្តង​ហើយ​ឲ្យ​មក​ម្តងទៀត គឺជា​រឿង​រឹតតែ​សំខាន់ ។ ដូច្នេះ តើ​យើង​គួរ​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ហើយ​មក​ទៀត?

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​និយាយ​ថ្មី​ៗ​នេះ នៅ​ក្នុងអំឡុងពេល​បុណ្យ​សមុទ្រ​នៅ​កំពត​ថា ប្រទេស​កម្ពុជា​បាន​កត់ត្រា​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​ដល់​ទៅ​៦​លាន​នាក់​ក្នុង​អំឡុង​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤ ពោល គឺ​កើនឡើង​២២​ភាគរយ ។ លោក​បាន​និយាយ​ថា ផ្អែក​លើ​តួលេខ​នេះ កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ទទួល​បាន​ភ្ញៀវ​បរទេស​ប្រមាណ ៦,៧ លាន​នាក់ ក្នុង​ឆ្នាំ ២០២៤ ដែល​នឹង​លើស​ពី​កម្រិត​មុន​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០១៩ ។

នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​នានា​បាន​ចូលរួម​ទើប​យើង​អាច​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់​បែប​នេះ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ជោគជ័យ​នេះ​យើង​គួរតែ​បន្ត​រិះគិត​រួម​គ្នា​មួយ​ជំហាន​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ការ​ទាក់ទាញ​អ្នក​ថ្មី​ឲ្យ​មក​បន្ថែម​ទៀត ហើយ​ទាក់ចិត្ត​អ្នកទេសចរ​ចាស់​ឲ្យ​វិល​ត្រឡប់​មក​លេង​កម្សាន្ត និង​រីករាយ​នៅ​ក្នុង ដំណើរ​ទេសចរណ៍​នៅ​កម្ពុជា​ជា​ថ្មី ។

ជា​ទូទៅ​នៅ​ក្នុង​ផ្នត់គំនិត​របស់​អ្នកទេសចរ​ភាគរយ​នៃ​អ្នក​ដែល​ចង់​វិល​ត្រឡប់​មក​លេង​កម្សាន្ត​នៅ​កន្លែង ដែល​គេ​ធ្លាប់​មក គឺ​មាន​ភាគរយ​តិច ។ ជា​ទូទៅ​លុយ​ពិបាក​រក ដូច្នេះ​ពួក​គេ​មិន​ចង់​យក​លុយ​ដែល​គេរ​កដោយ​លំបាកទៅ​ដើរ​លេង​កម្សាន្ត​នៅ​កន្លែង​ដដែល​ៗ​ឡើយ ។ ពួក​គេ​ចង់​ចាយ​លុយ​របស់​គេ​ឲ្យ​ស្គាល់​កន្លែង​បាន​ច្រើន ដើម្បី​ទុកជា​ឯកសារ​កត់ត្រា​ប្រចាំជីវិត​របស់​ពួក​គេ​ម្នាក់​ៗ ។ ដូច្នេះ​វា គឺជា​កិច្ចការ​ដ៏​លំបាក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ប្រទេស​នៅ​ក្បែរ​ខាង​កម្ពុជា គឺ​អាច​ធ្វើ​បាន ។

តាម​ឯកសារ​មួយ​របស់​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​អះអាង​ថា ថៃ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រទេស​មួយ​ដែល មាន​ទេសចរណ៍​ខ្លាំង​ដោយ​ថៃ​អាច​មាន​ធ្នាក់​ទាក់ចិត្ត​អ្នកទេសចរ​បរទេស​ឲ្យ​វិល​ត្រឡប់​មក​លេង​កម្សាន្ត​នៅ​ថៃ​វិញ​នៅ​ក្នុង​ភាគរយ​ដ៏​ខ្ពស់​បំផុត ពោល គឺ​រហូត​ដល់​ទៅ​៦០​ភាគរយ​នៃ​អ្នក​ដែល​ធ្លាប់​មក​លេង​កម្សាន្ត​នៅ​ថៃ ។ នេះ គឺជា​រឿង​ជោគជ័យ​មួយ​នៅ​ថៃ​។

ចំណែក វៀតណាម​ទោះបីជា​មិន​អាច​សម្រេច​បាន​ច្រើន​ដូច​ជា ថៃ​ក៏​ពិតមែន ប៉ុន្តែ​វៀតណាម​មាន​អត្រា​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​កម្សាន្ត​នៅ​វៀតណាម​វិញ នៅ​ក្នុង​ចំនួន​ពី​៨​ភាគរយ ទៅ​១០​ភាគរយ​ផង​ដែរ ។ សម្រាប់​កម្ពុជា​យើង​វិញ​ប្រហែលជា​មិន​អត់​នោះ​ទេ ។ អ្នកទេសចរ​បរទេស​ដែល​ទៅ​ហើយ​មក​កម្សាន្ត​កម្ពុជា​វិញ ប៉ុ​ន្តៃ​ចំនួន​ក៏​មិនជា​ខ្ពស់​ឡើយ ។

ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ធ្លាប់​មក​ម្តង​ឲ្យ​ពួក​គេ​មក​ម្តងទៀត គឺជា​ទិដ្ឋភាព​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ។ ជា​ទូទៅ​អ្នកទេសចរ​ដែល​ធ្លាប់​មក​លេង​ម្តង​ហើយ​សម្រេចចិត្ត​មក​ម្តងទៀត មក​ពី​ពួក​គេ​មាន​អ្វី​ដែល​ពួក​គេ​ចាប់អារម្មណ៍ ហើយ​ជា​ទូទៅ​ក្រុម​អ្នកទេសចរ​ប្រភេទ​នេះ គឺ​ភាគច្រើន​អាច​ចំណាយ​កាន់តែ​ច្រើន​ជាង​មុន ហើយ​ការ​ស្នាក់​នៅ​ក៏​អាច​យូរ​ជាង​មុន​ផង​ដែរ ។ ក្នុង​ស្ថានភាព​បែប​នេះ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​រិះគិត​ចំណុច​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ក្នុងស្រុក​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត ។

ប្រសិនបើ​យើង​ជា​អ្នកទេសចរ​ហើយ​យក​លុយ​ទៅ​ចាយ​នៅ​ស្រុក​គេ យើង​នឹង​មាន​អារម្មណ៍ល្អ និង​ការ​ចង​ចាំ​ជា​ពិសេស នៅ​ពេល​ដែល​យើង​ទទួល​សេវាកម្ម​ល្អ រាក់ទាក់ និង​កក់ក្តៅ ។ ដូច្នេះ​ប្រតិបត្តិ​ករ និង​អ្នក​ផ្តល់​សេវាកម្ម​នានា​ត្រូវ​យល់​ចំណុច​នេះ ហើយ​នាំ​គ្នា​ផ្តល់​សេវាកម្ម​តាំងពី «​ក​» រហូត​ដល់ «​អ​» ឲ្យ​កាន់តែ​វិជ្ជមាន និង​ល្អ​ប្រសើរ ។ យើង​ត្រូវ​តែ​ផ្តល់​បទ​ពិសោធន៍​ក៏​ដូច​ជា ភាព​សំបូរ​បែប​នៃ​សេវាកម្ម ។ ដើម្បី​ទាក់ចិត្ត​គេ​មក​ហើយ​អោយមក​ម្តងទៀត យើង​គួរ​រួបរួម​គ្នា​រក​អ្វី​ដែល​ថ្មី​ៗ​ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​នៃ​សេវាកម្ម​របស់​យើង​ឲ្យ​បានជា​ប្រចាំ ។

ក្រៅពី​នេះ ការ​លើកទឹកចិត្ត​ក៏​ជា​កិច្ចការ​ដែល​គួរ​ពង្រឹង​ពីព្រោះ​វា​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរ​នានា​មានឱកាស​មក​ដើរ​លេង​ម្តងទៀត ។ កម្មវិធី​នៃ​ការ​បញ្ចុះតម្លៃ ឬ​កញ្ចប់​ពិសេស​សម្រាប់​អ្នកទេសចរ​ដែល​ត្រលប់​មក​វិញ​អាច​ជា​យុទ្ធនាការ​និង​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​គួរ​យកចិត្តទុកដាក់ ។ ជា​ឧទាហរណ៍ សណ្ឋាគា​និង​ភោជនីយដ្ឋាន គួរ​មាន​កម្មវិធី​បញ្ចុះតម្លៃ​សម្រាប់​អ្នក​ដែល​មក​ហើយ​មក​ម្តងទៀត ឬ​ក៏​កញ្ចប់​សេវាកម្ម​លើកទឹកចិត្ត​ផ្សេង​ៗ​ទៀត ។

សរុប​ទៅ​កិច្ចការ​ទាក់ទាញ និង​លើកទឹកចិត្ត​អ្នកទេសចរ​ដែល​ធ្លាប់​មក​លេង​ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​មក​វិញ ជា​ទូទៅ​លំបាក ។ ប៉ុន្តែ​យើង​គួរតែ​ត្រូវ​តែ​រិះគិត ហើយ​ចូលរួម​ពង្រឹង​យន្តការ​នេះ​ឲ្យ​បាន ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​យើង​រីក​ចម្រើន​ទៅ​មុខ​មាន​និរន្តរភាព ។
យើង​ទាំងអស់​គ្នា​គួរតែ​នាំ​គ្នា​រិះគិត​ចំណុច​នេះ ដើម្បី​ទាក់ទាញ​ទាំង​អ្នក​ចាស់ និង​អ្នក​ថ្មី​ព្រម​ៗ​គ្នា ។ បើ​យើង​អាច​ធ្វើ​បាន​នោះ​វិស័យ​ទេសចរណ៍​យើង​នឹង​បន្ត​រីក​ចម្រើន​ថែម​ទៀត ។ សូម​ខិតខំ ហើយ​បើ​យើង​អាច​ធ្វើ​បាន គឺ​យើង​អាច​រក​ចំណូល​បាន​ស្រួល​ពី​ទេសចរណ៍​ដែល​ជា​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ