នៅថៃកំពុងរងការភ័យខ្លាចនឹងការរីករាលដាលនៃមេរោគ Norovirus ដែលគេដឹងថា គឺជាករណីឆ្លងច្រើនកើតមានឡើងនៅក្នុងអំឡុងរដូវត្រជាក់ដូចជាបច្ចុប្បន្ននេះ ។ ជំងឺនេះជាជំងឺដែលងាយឆ្លងមួយប្រភេទហើយកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។ ជំងឺនេះហាក់នៅមិនទាន់បង្ហាញវត្តមាននៅកម្ពុជានៅឡើយទេ ហើយមហាជននៅក្នុងប្រទេសក៏ហាក់នៅមិនទាន់បានដឹងច្រើនអំពីករណីនេះនៅឡើយដែរ ។…
នៅថៃកំពុងរងការភ័យខ្លាចនឹងការរីករាលដាលនៃមេរោគ Norovirus ដែលគេដឹងថា គឺជាករណីឆ្លងច្រើនកើតមានឡើងនៅក្នុងអំឡុងរដូវត្រជាក់ដូចជាបច្ចុប្បន្ននេះ ។ ជំងឺនេះជាជំងឺដែលងាយឆ្លងមួយប្រភេទហើយកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
ជំងឺនេះហាក់នៅមិនទាន់បង្ហាញវត្តមាននៅកម្ពុជានៅឡើយទេ ហើយមហាជននៅក្នុងប្រទេសក៏ហាក់នៅមិនទាន់បានដឹងច្រើនអំពីករណីនេះនៅឡើយដែរ ។ ជំងឺនេះមិនមែនជាជំងឺថ្មីទេ ប៉ុន្តែទើបតែមានសេចក្តីរាយការណ៍នៅលើបណ្តាញសារព័ត៌មានថៃ និងបណ្តាញសង្គមថៃនៅប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ។
សារព័ត៌មាន the Nation បានរាយការណ៍ថា ក្រោយពេលដែលមានករណីផ្ទុះការរីករាលដាលនៃជំងឺនេះ ចំនួនសរុបជាង១.៤០០នាក់ នៅក្នុងសាលាមួយក្នុងខេត្តរាក់យ៉ង វាបានកំពុងបង្ករការភ័យខ្លាចនៅក្នុង ចំណោមសាធារណៈជនថៃ ។
ការរីករាលដាលនៃមេរោគ Norovirus ត្រូវបានសាធារណៈជនថៃបានធ្វើការផ្សព្វផ្សាយហើយចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានលើកឡើងថា កុំព្រួយបារម្ភ ជំងឺនេះថ្វីត្បិតតែវាឆ្លងខ្លាំង ប៉ុន្តែគេអាចការពារបាន ហើយវា គឺជាប្រភេទមេរោគបង្កជំងឺតែនៅក្នុងអំឡុងរដូវរងារដូចបច្ចុប្បន្ននេះប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះ លោកវេជ្ជបណ្ឌិត យ៉ុង ភូវូរ៉ាវ៉ាន់ (Yong Poovorawan) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡូងកន បានឲ្យដឹងថា វា គឺជាជំងឺដែលតែងតែបង្ហាញវត្តមាននៅក្នុងអំឡុងរដូវត្រជាក់នៅប្រទេសថៃ ។ លោកបានពន្យល់ថា កុមារ និងមនុស្សចាស់អាចគ្រោះថ្នាក់ដែរ ប៉ុន្តែប្រសិនបើពួកគេបានចាក់វ៉ាកសាំង គឺវាមិនអីឡើយ ហើយបានណែនាំដល់សាលា និងរោងចក្រឲ្យអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ norovirus ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងសក្តានុពលកុមារ ។
លោក ធីទិ សាវ៉ាអេងថាំ ( Thiti Sawaengtham) អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពនៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា មេរោគនេះ គឺឆ្លងលឿនហើយខ្លាំងគួរសមដែរ ហើយវាច្រើនឆ្លងចំពោះជនណាដែលមានប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនខ្សោយ ។
លោកបានបន្តថា មេរោគនេះត្រូវបានគេអះអាងថា គេរកឃើញវត្តមានវានៅតាមភោជនីយដ្ឋាន សាលារៀន និង តាមមធ្យោបាយដឹកជញ្ជូននានា ។ល។ លោកបានស្នើឲ្យប្រុងប្រយ័ត្ន ដោយសារមេរោគនេះវាអាចតោងជាប់តុ ទ្វារ និងអាហារ ។ វាគឺជាប្រភេទមេរោគមិនដូចជាមេរោគធម្មតាឡើយ ដោយសារតែវាមានភាពធន់នឹងថ្នាំសម្លាប់មេរោគទូទៅ កំដៅ និងទឹកលាងដៃដែលមានជាតិអាល់កុល ។
រោគសញ្ញានៃការឆ្លងលេចឡើងក្នុងរយៈពេលពី១២ ទៅ៤៨ ម៉ោង ហើយជាទូទៅអ្នកដែលឆ្លងមានអាការៈ ចង្អោរ គ្រុនក្តៅទាប ឈឺក្បាល ឈឺខ្លួន និងរាគ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ អ្នកជំងឺអាចជួបប្រទះការខ្វះជាតិទឹក ដែលជាប្រភពនៃភាពគ្រោះថ្នាក់ចំពោះជនចាស់ជរា និងកុមារតូចៗ ។
ដើម្បីបង្ការ និងការពារមេរោគនេះ សំខាន់ គឺការថែរក្សាអនាម័យល្អ ជាពិសេសការលាងដៃឱ្យបានហ្មត់ចត់បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹករួច ដើម្បីការពារការរីករាលដាលនៃមេរោគ ។ ការជៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលមានមេរោគ គឺចាំបាច់ផងដែរក្នុងការកាត់បន្ថយការឆ្លង ។
សរុបទៅ មេរោគនេះដូចជា មិនសាហាវ និងគ្រោះថ្នាក់ខ្លាំងគំរាមកំហែងអាយុជីវិតនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែចូលរួម និងចាត់វិធានការខ្លួនយើងនៅក្នុងការទប់ស្កាត់នឹងមេរោគនេះ ។ នៅក្នុងស្ថានភាពនេះ កម្ពុជាដែលស្ថិតនៅក្នុងតំបន់អាកាសធាតុជាមួយគ្នានឹងថៃក៏ត្រូវតែលើកកម្ពស់ការប្រុងប្រយ័ត្នផងដែរ ដើម្បីកុំអោយវាឆ្លង និងបង្ហាញរូបរាងឡើង សូមលើកកម្ពស់ការធ្វើអនាម័យផ្ទាល់ខ្លួន ។ ពាក្យថា ឈឺមិនស្រួលឡើយ ទោះជាជំងឺនេះវាស្រាលក៏ដោយ ក៏ការប្រុងប្រយ័ត្នគួរតែត្រូវយកចិត្តទុកដាក់ ដើម្បីការពាមេរោគនេះផង និងលើកកម្ពស់សុខមាលភាពខ្លួនយើងផងដែរ ៕
ចែករំលែកព័តមាននេះ